(កណ្តាល)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានលើកឡើងថា មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាន ជនវិបល្លាសស្មារតី បច្ចុប្បន្នមានបងប្អូនជនវិបល្លាសស្មារតីចំនួន៦២នាក់ (ស្រី៣៨នាក់) ស្នាក់នៅ និងទទួលបានសេវាព្យាបាលថែទាំប្រឹក្សាយោបល់ និងស្តារនីតិសម្បទាបានយ៉ាងល្អប្រសើរ។
ការលើកឡើងរបស់ លោក វង សូត បានធ្វើឡើងខណៈលោកអញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាន ជនវិបល្លាសស្មារតី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។
ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួម ពីតំណាងអង្គការ ឈឺជឺ ហើយក៏បាននាំយកអង្ករចំនួន១តោន និងសូឡាចំនួន៣០ គ្រឿងផ្តល់ជូនមជ្ឍមណ្ឌលផងដែរ។
មជ្ឈមណ្ឌលនេះ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
រដ្ឋមន្រ្តី វង សូត ក៏បានចុះពិនិត្យការសាងសង់ និងជួសជុលមជ្ឈមណ្ឌលយុវនិតិសម្បទា មជ្ឈមណ្ឌលកុមារកំព្រារ បារាំង ហុងហ្គី និងទីតាំងសម្រាប់សាងសង់ មណ្ឌលសំចតសម្រាប់ដាក់ជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជូញដូរមនុស្ស។
មជ្ឈមណ្ឌលយុវនិតិសម្បទា ចាប់ផ្តើមសាងសង់ និងជួសជុល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមការចូលរួមពី លោក វង សូត ដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយគ្រោងនឹងរួចរាល់ នៅឆ្នាំ២០២១ខាងមុខ ។
ការបង្កើតឱ្យមានមណ្ឌលនេះ ដើម្បីជាការឆ្លើយតបទៅនឹងច្បាប់ ស្តីពីយុត្តិធម៌អនីតិជន ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្តកាលពីខែកក្កដា ឆ្នាំ២០១៦ ច្បាប់នេះ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែផ្តល់ការយល់ដឹង និងការអនុវត្តឲ្យកាន់តែប្រសើរឡើង របស់មន្រ្តីតុលាការ និងមន្រ្តីអនុវត្តច្បាប់ ក្នុងកិច្ចការពារ និងគ្រប់គ្រងវិស័យយុត្តិធម៌ ព្រហ្មទណ្ឌ សម្រាប់អនីតិជនប៉ុណ្ណោះទេ ច្បាប់នេះក៏បានគិតគូរពីវិធានការ ទាំងឡាយ ដែលទាក់ទងនឹងការស្តារនីតិសម្បទា និងសមារណកម្ម ពួកគេ ទៅក្នុងសហគមន៍វិញ ក្នុងគោលបំណងប្រែក្លាយពួកគេ ទៅជាពលរដ្ឋល្អក្នុងសង្គម។ មណ្ឌលយុវនីតិសម្បទានេះ មានអគារសរុបចំនួន១៧ខ្នង ដែលអគារ ត្រូវជួសជុលចំនួន១២ខ្នង និងអគារត្រូវ សាងសង់ថ្មីចំនួន៥ខ្នង៕