(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញានាំយកគ្រឿងចក្រសាងសង់ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនទៅប្រើប្រាស់ក្នុងគម្រោងសាងសង់ផ្លូវនានា ជាពិសេសគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាប ដែលប្រមុខរាជរដ្ឋាភិបាល ទើបតែបានអនុម័តកាលពីពេលថ្មីៗនេះ ឱ្យសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ តាមគោលការណ៍និងចក្ខុវិស័យ ក្នុងការសាងសង់ផ្លូវឱ្យបានជាប់ រឹងមាំ និងប្រើប្រាស់បានយូរអង្វែង។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានប្តេជ្ញាដូចនេះនាព្រឹកទី១២ ខែតុលា ឆ្នាំ២០២០នេះ ក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រសាងសង់ ដែលជាជំនួយឥតសំណង របស់ប្រទេសជប៉ុនចំនួន១៥គ្រឿង ក្នុងតម្លៃទឹកប្រាក់ប្រមាណ៤.៥លានដុល្លារអាមេរិក តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយមានការចូលរួមពីលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក SUGANO Yuichi ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា តំណាងក្រុមហ៊ុន Marubini Protechs (TBC) និងតំណាងស្ថាប័នពាក់ព័ន្ធផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា បើទោះបីជាពិភពលោករួមទាំងកម្ពុជាត្រូវបានយាយីដោយជំងឺកូវី-១៩ ក៏ជំងឺនេះមិនបានរារាំងដល់ការអភិវឌ្ឍឡើយ ជាក់ស្ដែងគ្មានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធណាដែលអសកម្ម ឬលុបចោលនោះទេ ហើយពិធីប្រគល់-ទទួលនេះ ក៏ជាសកម្មភាពការងារក្រោមកិច្ចសហ ប្រតិបត្តិការ ដ៏ល្អរវាងកម្ពុជា និងជប៉ុនក្នុងការបន្តបេសកកម្មកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតផងដែរ។
លោកទេសរដ្ឋមន្ត្រី ក៏បានសម្ដែងនូវការដឹងគុណចំពោះស្ថាបនិកសន្តិភាព អរគុណសន្តិភាព និងអរគុណនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបានអភិវឌ្ឍប្រទេសតាំងចំណុចសូន្យរហូតដល់រីកចម្រើនលើគ្រប់វិស័យ ព្រមទាំងនាំមកនូវកេរ្តិ៍ឈ្មោះនិង កិត្តិយសលើឆាកអន្តរជាតិ។
ជាមួយគ្នានោះលោកមទេសរដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណតាមរយៈលោកឯកអគ្គរាជទូត MIKAMI Masahiro ជូនចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី បច្ចេកទេស ឥណទានកម្ចីសម្បទាន និងជំនួយឥតសំណងជាបន្តបន្ទាប់សម្រាប់សាងសង់ ស្ដារនិងអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ ផ្លូវ-ស្ពាន និងកំពង់ផែអន្តរជាតិ សម្រាប់ជួយសម្រួលដល់ចរាចរណ៍ដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារជាតិ និងអន្តរជាតិសំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។
សូមជម្រាបជូនថា៖ គម្រោងផ្តល់ជំនួយនេះមានឈ្មោះថា៖ ៖ ជំនួយឥតសំណងតាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ផ្គត់ផ្គង់ដោយក្រុមហ៊ុនគ្រឿងចក្រ Marubini Protechs ក្នុងតម្លៃទឹកប្រាក់ ៥០០លានយ៉េនជប៉ុន ស្មើនឹងប្រមាណ៤,៥ លានដុល្លារអាមេរិក ដែលរួមមាន៖ គ្រឿងចក្រចំនួន១៥ គ្រឿងគឺ៖ Road Stabilizer & Accessories (3 Units), Vibratory Single Drum Roller with CANOPY Stay (3 Units), Pneumatic Tire Roller (3 Units), Vibratory Tandem Roller (3 Units), Walk-behind Roller (3 Units), និង Spare Parts & Consumables ផងដែរ៕