(ឧត្តរមានជ័យ)៖ អភិបាលខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា និងអភិបាលខេត្តបុរីរ៉ាំ ប្រទេសថៃ បានជួបពិភាក្សារឹតបន្តឹងចំណងសាម គ្គីភាពក្នុងនាមខេត្តជាប់របងគ្នា ព្រមទាំងជំរុញការបើកច្រកជប់គរគី ជាច្រកអន្តរជាតិ។ កិច្ចប្រជុំត្រូវបានធ្វើធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅខេត្តបុរីរ៉ាំ ប្រទេសថៃ ដែលភាគីកម្ពុជា ដឹកនាំដោយលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងភាគីថៃ ដឹកនាំដោយលោក សិរ៉ី ស៊ីហាក់ អភិបាលខេត្តបូរីរ៉ាំ។
លោក ស ថាវី បានស្នើឲ្យអជ្ញាធរខេត្តបូរីរ៉ាំ ពន្លឿនការបើកច្រកព្រំដែនជប់គរគី ឲ្យក្លាយជាច្រកអន្តរជាតិ ដើម្បីប្រជាពលរដ្ឋប្រទេសទាំងពីរ បានចេញចូលទំនាក់ទំនង និងធ្វើអាជីវកម្មជាមួយគ្នាកាន់តែងាយស្រួល។ លោកអភិបាលខេត្ត ក៏បានសំណូមពរអភិបាលខេត្តបូរីរ៉ាំ ដាក់អូស្កូចំនួន៩ទូរ ដើម្បីងាយស្រួលឲ្យមន្ត្រីកម្ពុជា ធ្វើការបានសមរម្យ។
អភិបាលខេត្តឧត្តរមានជ័យ ក៏បាស្នើឲ្យលោកអភិបាលខេត្តបូរីរ៉ាំ ជួយតបណ្តាញអគ្គិសនី ចូលតាមច្រកជប់គរគី ដើម្បីប្រជាពលរដ្ឋនៅស្រុកបន្ទាយអំពិល បានប្រើប្រាស់។ លោក ស ថាវី ក៏បានសម្តែងក្តីមោទនភាពផងដែរ ដែលក្នុងមួយរយៈកន្លងមកនេះ អាជ្ញាធរ កម្ពុជា និងថៃ សហការគ្នាបានល្អក្នុងនាមខេត្តជាប់ព្រំដែនតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ។
លោក សិរ៉ី ស៊ីហាក់ អភិបាលខេត្តបូរីរ៉ាំ បានសំដែងក្តីរំភើប និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើររបស់អភិបាលខេត្តឧត្តរមានជ័យនិងគណៈប្រតិភូ។
ចំពោះការបើកច្រកជប់គរគីជាច្រកអន្តរជាតិ លោក សិរ៉ី ស៊ីហាក់ត្រៃ ក៏បានយល់ឃើញដូចអភិបាលខេត្តឧត្តរមានជ័យផងដែរ ហើយលោកជំរុញឲ្យក្រុមការងារខេត្តទាំងពី ចុះសិក្សាឲ្យបានលឿន ដែលយ៉ាងយូរបំផុតនៅអាទិត្យក្រោយនេះ។ ចំពោះការសំណូមពរដាក់អូស្កូរចំនួន៩ទូ សម្រាប់មន្ត្រីបម្រើការងារ គឺលោកមិនជំទាស់ឡើយ។
ទាក់ទងការស្នើសុំតបណ្តាញអគ្គិសនីចូលច្រកជប់គរគី លោកនឹងខិតខំជួយជំរុញទៅគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ GBC ធ្វើយ៉ាងណាឲ្យបានលឿន។ លោក ស៊ីហាក់ត្រៃ បានឲ្យដឹងទៀតថា បច្ចុប្បន្នបង្គោលអគ្គិសនី បានទៅដល់ព្រំដែនហើយ។
ក្រោយបញ្ចប់កិច្ចប្រជុំភាគីទាំងពីរ បានជូនវត្ថុអនុស្សាវរីយ៍ឲ្យគ្នាទៅវិញទៅមក និងពិសារអាហារជាលក្ខណៈសាមគ្គី ដោយភាពស្និទ្ធស្នាល៕