(ភ្នំពេញ)៖ ក្រុមគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាម៉េរិក (CNRP-USA) ដែលមាននិន្នាការគាំទ្របុគ្គល កឹម សុខា បានចេញសេចក្តីប្រកាសមួយ សម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលលំអៀងទៅលើ លោក សម រង្ស៉ី ហើយវាយប្រហារលោក កឹម សុខា។
ប្រតិកម្មរបស់អ្នកគាំទ្រ លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពី វិទ្យុអាស៊ីសេរីផ្នែកខេមរភាសាផ្សាយព័ត៌មានមួយ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ អំពី «ចំណុចខ្វែងគំនិតគ្នា និងគន្លឹះរួមគ្នាវិញរបស់សង្គ្រោះជាតិ» ដែលរាយការណ៍ដោយ អ្នកស្រី ខែ សុណង ជាមួយនឹងការអត្ថាធិប្បាយថា៖ «.. ប៉ុន្តែជាការកត់សម្គាល់ គឺភាគីក្រុមលោក កឹម សុខា បានបង្កើនការវាយប្រហារទៅលើក្រុមលោក សម រង្ស៉ី ច្រើនជាង ខណៈក្រុមលោក សម រង្ស៉ី កំពុងជាប់ដៃប្រយុទ្ធតតាំងគ្រប់វិធីជាមួយគូបដិបក្ខដ៏ពិតប្រាកដរបស់ខ្លួន គឺរបបក្រុងភ្នំពេញ»។
ក្រុមអ្នកគាំទ្រលោក កឹម សុខា ចាត់ទុកថា ការលើកឡើងរបស់វិទ្យុអាស៊ីសេរីខាងលើនេះ គឺជាការសន្និដ្ឋានដោយគ្មានមូលដ្ឋាន ដែលនាំឱ្យសាធារណជនអាចវាយតម្លៃបានថា វិទ្យុអាស៊ីសេរីជាអង្គភាពសារព័ត៌មានខ្វះវិជ្ជាជីវៈ និងអព្យាក្រិត្យភាព ចំពោះក្រុមអ្នកប្រជាធិបតេយ្យទាំងពីរ។ ម្យ៉ាងទៀត វាជាការមូលបង្កាច់ និងទម្លាក់កំហុសដោយមិន សមហេតុផល និងមិនអាចទទួលយកបាន ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ដែលមានលោក កឹម សុខា ជាប្រធាន និងជាអ្នកកំពុងរងគ្រោះ។
ក្រុមគាំទ្រអតីតគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-USA) ទទូចដល់វិទ្យុអាស៊ីសេរី ឱ្យបញ្ឈប់ការផ្សាយដែលមានលក្ខណៈមូលបង្កាច់ និងទម្លាក់កំហុសគ្មានមូលដ្ឋានបែបនេះជាថ្មីទៀត ចៀសវាងមានការភាន់ច្រឡំពីសំណាក់មហាជន៕