(កំពង់ស្ពឺ)៖ អាជ្ញាធរខេត្តកំពង់ស្ពឺនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានបើកទ្វារទឹកនៅទំនប់ពាមល្វា-អូរតោ ក្រោយទឹកបានហក់ឡើងខ្លាំង ហួសពីកម្រិតរក្សាទុក ដើម្បីបញ្ជៀសការលិចលង់។ នេះបើតាមអាជ្ញាធរមូលដ្ឋានខេត្តកំពង់ស្ពឺ ប្រាប់មកបណ្ដាញព័ត៌មាន Fresh News។
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ការទ្វារទឹកនេះ គឺបើកចំនួន២ទ្វារ ដែលក្នុងមួយទ្វារ មានកម្ពស់១ម៉ែត្រកន្លះ ដោយសារតែទឹកក្នុងទំបន់ ហួសពីកម្រិតរក្សាទុក ហើយទំនប់នេះ ជាប្រភេទដី វាងាយស្រួលការហូរច្រុះ និងអាចបាក់ទំនប់។
អាជ្ញាធរដដែលបានបន្ថែមទៀតថា ប្រើសិនទឹកនៅតែបន្ដឡើង នឹងអាចបើកខ្លាំងជាងនេះបន្ថែមទៀត ដើម្បីបញ្ជៀសការលិចលង់។ ម៉្យាងទៀតមិនអាចទុករហូត លើសកម្រិតខ្លាំង ទើបបើកនោះទេ វាអាចបង្កការខូចខាត ដល់ទំនប់ទឹក និងដំណាំរបស់ប្រជាពលរដ្ឋ។
គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ មានបណ្តាស្រុក ក្នុងខេត្តចំនួន១០ របស់ប្រទេសកម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង ឬមានកម្ពស់ទឹក ឈានដល់ការប្រកាស អាសន្ន ក្នុងនោះរួមមាន៖ ខេត្តប៉ៃលិន, ព្រះវិហារ, កំពង់ឆ្នាំង ,ស្ទឹងត្រែង, បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប, ពោធិ៍សាត់, កំពង់ធំ និងខេត្តកំពង់ស្ពឺ។
បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម គឺប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ITCZ។
ទន្ទឹមនឹងនោះ សម្ពាធទាបសកម្ម (Active Low) នៅចុងនៃប្រព័ន្ធសម្ពាធទាប វិវត្តប្រែប្រួលជាបន្តបន្ទាប់ ដែលធ្វើឲ្យស្ថានភាពធាតុអាកាស នៅកម្ពុជា ទទួលភ្លៀងធ្លាក់ ជាបន្តបន្ទាប់ជាច្រើនថ្ងៃ ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលបណ្ដាលឲ្យខេត្តភាគពាយ័ព្យ និងភាគខាងជើងស្ថិត ក្នុងភូមិសាស្ត្រជាប់ជួរភ្នំដងរែក ជួរភ្នំក្រវាញ បន្តទទួលរងនូវទឹកជំនន់ ដោយសារទឹកភ្លៀងជាបន្តបន្ទាប់។
ក្នុងពេលជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់បក់បោក លាយឡំនឹងរលកសមុទ្រខ្ពស់ផងដែរ៕