(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសផ្លាស់ប្តូរ និងប្រគល់ភារកិច្ចប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ខេត្តត្បូងឃ្មុំ ចំនួន០៦រូប នៅក្នុងស្រុកមេមត់ និងស្រុកពញាក្រែក។
ពិធីនេះធ្វើឡើងក្រោមវត្តមានលោក ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ តំណាងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងមានការចូលរួមពីថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលស្រុកមេមត់ ស្រុកពញាក្រែក សាខាគយប្រចាំច្រកទ្វារ សាខាកាំកុងត្រូលខេត្ត ប្រធានច្រកទ្វារតាមបណ្ដាច្រកព្រំដែន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
មន្ត្រីទាំង០៦ច្រក រួមមាន៖
ទី១៖ លោក ហាស់ ពណ្ណរិទ្ធ ត្រូវបានតែងតាំងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីទន្លេចាម
ទី២៖ លោក កែវ សុខា ពីប្រធានច្រកទ្វារព្រំដែនទ្វេភាគីទន្លេចាម ទៅកាន់ប្រធានច្រកទ្វារព្រំដែនតំបន់ចាន់មូល ជំនួសលោក អ៊ុ ផលឡូត ដែលត្រូវទៅបម្រើការងារនៅអង្គភាពដើមវិញ
ទី៣៖ លោក មួន សុភាព បន្តជាប្រធានច្រកទ្វារព្រំដែនទ្វេភាគីដារ
ទី៤៖ លោក ស្រ៊ុន ណាត បន្តជាប្រធានច្រកទ្វារតំបន់ព្រំដែនទ្វេភាគីដូនរ័ត្ន
ទី៥៖ លោក តូច សុភា បន្តជាប្រធានច្រកទ្វារព្រំដែនតំបន់ទន្លូង
និងទី៦៖ លោក ផាន់ គឹមស៊ន ប្រធានច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង។
លោក ហ៊ាង សុភី នាយកស្តីទីទីចាត់ការធនធានមនុស្សសាលាខេត្តត្បូងឃ្មុំ បានអានសេចក្តីប្រកាសផ្លាស់ប្តូរ និងប្រគល់ភារកិច្ចប្រធានច្រកទ្វារទាំង០៦ ក្នុងឱកាសនោះ លោក ហាស់ ពណ្ណរិទ្ធ ត្រូវបានតែងតាំងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីទន្លេចាម តំណាងប្រធានច្រកទាំងអស់ បានឡើងប្តេជ្ញាចិត្តបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ រក្សាទំនាក់ទំនងជាមួយប្រទេសជិតខាងបង្ក្រាបរាល់បទល្មើសសេដ្ឋកិច្ច បទល្មើសផ្សេងៗ និងរក្សាសុខសណ្តាប់ធ្នាប់តាមបន្ទាត់ព្រំដែន ធានាសន្តិសុខជូនប្រជាពលរដ្ឋ។
លោក ពាង ណារិទ្ធ បានថ្លែងថា ប្រធានច្រកទ្វារមួយអាណត្តិមានរយៈពេល០២ឆ្នាំ ចំពោះការតែងតាំងផ្លាស់ប្តូរមុខតំណែង វាជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ដែលធ្វើឡើងដើម្បីផ្លាស់ប្តូរ បទពិសោធន៍នៃមុខតំណែងផ្សេងទៀត របស់ស្ថាប័នរដ្ឋតាមតម្រូវការចាំបាច់ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់ថ្នាក់លើ ដើម្បីលើកកម្ពស់សមត្ថភាពការងារ និងការដឹកនាំគ្រប់គ្រងសំដៅធ្វើឱ្យមានកំណែក្នុងប្រព័ន្ធការងារឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកអភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែល ប្រធានច្រកទ្វារព្រំដែនទាំងច្រកអន្តរជាតិ ច្រកទ្វេភាគី និងច្រកតំបន់អនុវត្តបានយ៉ាងល្អប្រសើរនាពេលកន្លងមក។
ជាមួយគ្នានោះ លោក ពាង ណារិទ្ធ បានណែនាំឲ្យប្រធានច្រក ដែលបានប្រកាសទទួលភារកិច្ចនាពេលនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ បន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង រួមសហការបង្ក្រាបរាល់បទល្មើសសេដ្ឋកិច្ច និងបទល្មើសនានាតាមបន្ទាត់ព្រំដែន។ មួយវិញទៀត បន្តធ្វើការសម្រួលការធ្វើចរាចរទំនិញចេញចូល ធានាគុណភាព សម្រាប់សុខភាពប្រជាពលរដ្ឋ ជាពិសេស ត្រូវរួមសហការជាមួយមន្ត្រីគយប្រចាំច្រក លើការយកពន្ធជូនរដ្ឋ ដែលជាប្រភពនៃសេដ្ឋកិច្ចជាតិ៕