(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្តីណែនាំក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ឲ្យអនុវត្តន៍ តាមការណែនាំមួយចំនួន អំឡុងពេលមានទឹកជំនន់ និងក្រោយពេលទឹកជំនន់។ នេះបើតាមសេចក្តីក្រើនរំលឹក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្រសួងសុខាភិបាល បានឲ្យដឹងថា អនុវត្តន៍ទៅតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ និងយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ និងតាមការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។
ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់សុខភាព អាយុជីវិតជនរងគ្រោះ និងមូលដ្ឋានសុខាភិបាលពីគ្រោះធម្មជាតិ ក្រសួងសុខាភិបាលសូមក្រើនរំលឹក
និងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍តាមការណែនាំ ដូចខាងក្រោមនេះ៖
១៖ អំឡុងពេលមានទឹកជំនន់៖
* មិនត្រូវចូលទៅក្នុងផ្ទះចាស់ ឬអាគារទ្រុឌទ្រោមព្រោះអាចប្រុតបាក់បែកបង្កឲ្យគ្រោះថ្នាក់។ មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹក នៅពេលធ្វើដំណើរដោយជិះទូក ឬកាណូតនៅពេលយប់ត្រូវមានភ្លើងបំភ្លឺ។
* ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ។
* ចំពោះស្រ្តីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមការកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ បើស្ត្រីគ្រប់ខែជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។
* ត្រូវនាំកូនៗរបស់លោកអ្នក ទៅចាក់ថ្នាំបង្ការតាមការកំណត់របស់គ្រូពេទ្យ និងផ្តល់អាហារដល់ពួកគេឲ្យបានត្រឹមត្រូវ។
* ត្រូវប្រុងប្រយ័ត្នចំពោះកុមារី និងក្មេងស្រីនៅទីទួលសុវត្ថិភាព ក្រែងមានអំពើហិង្សាផ្លូវភេទ។
* ត្រូវជួយមនុស្សចាស់ក្នុងក្រុមគ្រួសារលោកអ្នក និងមនុស្សចាស់ជិតខាង និងផ្តល់ការគាំទ្រដល់សមាជិកគ្រួសារ ឬកុមារពិការ ដូចជា ឈើច្រត់ រទេះរុញ ឬថ្នាំពេទ្យដែលគាត់កំពុងប្រើប្រាស់ជាប្រចាំមួយចំនួន ដែលជាតម្រូវការចាំបាច់របស់ពួកគាត់។
* ត្រូវប្រុងប្រយ័ត្នចៀសវាងនូវគ្រោះថ្នាក់លង់ទឹក ត្រូវការពារកុមារតូចៗមិនឲ្យចុះទឹក ពន្យល់កុមារពីគ្រោះថ្នាក់នៃការលង់ទឹក នាំកុមារទៅកន្លែងខ្ពស់ និងមានអ្នកថែទាំ ប្រើអាវពោង ឬប៊ីដុងជ័រគ្រប់ពេលកុមារចេញពីផ្ទះ។ ពេលធ្វើដំណើរតាមទូកមិនត្រូវដាក់ មនុស្សហួសកំរិត បើមានអ្នកណាម្នាក់លង់ទឹកត្រូវហៅជំនួយជាបន្ទាន់។
* ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអាសិរពិសផ្សេងៗ ដោយពិនិត្យឲ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរឧស និងគំនរឈើ។ ធ្វើដំណើរពេលយប់ ឬពេលធ្វើការងារត្រូវស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង ចៀសវាងកន្លែងដែលមានស្មៅស៊ុបទ្រប់ និងដាច់ខាតមិនត្រូវយកដៃទៅចាប់ពស់ ឬសត្វអាសិរពិស។ ក្នុងករណីមានសមាជិកគ្រួសារ ឬនរណាម្នាក់មានគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសទិច ឬខាំ ត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល។
* ដើម្បីចៀសវាងនូវជំងឺផ្សេងៗដូចជា ជំងឺរាក ជំងឺរាកមួល ពុល ជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ និងជំងឺដទៃផ្សេងទៀត
* ត្រូវបរិភោគទឹកស្អាតដោយប្រើធុងចម្រោះ ឬដាំទឹកឲ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្ខរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីន៥០០មីល្លីក្រាម ពីរគ្រាប់ អាចលាយទឹក ២០លីត្រ)។ ត្រូវលាងសម្អាតបន្លែ និងផ្លែឈើជាមួយទឹកស្អាត អាហារចម្អិនឲ្យបានត្រឹមត្រូវ និងឆ្អិនល្អ គ្របអាហារឲ្យបានជិត ដើម្បីការពាររុយរោម និងធូលីដីហុយចូល ព្រមទាំងសម្អាតកន្លែងធ្វើម្ហូប និងសម្ភារផ្ទះបាយ ដូចជា ចាន ឆ្នាំង ស្លាបព្រា ខ្វះ កាំបិតជ្រុញឲ្យបានស្អាត។ លាងសម្អាតដៃជាមួយសាប៊ូឲ្យបានញឹកញាប់ មុន និងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។
* ត្រូវធ្វើអនាម័យខ្លួនប្រាណឲ្យបានស្អាត ដោយងូតទឹកដុសសាប៊ូ កក់សក់ និងបោកសម្លៀកបំពាក់ឲ្យបានស្អាត ចៀសវាងនូវជំងឺសើស្បែក ពងទឹក និងកមរមាស់ជាដើម។
២៖ ក្រោយពេលទឹកជំនន់៖
* បន្តបរិភោគចំណីអាហារស្អាត ទឹកស្អាត និងអនាម័យខ្លួនប្រាណឲ្យបានស្អាត ដើម្បីចៀសវាងនូវជំងឺផ្សេងៗ។
* ត្រូវបន្តសម្រាន្តក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនចាញ់ និងជំងឺផ្សេងៗ។
* ត្រូវពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុតនាំឲ្យមានគ្រោះថ្នាក់ ប្រុងប្រយ័ត្នក្រែងមានសត្វពស់ ឬសត្វអសិរពិសផ្សេងៗ។ អនាម័យ បរិស្ថានជុំវិញ និងក្នុងផ្ទះ ព្រោះក្រោយពេលទឹកស្រកទៅ បានបន្សល់នូវភាពកខ្វក់ និងមេរោគជាច្រើនរស់នៅក្នុងទឹក ចៀសវាងនូវការដក់ទឹកជុំវិញផ្ទះ និងក្នុងផ្ទះនាំឲ្យមានដង្កូវទឹក កើតមូសខ្លា និងមូសដែកគោលអាចបង្កឲ្យមានជំងឺគ្រុនឈាម និងគ្រុនចាញ់ ស្តារ និងសំអាតអណ្តូងទឹកឡើងវិញមុននឹងប្រើប្រាស់ ព្រមទាំងជួសជុល
និងសង់បង្គន់ឡើងវិញ ដោយជានិច្ចកាលត្រូវបន្ទោរបង់ក្នុងបង្គន់គ្រប់ពេល។
ក្រសួងសុខាភិបាល បានបន្ថែមថា ក្រសួងបានផ្តល់ឱសថ និងវ៉ាក់សាំងពស់ចឹកបន្ថែមដល់ខេត្ត ដែលមានទឹកជំនន់ រួចហើយ។ បើមានតម្រូវការបន្ទាន់ សូមប្រធានមន្ទីរសុខាភិបាល ទាក់ទងមកលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ តាមរយៈទូរស័ព្ទលេខ ០១២ ៨៤២ ៩៦៦ ឬតាមប្រព័ន្ធតេឡេក្រាមកូវីដ- ១៩ (កូវីដសុខាភិបាល) ក៏បាន។
បើមានជំងឺឆ្លងរាតត្បាត សូមទាក់ទងមកលេខទូរស័ព្ទ ១១៥ (គ្មានថវិកាក្នុងទូរស័ព្ទ ក៏អាចហៅចូលបានដែរ)។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ ០១៧ ៩៩៩ ៥៨៦ ឬ ០១២ ៩២៥ ៧៤១៕