(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានប្រារព្ធទិវាក្មេងស្រីអន្តរជាតិឆ្នាំ២០២០ ក្រោមប្រធានបទ «លើកកម្ពស់ក្មេងស្រី ដើម្បីអនាគតភ្លឺស្វាង» ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងអនុវត្តការងារជាមួយដៃគូក្នុងការឆ្លើយតបទៅនឹងតម្រូវការដល់ក្មេងស្រី និងរួមជាមួយជាមួយស្ថាប័ន រាជរដ្ឋាភិបាល សង្គមស៊ីវិលពាក់ព័ន្ធ ដែលបានចូលរួមចំណែកក្នុងការឆ្លើយតបឲ្យបានសមស្របទៅនឹងបញ្ហារបស់ក្មេងស្រី និងជាពិសេសចំពោះក្មេងស្រីដែលងាយរងគ្រោះ និងកំពុងរស់នៅជាមួយមេរោគអេដស៍។
ទិវាក្មេងស្រីអន្តរជាតិឆ្នាំ២០២០ បានធ្វើឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយអធិបតីលោកវេជ្ជបណ្ឌិត ឡូត សុខខឿន អនុប្រធានមន្ទី សុខាភិបាលខេត្តកណ្តាល និងលោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង នាយកកម្មវិធីប្រចាំតំបន់ របស់អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍នៅកម្ពុជា (AHF) រួមទាំងមានការចូលរួមពីតំណាងអង្គការជាតិ និងក្មេងស្រីមកពីអង្គការ និងសហគមន៍ជាង៧០នាក់ផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង បានលើកឡើងថា ក្មេងស្រីទូទាំងសកលលោក ដែលមិនអាចទទួលបានសេវាសុខភាពគ្រប់ជ្រុងជ្រោយ និងក្មេងស្រីដែលកំពុង ប្រឈមមុខ និងក្លាយជាជនរងគ្រោះដោយអំពើហឹង្សា និងការលោភបំពាន ហេតុនេះពិភពលោកទាំងមូល កំពុងតែយកចិត្តទុកដាក់ ជាពិសេសស្ត្រី និងកុមារី ដែលកំពុង ប្រឈមមុខទៅនឹងបញ្ហាជាច្រើន ដែលធ្វើឲ្យរាំងស្ទះនៃការអភិវឌ្ឍរបស់ក្មេងស្រី ក្រុមគ្រួសារ និងប្រទេសជាតិទាំងមូល និងជាពិសេសគឺងាយទទួលរងគ្រោះ ពីការឆ្លងមេរោគអេដស៍។
AHF បានចូលរួមចំណែកក្នុងការជួយដោះស្រាយវិបត្តិនេះ តាមរយៈការបង្កើតព្រឹត្តិការណ៍សំខាន់ៗ និងកម្មវិធីជាច្រើនជាពិសេសកម្មវិធី គាំទ្រក្មេងស្រី Girls Act ដើម្បីក្មេង ស្ត្រីនៅតាមបណ្តាប្រទេសនានា រួមជាមួយកម្ពុជាដែរ។
លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា ទិវាក្មេងស្រីអន្តរជាតិឆ្នាំ២០២០នេះ បានប្រមូលផ្តុំគ្នាជាមួយក្មេងស្រី ស្ត្រីដែលរងផលប៉ះពាល់ និងកំពុងរស់នៅជាមួយមេរោគអេដស៍ ដែលនឹងធ្វើឲ្យមានសម្លេងកាន់តែរឹងមាំ ដើម្បីទាញឲ្យមានការយកទុកដាក់ និងសុច្ឆន្ទៈក្នុងការឆ្លើយតបទៅលើបញ្ហា ដែលកើតឡើងចំពោះក្មេងស្រី ដូចជាការអប់រំចូលរៀន សុខភាព ការទទួលបានសេវាគ្រប់ជ្រុងជ្រោយ ការរើសអើង ការរំលោភបំពាន អំពើហឹង្សាការទទួលបានសេវាអប់រំ សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ និងសិទ្ធ និងបញ្ហាផ្សេងៗទៀត ដែលជាឧបសគ្គដល់ការអភិវឌ្ឍន៍ និងការទទួលខុសត្រូវពីអនាគតរបស់ក្មេងស្រី។
លោកវេជ្ជបណ្ឌិត ឡូត សុខខឿន បានបញ្ជាក់ដែរថា មន្ទីរសុខាភិបាលខេត្តកណ្តាល និងអង្គការ AHF បានរៀបចំទិវាក្មេងស្រីអន្តរជាតិឆ្នាំ២០២០នេះ មានសុច្ឆន្ទៈ យកចិត្តទុកដាក់ និងអនុវត្តការងារជាមួយដៃគូក្នុងការឆ្លើយតបទៅនឹងតម្រូវការដល់ក្មេងស្រី ជាពិសេសក្មេងស្រីក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ ដែលមិនអាចទទួល សេវាសុខភាពបានគ្រប់ជ្រុងជ្រោយ និងក្មេងស្រីដែលកំពុងប្រឈមមុខ និងក្លាយជាជនរងគ្រោះដោយអំពើហឹង្សា និងរំលោភបំពាន។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ទិវានេះនឹងក្លាយជាឱកាសដើម្បីឱ្យសេវាសាធារណៈរបស់រដ្ឋ និងដៃគូ ជាពិសេសអង្គការមូលនិធិថែទាំអ្នកជំងឺអេដស៍ (AHF) ពិនិត្យរួមគ្នា លើចក្ខុវិស័យលើកកម្ពស់ក្មេងស្រី ដើម្បីអនុវត្តការងារជាមួយដៃគូ ក្នុងការជួយនិងគាំទ្រដល់ក្មេងស្រីឲ្យចៀសផុតពីការឆ្លងមេរោគអេដស៍ កាមរោគ និងការពារ សិទ្ធរបស់ក្មេងស្រី និងធ្វើយ៉ាងណាឲ្យក្មេងស្រីមានការជឿជាក់លើខ្លួនឯង និងមិនបោះបង់ចោលការសិក្សា និងគ្រប់គ្រងសុខភាពរបស់ពួកគាត់ ដែលនឹងធ្វើឱ្យពួកគាត់ ទទួលនូវអនាគតភ្លឺស្វាងដូចកុមារដ៏ទៃទៀត៕