(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធអគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ជាមួយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ប្រាប់ដល់កងកម្លាំងរាជអាវុធហត្ថ ឲ្យបន្តជួយការងារសង្គម និងទប់ស្កាត់ក្រុមជ្រុលនិយមក្បត់ជាតិ ដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា ដើម្បីធានាបានសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅ ដោយសុខក្សេមក្សាន្តក្នុងម្លប់សន្តិភាព។
លោក ឃួង ស្រេង បានអះអាងថា មេដឹកនាំសហជីពមួយចំនួន បានបំផុសឲ្យកម្មករ កម្មការិនី ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើកូដកម្ម មិនចូលធ្វើការងារ ក្រោមហេតុផលមិនសមរម្យ និងមានចរិកនយោបាយញុះញុង រុញឲ្យខ្លោចដុតរោលឲ្យឆៅ ដើម្បីទាមទារអត្ថប្រយោជន៍ផ្សេងៗ ផ្ទុយពីច្បាប់។
លោកថា កម្លំាងសមត្ថកិច្ចទំាងអស់ មិនត្រូវធ្វេសប្រហែសឡើយ ដោយត្រូវគោរពតាមបទបញ្ជាឲ្យបានម៉ឺងម៉ាត់ ដើម្បីត្រៀមការពារកុំឲ្យពួកក្រុមឧទ្ទាម ពួកក្បត់ជាតិ បានសម្រេចបំណងប្រាថ្នាបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះថា «កម្លាំងប្រដាប់អាវុធយើង មិនត្រឹមតែបំពេញការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងត្រៀមអន្តរាគមន៍ ដ៏មានប្រសិទ្ធភាពលើកគ្រប់ភារកិច្ចសង្គមទាំងអស់។ ត្រៀមរង់ចាំអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងករណីផែនការទប់ស្កាត់វិលត្រឡប់ចូលស្រុកជាលើកទី២ របស់ទណ្ឌិត សម រង្ស៉ី និងបក្សពួក ដើម្បីធានាប្រក្រតីភាពសង្គម រក្សាជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងធានាបាននូវការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់ ចំពោះមេក្លោងបដិវត្តពណ៌»។
បន្ថែមពីនេះ លោក ឃួង ស្រេង ក៏បានណែនាំបន្តឲ្យកម្លាំងអាវុធហត្ថទាំងអស់ ត្រូវត្រៀមលក្ខណៈជាប់ជាប្រចាំ ជាមួយអាជ្ញាធរមូលដ្ឋានលើការងារជួយសង្គ្រោះ ក្នុងហេតុការណ៍ណាមួយដូចជាគ្រោះមហន្តរាយ គ្រោះអគ្គីភ័យ និងការអន្តរាគមន៍ចំពោះករណីគ្រោះទឹកជំនន់ទឹកភ្លៀង ដែលអាចកើតមានឡើងជាយថាហេតុ។ ព្រោះកិច្ចការងារជួយសង្គមបន្ថែមនេះ គឺបានជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ខណៈកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបំពេញការងារស្នូររបស់ខ្លួនយ៉ាងសកម្ម ដូចជាការបង្រ្កាបបទល្មើស និងបញ្ហាអសន្តិសុខនានាបានយ៉ាងល្អ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា កងរាជអាវុធហត្ថទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ព្រោះថានាពេលខាងមុខសភាពការណ៍ ពិបាកសន្និដ្ឋានដោយសារជំងឺកូវីដ-១៩ និងឧបាយកលបំផ្លាញសន្តិភាពមិនដឹងថាបទល្មើសអ្វីខ្លះ អាចកើតមានឡើង ពិសេសត្រូវយកចិត្តទុកដាក់លើវិធានការតាមដានក្តាប់ឲ្យជាប់នូវរាល់ព័ត៌មានប្រែប្រួល ការងារអប់រំពង្រឹងផ្នែកនីតិវិធី ធ្វើជាគំរូល្អសម្រាប់ការគោរពវិន័យកងទ័ព គំរូក្នុងការប្រតិបត្តិច្បាប់ ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ និងប្តេជ្ញាការពារដាច់ខាតច្បាប់រដ្ឋធមនុញ្ញ។
នាយឧត្តមសេនីយ៍ សៅ សុខា បានសង្កត់ធ្ងន់ថា ដើម្បីអនុវត្តន៍តួនាទី និងភារកិច្ច មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកំណត់យកកិច្ចការអាទិភាព ចំនួន៧ ធ្វើជាមូលដ្ឋានសម្រាប់ធ្វើសកម្មភាព មានដូចជា ការហូបចុក សម្លៀកពាក់ ការសាងសង់សំណង់អាគារ សម្រាប់ស្នាក់នៅធ្វើការរៀនសូត្រ ការថែទាំសុខភាព ការអប់រំហ្វឹកហ្វឺន និងរៀនសូត្រ ការធានាមធ្យោបាយធ្វើដំណើរឧបករណ៍សម្ភារគ្រឿងបំពាក់ និងកម្សាន្តលំហែ គោលនយោបាយលើកទឹកចិត្ត ព្រមទាំងដោះស្រាយនូវពេលជួបទុក្ខលំបាក៕