(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០។
ក្នុងពិធីនេះ ចូលរួមពី Mr.Nick Boresford តំណាងអ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា, តំណាង UNRC, UNRC, UNDP, UNFPA, UNICEF, តំណាងក្រសួង ស្ថាប័ន រាជរដ្ឋាភិបាលកម្ពុជា, តំណាងអភិបាល អភិបាលរង រាជធានី-ខេត្ត, តំណាងដៃគូអភិវឌ្ឍ, វិស័យឯកជន, អង្គការសង្គមស៊ីវិល, អង្គការមិនមែនរដ្ឋាភិបាល និងតំណាងសកលវិទ្យាល័យ ចូលរួមផងដែរ។
ថ្លែងក្នុងពិធី ទេសរដ្ឋមន្ដ្រី ឆាយ ថន បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃនេះ យើងទាំងអស់គ្នា ចូលរួមអបអរសាទរ និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវសមិទ្ធផលដែលយើងទាំងអស់គ្នា បានខិតខំរួមគ្នាសម្រេចបាន។ សមិទ្ធផលនេះ គឺជាការបង្ហាញឲ្យឃើញច្បាស់ ពីការប្រែក្លាយការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាសមាជិកមួយរបស់អង្គការសហប្រជាជាតិ ក្នុងការអនុវត្ត និងរួមចំណែកធ្វើឲ្យសម្រេចបានរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។
លោកថា លទ្ធផលនេះក៏ជាការបញ្ជាក់ឲ្យឃើញពីការរួបរួមសាមគ្គី និងសហការគ្នាយ៉ាងជិតស្និទ្ធពីគ្រប់ភាគីទាំងអស់ ទាំងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល ផែ្នកឯកជន និងភាគីដែលមានចំណែកពាក់ព័ន្ធផ្សេងទៀត ក្នុងការរួមចំណែកធ្វើឲ្យកើតមានឡើង នូវសមិទ្ធផលគួរទីជាមោទនៈ ដែលបាននិងកំពុងធ្វើការផ្សព្វផ្សាយនៅពេលនេះ។
ទេសរដ្ឋមន្ដ្រី ឆាយ ថន បានបន្តថា របាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជានេះ គឺជារបាយការណ៍សម្រាប់បំពេញបន្ថែម ដល់របាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិ ដោយស្ម័គ្រចិត្តឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើងដោយមានលក្ខណៈបន្ទាន់ តាមតម្រូវការជាក់ស្តែង គឺត្រូវចាប់ផ្តើមរៀបចំនៅខែកុម្ភៈឆ្នាំ២០១៩ និងត្រូវបញ្ចប់ឲ្យរួចរាល់នៅខែមិថុនា ឆ្នាំ២០១៩ ព្រោះរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិ ដោយស្ម័គ្រចិត្តឆ្នាំ២០១៩នេះ ត្រូវយកទៅបង្ហាញនៅក្នុងវេទិកាកម្រិតខ្ពស់ របស់អង្គការសហប្រជាជាតិ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាបុរីញូយ៉ក សហរដ្ឋអាមេរិក។
ដោយសារការរៀបចំមានលក្ខណៈបន្ទាន់ ពុំមានព័ត៌មាន និងទិន្នន័យគ្រប់គ្រាន់ សម្រាប់របាយការណ៍នោះ ជាពិសេសព័ត៌មាន និងទិន្នន័យឆ្នាំ២០១៩ សម្រាប់សូចនាករទាំងអស់របស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា។ ដើម្បីបំពេញបន្ថែមលើរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិ ដោយស្ម័គ្រចិត្តឆ្នាំ២០១៩ ក្រសួងផែនការបានផ្តួចផ្តើមរៀបចំ របាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា នេះឡើង ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធផ្សេងទៀត។
ក្នុងរបាយការណ៍វឌ្ឍនភាពនេះ លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា គោលបំណងសំខាន់ គឺបង្ហាញពីលទ្ធផល នៃការតាមដានត្រួតពិនិត្យនិងវាយតម្លៃ លើការសម្រេចបាន គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ដោយផ្អែកលើរបាយការណ៍បែបគុណភាព និងទិន្នន័យបែបបរិមាណ រហូតត្រឹមឆ្នាំ២០១៩។ លទ្ធផលដែលសម្រេចបានដោយ ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធនានានេះ គឺជាការរៀបចំនូវគម្រោងផែនការ និងសកម្មភាពនានា ដើម្បីអនុវត្តក្នុងគោលបំណង ធ្វើឲ្យសម្រេចបាននូវគោលដៅនានា នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជានេះ តាមវិស័យនីមួយៗ។
រដ្ឋមន្ដ្រីក្រសួងផែនការ ក៏បានថ្លែងអំណរគុណចំពោះក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា, ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស ការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNRC), កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA), មូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) ដែលបានផ្តល់នូវកិច្ចសហការគ្នាយ៉ាងស្អិតរមួត និងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ការអនុវត្តសកម្មភាពនានា ហើយរួមចំណែកដល់ការធ្វើឲ្យមានវឌ្ឍនភាព នៃការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា និងបានរួមចំណែកគាំទ្រដល់ដំណើរការ នៃការរៀបចំរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជានេះ។
លោកក៏បានសម្តែងនូវការអបអរសាទរ ចំពោះលទ្ធផលដ៏ល្អប្រសើរ ដែលទទួលបានក្នុងការធ្វើឲ្យសម្រេចបាន នូវចំណុចដៅនានា ក្នុងឆ្នាំដំបូងរបស់គោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០១៩នេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕