(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងមន្ត្រីមន្ទីរធនធានទឹក រួមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីអង្គភាព មានមន្ត្រីយោធា មន្ត្រីកងរាជអាវុធហត្ថ បានចុះទៅច្រកដីការ៉ុងដើម្បីទប់ទឹកនៅតាមចិញ្ចើមផ្លូវជាតិ ដោយសារតែជំនន់ទឹកភ្លៀង បានជន់ហូរពីលើផ្លូវជាតិលេខ៥ ប្រវែងជាង២០០ម៉ែត្រ ត្រង់ចំណុចភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។
ទោះជាយ៉ាងណា បញ្ហានេះតែទាន់ធ្វើឲ្យរាំងស្ទះនៃការធ្វើចរាចរណ៍ដល់អ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ៥ នោះឡើយ ដោយសារតែក្រុមការងាររបស់រដ្ឋបាលស្រុកសាមគ្គីមានជ័យ រួមនិងមន្ទីរពាក់ព័ន្ធនៅក្នុងខេត្ត បានចុះទប់ទាន់ពេលវេលា។ គេមិនទាន់ដឹងថាយ៉ាងណានៅឡើយនោះទេ ដោយនៅរង់ចាំមើលថាតើយប់នេះជំនន់ទឹកភ្លៀង នឹងបុកហូរចូលមកទៀតឬក៏យ៉ាងណា? ប្រសិនបើយប់នេះមិនមានជំនន់ទឹកភ្លៀងបុកមកបន្ថែមទៀតទេនោះ មានន័យថា និងមិនមានហេតុការណ៍ធ្ងន់ធ្ងរឡើយ។
លោកអភិបាលរងស្រុកសាមគ្គីមានជ័យ ដែលបានដឹកនាំក្រុមការងារចុះធ្វើការទប់ទឹកជំនន់ទឹកភ្លៀង ដែលហូរកាត់ពីលើផ្លូវជាតិលេខ៥ នៅចំណុចខាងនេះ បានផ្ដល់បទសម្ភាសន៍ជាមួយនឹងភ្នាក់ងារព័ត៌មាន Fresh News ថា នៅរសៀលថ្ងៃនេះរដ្ឋបាលស្រុក សហការជាមួយកងកម្លាំងទាំង៣ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន និងមន្ទីរជំនាញ បានច្រកដីក្នុងការ៉ុង ដើម្បីទប់ទឹកកុំឲ្យលិចផ្លូវជាតិលេខ៥ ហើយរង់ចាំមើលពីស្ថានភាពបន្តទៀត ដើម្បីបន្តវិធានការ៕