(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកម្លាំងអន្តរាគមន៍របស់កងពលមានទូក សម្ភារជួយសង្រ្គោះ និងមធ្យោបាយដឹកជញ្ជូន សហការជាមួយតំបន់ប្រតិបត្តិសឹករងខេត្ត កម្លាំងនគរបាល អាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងរុករកប្រជាពលរដ្ឋដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង ដែលហូរធ្លាក់ពីផ្នែកខាងលើ ក្នុងខេត្តបាត់ដំបង។
លោកមេបញ្ជាការកងពលបានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានប្រជាពលរដ្ឋរងគ្រោះជាង២០០គ្រួសាររងគ្រោះដោយសារទឹកជំនន់ និងរហូតមកដល់ថ្ងៃនេះ អាចកើនឡើងបន្ថែមទៀតដោយសារស្ថានភាពទឹកជំនន់។
លោកប្រាប់ភ្នាក់ងារព័ត៌មាន Fresh News កាលពីល្ងាចម្សិលមិញថា «អង្គភាពកងពលតូចថ្មើរជើងលេខ៥១ បានត្រៀមកម្លាំងអន្តរាគមន៍ជិត ១ពាន់នាក់ និងមានទូក សម្ភារជួយសង្រ្គោះ មធ្យោបាយដឹកជញ្ជូនតាមបទបញ្ជារបស់មេបញ្ជាការកងទ័ពជើងគោក និងយោធភូមិភាគទី៥ ត្រៀម២៤ម៉ោងលើ២៤ម៉ោង រង់ចាំមបទបញ្ជា»។
លោកបន្តទៀតថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ កម្លាំងងន្តរាគមន៍មួយផ្នែកក៏បានចុះជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកម៉ាឡៃចំនួន១១០ខ្នង ស្មើនឹង១១០គ្រួសារ ជួយរុករកសពប្រជាពលរដ្ឋលង់ទឹស្លាប់១លើក និងចុះជួយទប់ទំនប់អាងទឹកការពារ។
ក្រៅពីនោះ អង្គភាពក៏បានបញ្ជូនទូកជួយសង្រ្គោះចំនួន៣ទូក និងកម្លាំងខ្លះទៅជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរនៅខេត្តបាត់ដំបង តាមបទបញ្ចាយោធភូមិភាគទី៥ផងដែរ។
នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដោយអភិបាលខេត្ត បន្ទាយមានជ័យ លោក អ៊ុ រាត្រី, ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ និងមេបញ្ជាការអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ប៉ោន ប៊ិន បានដឹកនាំកម្លាំងសមត្ថកិច្ចជាច្រើននាក់ ចុះទៅចុះពិនិត្យស្ថានភាពទឹកលិច នៅខេត្តបន្ទាយមានជ័យ និងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ៕