(បាត់ដំបង)៖ ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលព័ត៌មានតាមបណ្តាញសង្គមថា ពលរដ្ឋមួយគ្រួសារ ជាប់គាំងដោយសារទឹកជំនន់ចំនួន៤ថ្ងៃ ហើយគ្មានស្បៀងអាហារសម្រាប់ទទួលទាន និងគ្មានអាជ្ញាធរអើពើរនៅឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ការចេញមកបកស្រាយ និងបំភ្លឺរបស់ក្រុមការងាររាជរដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីមានបុគ្គលឈ្មោះ សុខ សឿម រស់នៅភូមិឈូក ឃុំបាសាក់ ស្រុករុក្ខគិរី បានបង្ហោះវីដេអូលើបណ្ដាញសង្គម ថាខ្លួនត្រូវហែលទឹក៣ ទៅ៤ម៉ោង ដើម្បីរកកន្លែងគ្មានសុវត្ថិភាព ព្រោះផ្ទះរបស់គាត់ត្រូវទឹកលិច។ មិនតែប៉ុណ្ណោះ បុគ្គលរូបនេះបានចូលទៅ Comment ក្នុង Facebook Page របស់សម្ដេចតេជោ ហ៊ុន សែន ថាខ្វះស្បៀងអាហារដើម្បីទទួលទានថែមទៀតផង។

ក្រោយឃើញការបង្ហោះខ្លឹមសារបែបនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករុក្ខគិរី ដឹកនាំដោយឯកឧត្ដម សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា បានស្រាវជ្រាវ និងរកឃើញការពិតថា ចំពោះបុគ្គលឈ្មោះ សុខ សឿម ក្រុមការងាររួមជាមួយមេឃុំ បានយកទូកទៅអញ្ជើញគាត់២ដង នៅពេលដែលទឹកកំពុងជន់លិចខ្លាំង យកមកទីទួលសុវត្ថិភាព តែបុគ្គលនេះមិនព្រមមកតាមការស្នើសុំរបស់ក្រុមការងារនោះទេ ស្រាប់តែឃើញបុគ្គលនេះបានបង្ហោះវីដេអូ តាមបណ្តាញសង្គម សុំការជួយសង្រ្គោះពីអាជ្ញាធរទៅវិញ ដែលធ្វើឲ្យមានការភាន់ច្រឡំពីមតិសាធារណៈ នឹងធ្វើឲ្យប៉ះពាល់អារម្មណ៍ យ៉ាងខ្លាំងចំពោះក្រុមជួយសង្រ្គោះ។

ចំពោះ Comment ក្នុង Facebook Page របស់សម្ដេចតេជោ ហ៊ុន សែន រឿងអត់មានស្បៀងអាហារ និងជាប់គាំងដោយសារទឹកជំនន់នោះ ក្រុមការងារបញ្ជាក់ថា ផ្ទះរបស់លោក សឿម សុខ ទឹកបានស្រកទឹកអស់តាំងតែពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០មកម្ល៉េះ ដែលលោក សឿម សុខ អាចធ្វើដំណើរទៅណាក៏បានដែរ តាមចិត្តគាត់ចង់ដូចជា ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ដែលនៅជិតផ្ទះរបស់លោក និងទៅទទួលយកអំណោយមនស្សធម៌របស់សម្តេចក្រឡាហោម ស ខេង ពីលោកមេភូមិរបស់ខ្លួននៅ ភូមិឈូក ដែលខ្លួនធ្លាប់បានបដិសេដមិនទទួលយកកន្លងមក។

គួរជម្រាបថា រហូតមកដល់ពេលនេះ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករុក្ខគីរី បានចុះជួយសង្រោះបន្ទាន់តាមភូមិសាស្រ្ត ដែលជាទិសដៅទឹកត្រូវហូរទៅ ជាលទ្ធផលសង្រ្គោះ ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រឃុំបាសាក់ទាំងអស់ ចំនួន៥១៣គ្រួសារ ដោយក្នុងនោះ២៦៧គ្រួសារ បានយកមកដាក់នៅទីទួលសុវត្ថិភាព និង២៥៦គ្រួសារទៀត បានទៅស្នាក់នៅផ្ទះបងប្អូនរបស់ពួកគាត់។

បច្ចុប្បន្ន ក្រុមការងាររួមជាមួយអាជ្ញាធរ ឃុំ បានចែកអំណោយមនុស្សធម៌របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ដោយសារបាក់ទំនប់នេះ បានចំនួន ៥១៣គ្រួសារជាស្ថាពរហើយ ដោយក្នុងនោះ មួយគ្រួសារទទួលបាន មី១កេស ត្រីខ១យួរ និងអង្ករ២០គីឡូក្រាម រួមទាំងថវិកាបន្ថែមរបស់ក្រុមការងារ ក្នុងមួយគ្រួសារ៤០,០០០រៀល បន្ថែមទៀតចំពោះគ្រួសារដែលរងគ្រោះខ្លាំង៕

បុគ្គលឈ្មោះ សុខ សឿម ដែលចោទប្រកាន់អាជ្ញាធរ និងក្រុមការងារមិនចុះជួយដល់ប្រជាពលរដ្ឋ

ផ្ទះរបស់បុគ្គលឈ្មោះ សុខ សឿម ដែលមិនមានទឹកជន់លិច