(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ» ជូនសិក្ខាកាមគោលដៅ ដែលជាអភិបាលរងរាជធានី-ខេត្ត, មន្ត្រីដឹកនាំកម្រិតជំនាញទទួលបន្ទុកការងារពាក់ព័ន្ធការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើរពន្ធនៃរដ្ឋបាលរាជធានី-ខេត្ត និង ប្រធាន/អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅទូទាំងប្រទេសសរុបជាង ១០០នាក់។
វគ្គបណ្តុះបណ្តាលនេះ មានគោលដៅពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងថែមទៀត ជូនមន្ត្រីរាជការ ដើម្បីចូលរួមចំណែកលើកកម្ពស់តម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ឱ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និង អនុលោមតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដំបូងនៅឆ្នាំ ២០០៤ ក្នុងគោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជា ពីថវិកាផ្អែកលើធាតុចូលនិងមជ្ឈការ ឆ្ពោះទៅថវិកាផ្អែកលើសមិទ្ធកម្មនិងវិមជ្ឈការ។
លោក ហ៊ាន សាហ៉ីប បន្តថា បច្ចុប្បន្នការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅក្នុងដំណាក់កាលទី៣ សំដៅបង្កើន «កាផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» ព្រមជាមួយនឹងការផ្ទេរនូវភាពជាម្ចាស់ និងការទទួលខុសត្រូវកាន់តែច្រើន ទៅដល់គ្រប់ក្រសួងស្ថាប័ន រួមនឹងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣នេះ គ្រោងបញ្ចប់ចុងឆ្នាំ២០២០ ខាងមុខ សម្រាប់ជាមូលដ្ឋានឆ្ពោះអនុវត្តនូវដំណាក់កាលទី៤ ឆ្នាំ២០២១-២០២៥ ក្នុងគោលដៅបង្កើន «គណនេយ្យភាពសមិទ្ធកម្ម» ដែលជាគោលដៅចុងក្រោយនៃការកែទម្រង់ដ៏មានសារសំខាន់នេះ។
លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ទៀតថា ក្នុងក្របខណ្ឌកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣នេះ រាជរដ្ឋាភិបាលបានទទួលជោគជ័យក្នុងការកសាង និងដាក់ឱ្យប្រើជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលជាប្រព័ន្ធសមាហរណកម្មស្វ័យប្រវត្តិកម្មនូវដំណើរការការងារការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយគ្របដណ្តប់ទាំងការរៀបចំថវិកា, ការអនុវត្តថវិកា, ការរៀបចំរបាយការណ៍គណនេយ្យហិរញ្ញវត្ថុ, របាយការណ៍សមិទ្ធកម្ម, ការត្រួតពិនិត្យ និងការធ្វើសវនកម្ម។
លើសពីនេះទៀត លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ ក្នុងគោលដៅប្រែក្លាយជាបណ្តើរៗនូវប្រព័ន្ធថវិកាកម្ពុជាឱ្យទៅជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ស្របតាមឧត្តមានុវត្តអន្តរជាតិ។ ដូច្នេះតម្រូវឱ្យគ្រប់អង្គភាព និងក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត ក្នុងការពង្រឹងពង្រីកសមត្ថភាពចំណេះដឹង និងការលើកកម្ពស់ការយល់ដឹងដល់មន្ត្រីរបស់ខ្លួន ជាពិសេសលើ «ជំនាញពាក់ព័ន្ធសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»។
ដើម្បីសម្រេចគោលដៅទាំងនេះ លោក ហ៊ាន សាហ៉ីប បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ មានសារសំខាន់ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលរាជធានីខេត្ត ក្នុងការសិក្សាស្វែងយល់ ដើម្បីពង្រឹងពង្រីកសមត្ថភាព, ចំណេះដឹង និងលើកកម្ពស់ការយល់ដឹងថែមទៀត សម្រាប់រួមចំណែកអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕