(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងអ្នកដែលទទួលជ័យលាភីអាហារូបករណ៍ ទៅសិក្សានៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់។
ដោយឡែកកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០កន្លងទៅ ក៏មានជំនួបសំណេះសំណាលបែបនេះផងដែរ រវាងលោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាមួយមន្ត្រីរាជការជាជ័យលាភី ទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន។
ក្នុងឱកាសជំនួបទាំង២លើកនេះ ដែលមានជ័យលាភីចូលរួមសរុបចំនួន៣៨នាក់ លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសម្តែងការអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានប្រឡងជាប់ ទទួលអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសជប៉ុន អូស្ត្រាលី និង នូវែលហ្សេឡង់ ទៅសិក្សាថ្នាក់អនុបណ្ឌិត ក្នុងគ្រឹះស្ថានសិក្សាល្បីឈ្មោះនៅប្រទេសទាំងអស់នេះនាពេលខាងមុខ។
លោករដ្ឋមន្ត្រី ព្រុំ សុខា បានធ្វើការផ្តាំផ្ញើក្នុងនាមរាជរដ្ឋាភិបាល ចំពោះនិស្សិតអាហារូបករណ៍ទាំងអស់ ត្រូវក្តាប់ជាប់ឱកាសទទួលបានការអប់រំដ៏ថ្លៃថ្លានេះ ដោយត្រូវខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹង និងជំនាញពិតប្រាកដ ដើម្បីវិលត្រឡប់មកបម្រើមាតុភូមិ និងប្រជាជនយើងវិញឱ្យបានប្រសើរថ្លៃថ្លាថែមទៀត រួមចំណែកកាន់តែសកម្មក្លៀវក្លា ក្នុងបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសម្រាប់អនាគតរុងរឿង ថ្កុំថ្កើងរបស់ជាតិយើងជារៀងដរាប៕