(ភ្នំពេញ)៖ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលសម្រាប់ថវិកាជាតិបានចំនួន ៩ ០១៥.០៨ ប៊ីលានរៀល (ប្រមាណ ២ ២២៥.៩៥ លានដុល្លារអាមេរិក) កើនឡើង៣.៧១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។ នេះបើតាមសចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែតុលានេះ។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារគូសបញ្ជាក់ថា ឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្ហាញនូវសញ្ញា និងផលប៉ះពាល់ជាអវិជ្ជមាន មកលើចំណូលពន្ធ ជាពិសេសប្រភេទពន្ធ និងវិស័យសំខាន់ៗក្នុងត្រីមាសទី៣នេះ។
លោកបានរំលឹកដល់ប្រធានអង្គភាព ក្រោមឱវាទទាំងអស់ ត្រូវពង្រឹងកិច្ចសហការរវាងអង្គភាព-អង្គភាព ចំណុះអគ្គនាយកដ្ឋានពន្ធដារ និងអន្តរក្រសួង-ស្ថាប័ន និងដែល បានដាក់ចេញដោយអគ្គនាយកដ្ឋានពន្ធដារ ក្នុងន័យបង្កើន ប្រសិទ្ធភាព និងតម្លាភាព ដល់ការប្រមូលពន្ធ ព្រមទាំងបាន ក្រើនរម្លឹកនិងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់ថា ទោះបីជាមាន ផលប៉ះពាល់ដល់សេដ្ឋកិច្ច ដែល ជះឥទ្ធិពលពីជំងឺកូវីដ-១៩ អគ្គនាយកដ្ឋានពន្ធដារ ត្រូវបន្តពង្រឹង ផែនការសកម្មភាពបន្ថែម និងបន្តពង្រឹងវិធានការអន្តរាគមន៍ បន្ទាន់របស់រាជរដ្ឋាភិបាល ដើម្បីទ្រទ្រង់វិស័យទេសចរណ៍, វិស័យ អាកាសចរ, វិស័យកសិកម្ម និងការចិញ្ចឹមសត្វ, និងវិស័យកាម្មន្ត សាលទូទៅ និងវិធានការ អន្តរាគមន៍ានានាដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
លោកក៏បានណែនាំដល់គ្រប់ អង្គភាពឱ្យបន្តខិតខំពង្រឹងការ អនុវត្តច្បាប់ និងវិន័យការងារ ប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់។
ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រមូល ចំណូលពន្ធ និងឈានទៅសម្រេចឱ្យសម្រេចតាមផែនការដែល បានកំណត់ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយ កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវ វិធានការមួយចំនួនដូចខាងក្រោម ៖
* បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងន័យពង្រឹងការដោះដូរ ព័ត៌មានទៅវិញទៅមក ប្រកបដោយប្រសិទ្ធភាព ដើម្បីប្រមូលពន្ធឱ្យបានគ្រប់ជ្រុងជ្រោយ។
* បន្តពង្រឹងការប្រមូលអាករលើតម្លៃបន្ថែម តាមរយៈការពង្រឹងការអនុវត្តឱ្យបានជោគជ័យ នូវប្រព័ន្ធគ្រប់គ្រង អាករលើតម្លៃបន្ថែម (E-Vat) និងនវានុវត្តន៍ថ្មីៗបន្ថែមទៀត។
* បន្តផ្សព្វផ្សាយដល់អ្នកជាប់ពន្ធ និងបណ្តុះបណ្តាលមន្ត្រី ពន្ធដារគ្រប់ជាន់ថ្នាក់ អំពីពន្ធលើចំណេញមូលធន ដែល នឹងចាប់ផ្តើមប្រមូលចាប់ពីខែមករា ឆ្នាំ២០២១ នេះតទៅ។
* បន្តពង្រឹងការផ្តល់សេវាបង់ពន្ធលើអចនលនទ្រព្យ ដែល ត្រូវបានពន្យារពេលបង់ពន្ធសម្រាប់ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ និងផ្សព្វផ្សាយដល់អ្នក ជាប់ពន្ធឱ្យរួសរាន់មកបង់ពន្ធ លើអចលនទ្រព្យឆ្នាំ២០២០ ជៀសវាងរង់ចាំដល់ជិតផុតថ្ងៃកំណត់ ទើបមកបង់ជាហេតុនាំឱ្យមានការរង់ចាំយូរ។
* បន្តជំរុញពង្រឹងការផ្ដល់សេវា ការចុះបញ្ជីថ្មី/ការធ្វើបច្ចុប្បន្ន ភាព អចលនទ្រព្យ ការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្ម សិទ្ធិ អចលនទ្រព្យ នៅរាជធានីភ្នំពេញនិងនៅតាមបណ្តា ខេត្ត ដោយសហការ ជាមួយម្ចាស់អចលនទ្រព្យ និង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ជាអតិបរមា។
* ជំរុញការប្រមូលពន្ធលើវិស័យមួយចំនួន ដែលមានសន្ទុះ ខ្លាំងក្នុងកំឡុងពេលជំងឺកូវីដ-១៩ នៅមានសក្ដានុពល។
* បន្តពង្រឹង នឹងបណ្ដុះបណ្ដាលឱ្យបានគ្រប់ជ្រុងជ្រោយ បន្ថែម នូវប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសតាម ប្រព័ន្ធអនឡាញ (E-Filing) ដោយបន្តធ្វើការជាមួយ វិស័យឯកជន ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ព្រមទាំងង្រឹងសមត្ថភាពមន្ត្រីពន្ធដារពាក់ ព័ន្ធទាំងអស់ ក្នុងន័យធានាបាននូវប្រសិទ្ធភាពជាអតិបរមា ក្នុងការ អនុវត្តការប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងការដាក់លិខិត ប្រកាសតាមប្រព័ន្ធអនឡាញ (E-Filing)។
* ជំរុញ និងពន្លឿនការអនុវត្តការងារចុះបញ្ជីអាជីវកម្មតាមថ្នាលតែមួយ ដែលនេះជានវានុវត្តន៍ថ្មីរបស់រាជរដ្ឋាភិបាល សំដៅបង្កើនប្រសិទ្ធភាព បង្ករភាពងាយស្រួល និងពន្លឿន ការចុះបញ្ជីអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
* បន្តពិនិត្យ និងបង្កើនការយកចិត្តទុកដាក់បន្ថែមសម្រាប់ សំណើសុំផ្អាកសកម្មភាពអាជីវកម្មបណ្តោះអាសន្ន ដើម្បី ទប់ស្កាត់ការគេចវេះពន្ធ របស់សហគ្រាសខិលខូចមួយចំនួន។
* ពន្លឿននីតិវិធីដោះស្រាយបណ្តឹងតវ៉ា របស់អ្នកជាប់ពន្ធ ក្នុងន័យបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាដល់អ្នកជាប់ ពន្ធ ឱ្យបានកាន់តែប្រសើរ។
* បន្តជំរុញការគ្រប់គ្រងប្រមូលបំណុលពន្ធ ដើម្បីធានា បាននូវតម្លាភាពនៃការបង់ពន្ធ បន្ទាប់ពីការកំណត់ពន្ធផ្សេងៗ។
* ពង្រឹងនិងបញ្ជ្រាបវប្បធម៌បង់ពន្ធ និងផ្សព្វផ្សាយកាតព្វ កិច្ចសារពើពន្ធ ដល់អ្នកជាប់ពន្ធនិងសហគ្រាស តាម រយៈការធ្វើសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលផ្សេងៗដល់ អ្នកជាប់ពន្ធ និងមន្ត្រីពន្ធដារពាក់ព័ន្ធ។
* បន្តការយកចិត្តទុកដាក់ និងអនុវត្តបទបញ្ញត្តិថ្មីៗរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចជាសេចក្តីណែនាំលេខ ១៥៣០១ អពដ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះការលក់ទ្រព្យសកម្ម រូបីយរយៈពេលវែង និងសេចក្តីណែនាំលេខ ១១៥៨១ អពដ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ស្តីពីការអនុវត្ត អាករលើតម្លៃបន្ថែម ចំពោះការបញ្ចេញទ្រព្យសកម្ម អាជីវកម្ម។
លោក គង់ វិបុល បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ នៅតាមអង្គភាពក្រោម ឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបាន លទ្ធផលយ៉ាងល្អប្រសើរ ហើយនេះគឺជាជោគជ័យ និងជា សមិទ្ធផលរួម របស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល៕