(ភ្នំពេញ)៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬហៅថា FTA គឺជាកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេសមួយ និងប្រទេសមួយទៀត។ កិច្ចព្រមព្រៀងនេះ នឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬ ក្នុងអត្ថន័យរួមបញ្ចូលសេដ្ឋកិច្ចតែមួយ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ មិនត្រឹមតែជាការព្រមព្រៀងត្រឹមការលើកលែងរបាំងពន្ធអាករនោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។
ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ជាការបើកចំហរទីផ្សារដ៏ធំរវាងប្រទេស និងប្រទេសបែបនេះហើយ ទើបនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងលោក វ៉ាង ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណៈរដ្ឋប្រជាមានិតចិន បានធ្វើជាអធីបតី នៃពិធីចុះហត្ថលេខា នៅវិមានសន្តិភាព ក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីបានបិទបញ្ចប់ការសិក្សារួមគ្នារវាងភាគីទាំង២កាលពីខែកក្កដា កន្លងទៅ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសកម្ពុជា និងប្រទេសចិននៅពេលនេះ ត្រូវបានអ្នកជំនាញផ្នែកនយោបាយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់បានអះអាងកន្លងមកថា នឹងជួយឲ្យប្រទេសកម្ពុជា មានការរីកចម្រើនផ្នែកសេដ្ឋកិច្ចបានឆាប់រហ័ស និងប្រែក្លាយកម្ពុជា ទៅជាប្រទេសសឹង្ហបុរីទី២ ថែមទៀតផង។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បញ្ជាក់៖ «យើងត្រូវត្រៀមខ្លួន អីចឹងក្រសួងពាណិជ្ជកម្មគាត់បានធ្វើកិច្ចព្រមព្រៀងជាមួយចិនហើយ ហើយគាត់បានប្រកាសទៀតអីចឹង យើងត្រូវត្រៀមខ្លួន។ ហើយមិនមែនត្រៀមខ្លួនតែក្រសួងពាណិជ្ជកម្មទេ ក្រសួងពាណិជ្ជកម្មមានតួនាទីរកទីផ្សារឲ្យ តែក្រសួង៥ទៀតដែលត្រូវរៀបចំខ្លួន កុំមើលស្រាលឲ្យសោះ ហើយកុំគិតថាអ្នកគិតផលប្រយោជន៍ ខ្ញុំជឿថា យើងមានទីផ្សារកាន់តែច្រើន វាជាឧទាហរណ៍ប្រាប់ទៅចិនថា ចិនកំពុងមានឥទ្ធិពលមកកម្ពុជា តែបើជប៉ុនចង់ចូលទៀតស្វាគមន៍ កូរ៉េចង់ចូលមួយទៀតបើតាមខ្ញុំដឹង គេចរចាហើយ។ អីចឹងយើងកាន់តែបើកឱកាសឲ្យកាន់តែច្រើនអីចឹងកម្ពុជាអាចប្រែក្លាយទៅជាសិង្ហបុរីទី២»។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ក៏ត្រូវបានអ្នកជំនាញផ្នែកសេដ្ឋកិច្ចលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថា គឺជាភាពវ័យឆ្លាតមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតប៉ូលពាណិជ្ជកម្មថ្មីមួយទៀត ក្រៅពីអឺរ៉ុប និងអាមេរិក។ ដែលអាចធ្វើឲ្យកម្ពុជា គេចចេញពីគំនាបសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចលោកខាងលិចផងដែរ។
លោក គី សេរីវឌ្ឍន៍ បញ្ជាក់៖ «កាលណាយើងផ្អែកលើទីផ្សារមួយវាមិនគ្រប់គ្រាន់ទេ ករណីដូចជា EBA ដែលព្យួរកាលពីខែសីហា។ ហើយបើសិនជា EBA ត្រូវព្យួរមានន័យថាអាមេរិក គឺជាជម្រើសសម្រាប់ឲ្យកម្ពុជាជ្រើសរើសបន្ទាប់ពីអឺរ៉ុបត្រូវបានផ្អាក។ តែឥលូវនេះកម្ពុជាមិនមែនពឹងតែលើអាមេរិកមួយនោះទេ គឺងាកមករកជម្រើសទី២មួយទៀតគឺចិន អីចឹងមានន័យថាយើងមានប៉ូលច្រើន គឺយើងមានពិពិត្តកម្មនៃទីផ្សាររបស់យើង។ ហើយបើយើងមិនងាកចេញពីប៉ូលមួយទេ មានន័យថាយើងត្រូវរងគំនាបសេដ្ឋកិច្ចពីប្រទេសមហាអំណាច។ អីចឹងហើយភាពវ័យឆ្លាតរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ ការងាកចេញពីគំនាបសេដ្ឋកិច្ចដែលយើងនាំចេញ ទៅតែទីផ្សារតែមួយដោយបង្កើតឲ្យមានប៉ូលសេដ្ឋកិច្ចផ្សេងទៀត»។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចខាងលើក៏បានបន្ថែមផងដែរថា កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យកម្ពុជាមានឱកាសធំៗចំនួន៦ ដើម្បីឲ្យកម្ពុជាឈានទៅរកអភិវឌ្ឍប្រកបដោយចីរភាព។
លោក គី សេរីវឌ្ឍន៍ បញ្ជាក់ថា៖ «កិច្ចព្រមព្រៀងសេរីកម្ពុជា ចិន គឺបានបង្កើតឲ្យកម្ពុជា ធ្វើពិពិធកម្មនៃឧស្សាហកម្ម ដែលយើងអាចងាកចេញពីវិស័យកាត់ដេរតែមួយមុខគត់ ឲ្យទៅវិស័យផ្សេង។ ទី២ គឺយើងអាចបង្កើតការវិនិយោគលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម។ ទី៣ រដ្ឋាភិបាលគួរតែកែលម្អច្បាប់បទគតិយុទ្ធនានាដែលពាក់ព័ន្ធ ទៅនិងពាណិជ្ជកម្មសេរីនេះឲ្យកាន់តែប្រសើរឡើង បើមិនដូច្នេះទេ ការផលិតរបស់យើងនៅតែមានការរារាំងដដែល។ ទី៤ គឺហេដ្ឋារចនាសម្ព័ន្ធទាំងអស់ត្រូវមានការអភិវឌ្ឍ ជាពិសេស គឺការសហការជាមួយប្រទេសចិន តាមគម្រោង BRI (ខ្សែក្រវាត់ និងផ្លូវ)។ ក៏ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់បន្ថែមដែរថា តើត្រូវដាក់ទៅតំបន់ណាឲ្យចំគោលដៅ។
មួយទៀតគឺពាក់ព័ន្ធទៅនិងឱកាសពាណិជ្ជកម្មអនឡាញ កាលណាយើងនិយាយពីពាណិជ្ជកម្មជាមួយចិន យើងត្រូវតែធ្វើពាណិជ្ជកម្មអនឡាញនេះឯង។ ព្រោះចិនគេបានដើរទៅមុខហើយ បច្ចេកវិទ្យាជំនាន់ទី៤ ចិនបានដើរទៅលឿនជាងគេ សឹងតែនៅលើពិភពលោក។ មួយទៀតគឺពាក់ព័ន្ធទៅនិងការផ្ដល់ឱកាសវិនិយោគ ទៅដល់ប្រទេសទី៣ កិច្ចព្រមព្រៀងនេះមិនត្រឹមតែវិនិយោគជាមួយចិនទេ ប្រទេសទី៣ដែលមកប្រទេសយើងដើម្បីផលិតទៅចិន វាមិនខុសអីពីចិនមកផលិតនៅប្រទេសយើងដើម្បីនាំទៅអឺរ៉ុបនោះទេ។ កាលពីយើងទទួលបានEBA ចិន កូរ៉េ ជប៉ុន មកកម្ពុជា ដើម្បីផលិតនាំទៅអឺរ៉ុប។ អីចឹងចិនផ្ដល់ឱកាសឲ្យយើងវិញប្រាកដជាប្រទេសផ្សេងៗមកផលិតនៅស្រុកយើងដើម្បីនាំទៅប្រទេសចិនដែរ។ និងចុងក្រោយគឺយើងទទួលបាននូវបច្ចេកវិទ្យា និងបច្ចេកទេស នៃការផលិតសម្រាប់សហគ្រាស ផលិតកម្មរបស់យើងឲ្យកាន់តែប្រសើរជាងមុន»។
ជាការសម្គាល់ ក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជានឹងនាំចេញទៅចិនជាង ៣៤០មុខទំនិញ ហើយ ៩៥% នៃទំនិញនោះ នឹងចុះពន្ធទៅ 0%។ នៅសល់៥% គឺចុះក្នុងរយៈពេល១០ឆ្នាំ ឬអាចឆ្នាំបន្ទាប់អាចចុះទៅ០%។
ចំណែកមុខទំនិញដែលភាគីចិន គិតពន្ធពីប្រទេសកម្ពុជា គឺជាប្រភេទគ្រឿងចក្រ និងយានយន្តផ្សេងៗ មូលហេតុដែលភាគីចិន គិតពន្ធលើមុខទំនិញទាំងអស់នេះ ដោយសារភាគីចិន មិនចង់ឱ្យការនាំចូលទីផ្សារ ខ្លួនប៉ះពាល់ផលិតផលក្នុងស្រុក។ បន្ថែមពីនេះ ការគិតពន្ធលើមុខទំនិញទាំងនេះ មិនមែនជាបញ្ហាដល់ភាគីកម្ពុជានោះទេ ព្រោះថាកម្ពុជា មិនមែនជាប្រទេសផលិតសម្ភារទាំងអស់នេះនោះឡើយ។ នេះជាបញ្ជាក់បន្ថែមរបស់លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
បើតាមការបង្ហើបឲ្យដឹងពីលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទំនិញដែលកម្ពុជាលើកលែងពន្ធដល់ប្រទេសចិនភាគច្រើនជាប្រភេទរ៉ែគីមី សម្រាប់បម្រើឲ្យវិស័យឧស្សាហកម្ម ជាមួយនិងប្រភេទផ្លាស្ទីក ដែលនាំចូលសម្រាប់ផ្គុំឡើងនាំចេញទៅក្រៅប្រទេស។
យ៉ាងណាមិញក្រៅពីការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កម្ពុជាក៏បានកំពុងសិក្សាចរចាជាមួយកូរ៉េខាងត្បូងផងដែរ។ បន្ថែមពីនេះប្រទេសកម្ពុជា ក៏គ្រោងនឹងធ្វើការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗទៀត តួយ៉ាងប្រទេសអង់គ្លេស, អាមេរិក, ជប៉ុន, ម៉ុងហ្គោលី, ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU)។ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU) មានសមាជិកចំនួន៥ គឺប្រទេសអាមេនី, បេឡារុស, កាហ្សាក់ស្ថាន, កៀហ្ស៊ីស្ថាន និងសហព័ន្ធរុស្ស៊ី។ ត្រង់ចំណុចនេះ ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារ ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាជាមួយប្រទេសគោលដៅទាំងអស់នេះរួចរាល់អស់ហើយដែរ។
សូមបញ្ជាក់ថា ប្រទេសចិន គឺជាប្រភពធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេសក៏ដូចជាភ្ញៀវទេសចរមកកាន់កម្ពុជា ហើយក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់កម្ពុជា។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិន មានចំនួនសរុបប្រមាណ ៦,៥ពាន់លានដុល្លារ កើនឡើង១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលមានតម្លៃត្រឹមតែ ៥,៦ពាន់លានដុល្លារ។ ហើយនៅក្នុងឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ កើនឡើងដល់ចំនួន ៨,២ពាន់លានដុល្លារ ដែលកើនឡើងលើសឆ្នាំ២០១៨ ដល់ទៅប្រមាណ២៧ភាគរយ៕