(សៀមរាប)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងនគរបាលមូលដ្ឋាន បានទទួលព័ត៌មានពីប្រជាពលរដ្ឋអំពីជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូ ហើយកម្លាំងដាក់ពង្រាយ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យពីបទលួចកាច់ម៉ូតូ ដែលមានឈ្មោះ ឌីណា អាយុ២៩ឆ្នាំ ទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង ដែលជាបុគ្គលិកក្រុមហ៊ុន Open Net ។

វរៈសេនីយ៍ឯក ភឹង ចិន្ដារ៉េត នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី៣ ខែកុម្ភៈនេះថា ជនសង្ស័យខាងលើនេះ ត្រូវបានឃាត់ខ្លួនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ ហើយបើតាមចម្លើយសារភាព ក្រុមរបស់ពួកគេនេះ គឺមានគ្នា៤នាក់ បានរត់គេចខ្លួនរួច៣នាក់ ។ ដោយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោង១០៖៣០នាទី ពួកគេបានធ្វើសកម្មភាពលួចកាច់សោរម៉ូតូ C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ មួយគ្រឿង នៅចំណុចខាងលិចស្ទឹង ចម្ងាយពីវត្តស្វាយប្រមាណជា១០០ម៉ែត្រ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ថន ធន់ ភេទប្រុស អាយុ២១ឆ្នាំ នៅសង្កាត់សំបួរ ក្រុងសៀមរាប។

នៅថ្ងៃដដែល វេលាម៉ោង១៣៖៣០នាទី ពួកគេបានកាច់សោរម៉ូតូ C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ មួយគ្រឿង នៅចំណុចខាងលិច កេសកូល ស្ថិតក្នងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលជាកម្មសិទ្ធិរបស់ឈ្មោះ យង់ គឹមអូន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកវរៈសេនីយ៍ បានបញ្ជាក់ថា រហូតដល់ពេលនេះខាងសមត្ថកិច្ច បានកំណត់អត្តសញ្ញាណ ក្រុមជនសង្ស័យបានមួយចំនួនហើយ រួចនឹងបន្តតាមចាប់ខ្លួនពួកវាបន្តទៀត។ ពួកនេះគឺជាមុខសញ្ញាជើងចាស់ និងសកម្មក្នុងការលួចកាច់សោម៉ូតូ។ ក្រុមនេះមិនត្រឹមតែបានប្រព្រឹត្តអំពើលួចទេ គឺពួកវាបានក្លែងឯកសារសាធារណៈផងដែរ។ សម្រាប់ក្នុងប្រតិបត្តិការលើកនេះ សមត្ថកិច្ចដកហូតបាន កាត់ក្លែងក្លាយ និងផ្លាកលេខម៉ូតូ កំពង់ធំ 1F-8349 ក្លែងក្លាយដែរ ។ លោកបន្ថែមថា ពួកនេះបានធ្វើសកម្មភាពជិះម៉ូតូ ធ្វើជាធ្លាក់លុយ ពេលប្រជាពលរដ្ឋរវល់ចុះរើសលុយ ពួកគ្នាវានៅពីក្រោយ ចូលទៅយកម៉ូតូរបស់ប្រជាពលរដ្ឋតែម្ដង។ ក្រៅពីនោះពួកវា បានដើរតួជាអ្នករកទិញដី ឬលក់ដី ។ ជួលម៉ូតូឌុបៗចុះឌុបឡើង ហើយពេលដែលមានឱកាស ពួកវាខ្ចីម៉ូតូមួយភ្លែត រួចពួកវាស៊ីដាច់តែម្ដង៕