(សៀមរាប)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ននិងលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូចំរុះរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហភាពអឺរ៉ុប និងតំណាងអង្គការ AFD FAO និង UNIDO អញ្ជើញមកកាន់ទឹកដីអង្គរ ក្នុងបំណងចុះមកពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធី CaPFish-Capture និង CaPFish Aquaculture ត្រូវបានទទួលជំនួយហិរញ្ញវត្ថុ ពីសហភាពអឺរ៉ុបចំនួន ៨៧លានអឺរ៉ូ សម្រាប់រយៈពេល ០៦ឆ្នាំ។
កម្មវិធីនេះមានគោលបំណងចំបងគាំទ្រនូវឆន្ទៈ សម្រេចឲ្យបានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ននៃវិស័យវារីវប្បកម្មដើម្បីចូលរួមធានាសន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របទៅតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យជលផល។
លោក វេង សាខុន និងលោកស្រី Carmen Moreno ចុះមកពិនិត្យសិប្បកម្មកែច្នៃផល និងផលិតផលជលផលមួយកន្លែង នៅក្រុងសៀមរាប។
លោក សុធា បានឲ្យដឹងថា សិប្បកម្មនេះបានបង្កើតឡើងតាំងពីឆ្នាំ២០០៤ ជាលក្ខណគ្រួសារ ជាបណ្តើរៗដោយទទួលបាន ការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល ទាំងបច្ចេកទេសកែច្នៃ គោលការណ៍ណែនាំ ស្តីអំពីការអនុវត្តអនាម័យល្អ (Good Hygiene Practices) ការអនុវត្តផលិតកម្មល្អ (Good Manufacturing Practices) និងគោលការណ៍ HACCP (Hazard Analysis Critical Control Point) និងជាពិសេសតម្រូវការទីផ្សារខ្ពស់។
បច្ចុប្បន្ន លោក សុធា មានផលិតត្រីងៀតត្រីរ៉ស់ ត្រីឆ្តោ និងត្រីអណ្តែង ផ្អកត្រីប្រា ប្រហុក ម៉ាំត្រីរ៉ស់ និងត្រី ផាត់ ដោយប្រើប្រាស់ផល និងផលិតផលជលផលក្នុងស្រុក ទាំងស្រុង ជាមធ្យមពី៩០-១០០តោន/ឆ្នាំ (ត្រីចំរុះគ្រប់ប្រភេទ) ផលត្រីទាំងនោះភាគច្រើន ទទួលទិញពីកសិដ្ឋានចិញ្ចឹម និងប្រជានេសាទនៅមូលដ្ឋាននេះផ្ទាល់។ ផលិតផលកែច្នៃទាំងអស់ យកទៅផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្តសៀមរាបទាំងមូលប្រមាណ៥០% រាជធានីភ្នំពេញ៣០% និងខេត្តឧត្តរមានជ័យ ២០%។ ចំណូលដែលបាន មកពីសិប្បកម្មនេះជាមធ្យមជាង ៥០,០០០ដុល្លារ ហើយលោកគ្រោងនឹងបង្កើនបរិមាណផលិត១០%រៀងរាល់ឆ្នាំ។
លោករដ្ឋមន្រ្តី វេង សាខុន និងលោកស្រី Carmen Moreno បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ជំនះបាននូវរាល់ឧបសគ្គគ្រប់បែបយ៉ាង ឈានមកសម្រេចបានជោគជ័យ ដូចអ្វីដែលយើងបានឃើញនាពេលនេះ។ ភាពជោគជ័យនេះ វាពិតជាបានចូលរួមចំណែក បំពេញឲ្យសេចក្តីត្រូវការទីផ្សារក្នុងខេត្ត កាត់បន្ថយការនាំចូល ជួយជំរុញផលិតកម្មវារីវប្បកម្មក្នុងស្រុក បង្កើនចំណូល បង្កើតការងារ ចូលរួមអភិវឌ្ឍវិស័យវារីវប្បកម្ម និងជាពិសេស បាននិងកំពុងចូលរួមអនុវត្តអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗកន្លងមកនេះ។
លោករដ្ឋមន្ត្រី វេង សាខុន បានលើកទឹកចិត្តឲ្យលោក សុ ធា ត្រូវបន្តរក្សាមុខរបរនេះ និងគួរពង្រីកផលិតកម្មបន្ថែម ដើម្បីបំពេញឲ្យតម្រូវការទីផ្សារក្នុងខេត្ត។ មួយវិញទៀត សិប្បកម្មកែច្នៃផល និងផលិតផលជលផលនេះ គឺជាសិប្បកម្មមានលក្ខណជាតំបន់ (ប្រហុកសៀមរាប) ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ហើយជាប្រភពចំណូលក្នុងគ្រួសារ និងសេដ្ឋកិច្ចជាតិយ៉ាងល្អប្រសើរ។
លោករដ្ឋមន្ដ្រី វេង សាខុន បានណែនាំឲ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយធ្វើទីផ្សារដើម្បីរក្សានិរន្តរភាព ផលិតកម្មកែច្នៃ ជាពិសេសផលិតកម្មចិញ្ចឹម ដើម្បីធ្វើការផ្គត់ផ្គង់ឲ្យសិប្បកម្ម ហើយគួរជួយរៀបចំ QR Code ដើម្បីបង្ហាញពីខ្សែច្រវាក់ផលិតកម្ម អនាម័យ និងប្រភព ដែលផ្គល់ជំនឿទុកចិត្តសម្រាប់អ្នកបរិភោគ។
លោករដ្ឋមន្ត្រី វេង សាខុន ក៏បានអំពាវនាវដល់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី ឲ្យគិតគូរពីការកែច្នៃនៅនឹងកន្លែង ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ កាត់បន្ថយភាពជន់ជោ នៃផលចាប់នៅរាល់រដូវប្រមូលផល។
លោកស្រី ក៏មានចំណាប់អារម្មណ៍ដែលមានខ្លឹមសារថា កម្ពុជាជាប្រទេសសម្បូរធនធានទឹក មានទឹកត្រូវមានត្រី ប៉ុន្តែដោយសារការប្រែប្រួលអាការធាតុ ការកើនឡើងសេចក្តីត្រូវការផលត្រី ការរីកចម្រើនសេដ្ឋកិច្ច ធ្វើឲ្យបរិមាណផលចាប់ពីធម្មជាតិមានការខ្វះខាត ឬធ្លាក់ចុះ ដូច្នេះមានតែវិស័យវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ ទេទើបអាចធានាការផ្គត់ផ្គង់ ឲ្យសេចក្តីត្រូវការទាំងពេលបច្ចុប្បន្ន និងអនាគត។ ព្រមជាមួយគ្នានោះ យើងក៏មិនគួរមើលរំលងលើការងារអភិវឌ្ឍ និងអភិរក្សមេពូជត្រី រក្សាការពារ តំបន់អភិរក្សពូជត្រី រក្សាការពារព្រៃលិចទឹក ទប់ស្កាត់បទល្មើស នេសាទគ្រប់ប្រភេទ ហើយងាកមកជំរុញ និងលើកទឹកចិត្តការចិញ្ចឹមត្រី គ្រប់រូបភាពទាំងជាលក្ខណគ្រួសារ និងកសិដ្ឋានធំៗ រួមទាំងសិប្បកម្មកែច្នៃ។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី វេង សាខុន និងលោកស្រី Carmen Moreno បានចែកទូកម៉ាស៊ីនចំនួន២០ ជូនដល់មន្រ្តីជលផលសម្រាប់ យកទៅប្រើប្រាស់តាមការចាំបាច់ ហើយលោកបានណែនាំឲ្យមន្រ្តីជួយថែរក្សា ប្រើឲ្យចំគោលដៅ និងចូលរួមទប់ស្កាត់បទល្មើស ឲ្យមានប្រសិទ្ធភាព។
ចេញពីសិប្បកម្មកែច្នៃផល និងផលិតផលជលផល គណៈប្រតិភូ បានអញ្ជើញបន្តដំណើរទូកទេសចរណ៍ មកពិនិត្យសហគមន៍នេសាទកំពង់ភ្លុក។
ប្រើរយៈពេលធ្វើដំណើរ២ម៉ោង មកដល់សហគមន៍ ជាកិច្ចចាប់ផ្តើមធ្វើការសំណេះសំណាល លោក ស រឿម ប្រធានក្រុមប្រឹក្សាសហគមន៍ បានសម្តែងការស្វាគមន៍ និងរាយការណ៍ ជូនគណៈប្រតិភូជ្រាបអំពីរចនាសម្ព័ន្ធរដ្ឋបាលរបស់សហគមន៍ គោលការណ៍របស់សហគមន៍ គឺអភិវឌ្ឍ និងអភិរក្សសហគមន៍ បទពិសោធន៍ បញ្ហា ការការពារ និងប្រើប្រាស់ធនធានធម្មជាតិ ជីវចម្រុះប្រកបដោយនិរន្តរភាព ធ្វើអេកូទេសចរណ៍ បង្កើតតំបន់អភិរក្ស បោះបង្គោលព្រំប្រទល់ ដាំព្រៃលិចទឹក និងទប់ស្កាត់បទល្មើសនេសាទ ដើម្បីការពារផលប្រយោជន៍រួម។
បច្ចុប្បន្ន សហគមន៍មានទូកនេសាទខ្នាតតូច៦០គ្រឿង និងខ្នាតធំចំនួន២០គ្រឿង។ បច្ចុប្បន្ន សហគមន៍មានកាណូត៨០០គ្រឿង និងទូកអំ២០គ្រឿង ចំណូលអាស្រ័យ លើចំនួនភ្ញៀវទេសចរណ៍ គិតជាមធ្យម២៥០-៣០០ដុល្លារ/ខែ មិនរួមទាំងចំណូលពីផលនេសាទ។
ធ្វើការសំណេះសំណាល លោករដ្ឋមន្រ្តី វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត និងជូនពរបងប្អូនប្រជាពលរដ្ឋ គ្រប់ៗក្រុមគ្រួសារដែលផ្ញើជីវិតនៅលើផ្ទៃទឹក និងជូនពរឲ្យជួបតែពុទ្ធពរទាំង៤ប្រការ កុំបីឃ្លាងឃ្លាត។ បានឃើញសហគមន៍ ទទួលបានជោគជ័យ ក្នុងការការពារបាននូវធនធានធម្មជាតិ (មច្ឆជាតិ បក្សីទឹក និងព្រៃលិចទឹក) និងបរិស្ថាន រក្សានិរន្តរភាព នៃការនេសាទ សមត្ថភាពនៃការការពារ អភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ។
ផ្ទុយទៅវិញ ចំពោះប្រាក់ចំណូលរបស់សមាជិកសហគមន៍ នៅមានកម្រិតហេតុនេះ លោករដ្ឋមន្រ្តី វេង សាខុន បានផ្តល់ជាគំនិតជូនសហគមន៍ ពិសេសរដ្ឋបាលជលផល ឲ្យគិតគូអំពីកម្រិតជីវភាពរបស់ប្រជានេសាទ តាមរយៈបង្កើតមុខរបរបន្ថែម ជំរុញវិស័យវារីវប្បកម្ម ដោយមិនត្រូវពឹងតែលើធនធានធម្មជាតិ បើមិនដូច្នេះទេ យើងមិនអាចឈានទៅសម្រេចបាន នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៣០ និង២០៥០។
ត្រង់ចំណុចនេះ រដ្ឋបាលជលផល គួររៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ លើការងារបច្ចេកទេស ការងារគ្រប់គ្រង និងការអភិវឌ្ឍក្នុងរង្វង់សហគមន៍នេសាទ ដើម្បីស្វែងរកការរីកចម្រើន លើកកម្ពស់កម្រិតជីវភាព កាត់បន្ថយផលចាប់ពីប្រភពធម្មជាតិ ភ្ជង់ផ្តោតទៅលើវារីវប្បកម្មវិញ ដើម្បីបង្កើនផលចាប់ ទើបធ្វើឲ្យជីវភាព និងសន្តិ សុខស្បៀងត្រូវបានធានា និងលើកកម្ពស់ជាជំហានៗ ប្រែក្លាយសហគមន៍នេសាទទៅជាសហគមន៍គំរូទាំងលើការអភិវឌ្ឍ និងអភិរក្ស។
លោករដ្ឋមន្រ្តី វេង សាខុន បានបន្តទៀតថា តាមបំណងប្រាថ្នាដ៏ទទួចរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី គឺចង់បាន ចង់ឃើញសមាជិក សហគមន៍នេសាទ នៅទូទាំងប្រទេស មានជីវភាពសម្បូរសប្បាយ ការពារបាននូវធនធានធម្មជាតិ រស់នៅជួបជុំគ្រួសារ ក្រោមម្លប់សុខសន្តិភាព។ ដូច្នេះ តាមរយៈជំនួយឧបត្ថម្ភពីសហភាពអឺរ៉ុបនេះ រដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវខិតខំគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍសហគមន៍ នេសាទកំពង់ភ្លុក ឲ្យមានការរីកចម្រើនជាជំហានៗ ដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។
នាឱកាសនេះ លោករដ្ឋមន្ត្រី វេង សាខុន បានស្នើសុំលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត មេត្តាជួយជំរុញការងារ ចុះបញ្ជីដីសហគមន៍ ដើម្បីការពារការទន្រ្ទាន កាន់កាប់ជាកម្មសិទ្ធិឯកជន។
តាមផ្លូវទឹកទៅកាន់សហគមន៍ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាប្រធានរដ្ឋបាលជលផល បានរាយការណ៍ ជូនគណៈប្រតិភូ បានជ្រាប អំពីដែនសមត្ថកិច្ចរបស់រដ្ឋបាលជលផល ក្នុងការគ្រប់គ្រងផ្ទៃដីព្រៃលិចទឹក ក្នុងបឹងទន្លេសាបមានចំនួន៦៤២ពាន់ហិកតា មានសហគមន៍នេសាទ២៣មានតំបន់អភិរក្ស ៤កន្លែង គ្របដណ្តប់លើផ្ទៃដី ៨៤៣៥ ហិកតា សកម្មភាពប្រចាំថ្ងៃរបស់សហគមន៍នេសាទ ផលចាប់ប្រចាំឆ្នាំ សកម្មភាពបង្គ្រាបបទ ល្មើស -ល-។
ជាក់ស្តែងតាមផ្លូវទឹកទៅកាន់សហគមន៍ គណៈប្រតិភូបានឃើញសកម្មភាព បង្គ្រាបបទល្មើសនេសាទ២ករណី របស់មន្រ្តីរដ្ឋបាលជលផលផងដែរ។ នាឱកាសនេះ សហគមន៍នេសាទចំនួន១៥០ ក្នុងនោះ ១០០ សហគមន៍ ជាសហគមន៍នេសាទ និង ៥០ទៀតជាសហគមន៍ស្រះជម្រកត្រី ដោយសហគមន៍នីមួយៗទទួល បានប្រាក់ឧបត្ថម្ភ ៤លានរៀល៕