(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងអប់រំនឹងបញ្ចូលប្រធានគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចូលក្នុងកម្មវិធីសិក្សារបស់ក្រសួង ដើម្បីឱ្យសិស្សានុសិស្ស បានសិក្សាស្រាវជ្រាវពីគោលនយោបាយឈ្នះឈ្នះ។

ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំថ្នាក់ដឹកនាំកាយរឹទ្ធ ១២០នាក់ ចុះបំពេញទស្សនកិច្ចសិក្សាស្វែងយល់ នៅវិមានឈ្នះឈ្នះនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ។

រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការងាសាងសង់វិមានឈ្នះឈ្នះ ឱ្យរួចរាល់ឡើង ដើម្បីរំឮកដល់គុណណូបការៈរបស់ឧបការីជន ក៏ដូចជាសម្តេចតេជោដែលបានលះបង់ គ្រប់បែបយ៉ាង ដើម្បីនាំមកនូវសសន្តិភាពជូនកម្ពុជាវិញ ក៏ដូចជា ដើម្បីឱ្យយុវជនជំនាន់ក្រោយបានសិក្សាស្រាវជ្រាវ ពាក់ព័ន្ធនឹងការងារសន្តិភាពនេះដែរ ហើយក្រសួងអប់រំ យុវជន និងកីឡា នឹងបញ្ចូលប្រធានបទគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចនេះ ចូលទៅក្នុងកម្មវិធីសិក្សារបស់ក្រសួង ហើយក៏នឹងលើកកម្ពស់ការសិក្សាស្រាវជ្រាវបន្តទៀត នូវការខិតខំប្រឹងប្រែង រហូតទទួលបានសុខសន្តិភាព»

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ សាងសង់វិមានឈ្នះឈ្នះ និងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋានទំនងទំនងការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ ដែលបានខិតខំដឹកនាំក្រុមការងាសាងសង់វិមានឈ្នះឈ្នះ ឱ្យរួចរាល់ឡើង ដើម្បីរំឮកដល់គុណណូបការៈឧប្បការីជន ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីនាំមកនូវសសន្តិភាពជូនប្រទេសកម្ពុជា។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងថា វិមានឈ្នះឈ្នះ គឺជានិមិត្តរូបនៃការទទួលសុខសន្តិភាពរបស់កម្ពុជា ក្រោមការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាស្ថាបនិកឯក ដែលធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញជាង២០ឆ្នាំមកហើយ នេះជាសន្តិភាពមិនធ្លាប់មានក្រោយកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡារូបនេះ ក៏បានបង្ហាញនូវសង្ឃឹមថា សុខសន្តិភាពនេះនឹងកើតមានយូរអង្វែងទៅមុខទៀត ដើម្បីឱ្យកម្ពុជា មានឱកាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខ្លួនឱ្យកាន់តែរីកចម្រើនបន្ថែមទៀតជាដើម។

បទពិសោធន៍របស់កម្ពុជា បានបញ្ជាក់ច្បាស់ថា សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍន៍ ហើយបើសរុបមកវិញ ការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងសមធម៌ គឺជាលក្ខខណ្ឌដ៏ចាំបាច់ សម្រាប់ពង្រឹង និងធានានូវសុខសន្តិភាព និងស្ថិរភាពសង្គម។ លើមូលដ្ឋាននៃបទពិសោធន៍នេះ, ប្រជាជាតិកម្ពុជាទាំងមូល ផ្តល់តម្លៃខ្ពស់បំផុតចំពោះការខិតខំ បន្តថែរក្សាសន្តិភាព និងស្ថិរភាពព្រមទាំងការជំរុញកិច្ចអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ដែលបច្ចុប្បន្ននេះ កំពុងតែហុចផ្លែផ្កាយ៉ាងពិតប្រាកដ ជាប្រយោជន៍ជូនដល់ពលរដ្ឋកម្ពុជា នៅគ្រប់ច្រកល្ហកក្នុងផ្ទៃប្រទេស៕