(បន្ទាយមានជ័យ)៖ អភិបាលក្រុងសិរីសោភ័ណ លោក ហ៊ឹល រ៉ាយ៉ា បានបញ្ជាក់ថា រដ្ឋបាលក្រុងនឹងរៀបចំបំពាក់កាំមេរ៉ាសុវត្ថិភាព នៅចំណុចផ្សារចំការគរ (ផ្សារថ្មី) ដើម្បីតាមដានអ្នកចាក់សំរាមគ្មានសណ្តាប់ធ្នាប់ ក្រោមពីមានការសំណូមពរ ពីសំណាក់បណ្តាអាជីវករនៅចំណុចផ្សារខាងលើ ដែលកន្លងមក មានប្រជាពលរដ្ឋមកពីក្រៅយកសំរាម មកទុកនៅមុខផ្សារដែលធ្វើ ឱ្យប៉ះពាល់ដល់សណ្តាបធ្នាប់ផ្សារ ពិសេសជះក្លិនស្អុយធ្វើ ឱ្យពួកគាតដែលជាអាជីវករលក់ដូ នៅខាងមុខស៊ូទ្រាំមិនបាននៅក្លិនស្អុយទាំងនេះមិនបាន។
ការបញ្ជាក់បែបនេះ របស់លោក ហ៊ឹល រ៉ាយ៉ា បានធ្វើឡើងនៅក្នុងឱកាស ដែលលោកបានដឹកនាំក្រុមការងារ និងកម្លាំងចុះពិនិត្យ និងសម្អាតបរិស្ថាន នៅខាងមុខផ្សារចំការគរនី នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ក្រោយពីមានអ្នកយកសំរាមមកដាក់នៅមុខផ្សារ ដែលជាកន្លែងហាមឃាត់មិនឱ្យទុកដាក់សំរាម ពីព្រោះវាប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងបរិស្ថានផ្សារ។
ទន្ទឹមនឹងចំណាត់ការរបស់អាជ្ញាធរក្រុងនេះដែរ ក្រុមអាជីវករដែលលក់ដូរនៅផ្នែកខាងមុខផ្សារ បានគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងជាមួយចំណាត់នេះ ហើយពួកគាត់ក៏សង្ឃឹមយ៉ាងមុះមុតថា ចំណាត់នេះនឹងមានប្រសិទ្ធិ ធ្វើឱ្យអ្នកដែលតែងតែលួចចាក់សំរាម នៅពេលយប់លែងមាន ហើយនៅពេលដាក់កាំមេរ៉ាសុវត្ថិភាពនេះ នៅមានសកម្មភាពចោលសំរាម នៅចំណុចខាងលើនឹងកន្លែងដទៃទៀត អាជ្ញាធរក្រុងលេងមានការធ្វើ កិច្ចសន្យាទៀតហើយនឹងបញ្ចេញរូបភាពជាសាធារណៈ៕