(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងទទួលអំណោយជាគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ពីលោកស្រី ហេង សុខណា និងស្វាមី ព្រមទាំងក្រុមគ្រួសារ ដែលមានសទ្ធាជ្រះថ្លាចូលរួមចំណែកការងារមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ស្របពេលដែល លោកស្រី ត្រៀមសម្រាលបុត្រទី១ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ហេង សុខណា និងក្រុមគ្រួសារ ដែលបាននាំយកអំណោយមកឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ជាពិសេសប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅតាមបណ្តាខេត្តមួយចំនួននៃកម្ពុជា។
ឆ្លើយតបនឹងគ្រោះទឹកជំនន់ ដែលកំពុងយាយីនាពេលបច្ចុប្បន្ននេះ លោកស្រីអគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈ រួមជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននិងកំពុងប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះថ្នាក់ និងទៅដល់ទីទួលសុវត្ថិភាព។
ក្រៅពីការជួយសង្គ្រោះប្រជាពលរដ្ឋដល់ទីទួលសុវត្ថិភាព កាកបាទក្រហមកម្ពុជា ដែលមានកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត បានធ្វើការអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងរស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិនឬអាហារដែលចម្អិនបានល្អ ចៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។
ទន្ទឹមនឹងនេះ លោកស្រី ហេង សុខណា និងក្រុមគ្រួសារ បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលអនុញ្ញាតឱ្យចូលរួមចំណែកការងារមនុស្សធម៌ និងចែករំលែកក្តីស្រឡាញ់ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់អ្នកដែលត្រូវការជំនួយជាចាំបាច់ ជាពិសេសអ្នកដែលរងគ្រោះដោយគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ។
សូមបញ្ជាក់ថា អំណោយដែលបាននាំមកប្រគល់ជូនកាកបាទក្រហមកម្ពុជា រួមមាន ៖ ថវិកាចំនួន ១,០០០ដុល្លារអាមេរិក មី ១០កេស ត្រីខ ១០០កំប៉ុង ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ ទឹកសុទ្ធ ១០កេស សាប៊ូម្សៅ ១កេស សាប៊ូលាងចាន ១កេស សារុង ១០០ និងក្រមា ១០០៕