(ភ្នំពេញ)៖ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានថ្លែងសាររំលែកទុក្ខចំពោះប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះដល់អាយុជីវិតដោយសារទឹកជំនន់។
តាមរយៈសារដែលបង្ហោះលើ Facebook របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានស្រង់សម្តីលោកឯកអគ្គរាជទូតទៀតថា ប្រទេសជប៉ុន នឹងនៅគាំទ្រជាមួយប្រជាពលរដ្ឋកម្ពុជាជានិច្ច។
លោក MIKAMI Masahiro បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំមានការព្រួយបារម្ភជាពន់ពេក នៅពេលបានឮដំណឹងអំពីគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តជាច្រើននៃប្រទេសកម្ពុជា ដែលបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងបង្ខំចិត្តឲ្យប្រជាជនជាច្រើនត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារដែលរងគ្រោះដល់អាយុជីវិតដោយសារទឹកជំនន់។ ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋាន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ខ្ញុំសូមបួងសួង សូមឲ្យប្រជាជនកម្ពុជាមានសុខសុវត្ថិភាព ជាពិសេសប្រជាជនដែលរស់នៅតំបន់រងគ្រោះដោយទឹកជំនន់។ ខ្ញុំក៏សូមបួងសួង សូមឲ្យស្ថានភាពនៃជីវភាពរស់នៅវិលមកដូចធម្មតាវិញឆាប់ៗនេះ។ ប្រទេសជប៉ុន នឹងនៅគាំទ្រជាមួយប្រជាជនកម្ពុជា»។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ មានបណ្តាស្រុកមួយចំនួនខេត្តចំនួន១០ របស់ប្រទេសកម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង ឬមានកម្ពស់ទឹកឈានដល់ការប្រកាសអាសន្ន ក្នុងនោះរួមមាន៖ ខេត្តប៉ៃលិន, ព្រះវិហារ, កំពង់ឆ្នាំង , ស្ទឹងត្រែង, បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប, ពោធិ៍សាត់, កំពង់ធំ និងខេត្តកំពង់ស្ពឺ។
បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម គឺប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ITCZ ទន្ទឹមនឹងនោះសម្ពាធទាបសកម្ម (Active Low) នៅចុងនៃប្រព័ន្ធសម្ពាធទាបវិវត្តប្រែប្រួលជាបន្តបន្ទាប់ ដែលធ្វើឲ្យស្ថានភាពធាតុអាកាស នៅក្នុងប្រទេសកម្ពុជា ទទួលភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃ ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលបណ្ដាលឲ្យខេត្តភាគពាយ័ព្យ និងភាគខាងជើងស្ថិត ក្នុងភូមិសាស្ត្រជាប់ជួរភ្នំដងរែក ជួរភ្នំក្រវាញ បន្តទទួលរងនូវទឹកជំនន់ដោយសារទឹកភ្លៀងជាបន្តបន្ទាប់។ ក្នុងពេលជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់បក់បោក លាយឡំនឹងរលកសមុទ្រខ្ពស់ផងដែរ៕