(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញទទួលគ្រឿងចក្រសាងសង់ជាច្រើនគ្រឿង ពីលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ពីស្ថានទូតជប៉ុន។
ពិធីក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន, លោក SUGANO Yuichi ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា និងតំណាងក្រុមហ៊ុន Marubini Protechs (TBC) រួមទាំងលោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ចាប់ពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ននេះ ជប៉ុនបានផ្តល់ជំនួយឥតសំណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ការស្តារនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គន្លឹះជាច្រើនក្នុងទិសដៅជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា។
ចំពោះវិស័យសាធារណការ និងដឹកជញ្ជូន ជប៉ុនបានផ្តល់ហិរញ្ញប្បទាន សម្បទានជាជំនួយឥតសំណងសម្រាប់ស្តារ-សាងសង់ផ្លូវចំនួន ៣ខ្សែ មានផ្លូវជាតិលេខ ៦, ៧,និងលេខ១ ដែលមានប្រវែងសរុប ២៥៤.៣គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១៨៩.១លានដុល្លារអាមេរិក ស្ពានធំៗ ដែលបានសាងសង់រួចរួមមាន ស្ពានគីហ្សូណា ស្ពានត្សឹបាសា ប្រវែងសរុប ៣,៥៧៥ម៉ែត្រ ចំណាយថវិកាប្រមាណ ១៨៦លានដុល្លារអាមេរិក និងជួសជុលស្ពានជ្រោយចង្វារប្រវែងសរុប ១,០៨០ម៉ែត្រ ចំណាយថវិកា ប្រមាណ ៣០លានដុល្លារអាមេរិក។
លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះជប៉ុនកំពុងតែផ្តល់ជំនួយឥតសំណង់សម្រាប់គម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ដែលសាងសង់ ស្ពានចំនួន០៧ ស្ថិតក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ ចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក។ ផ្លូវជាតិលេខ៥ ដែលមានប្រវែង ៣៦៦គីឡូម៉ែត្រ កំពុងសាងសង់ ក៏ជាឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនក្នុងទំហំថវិកាប្រមាណ ៥០០លានដុល្លារអាមេរិក។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដែរថា បើទោះជាពិភពលោករួមទាំងកម្ពុជាត្រូវបានយាយីដោយជំងឺកូវីដ-១៩ ក៏ដោយក៏មិនបានរារាំងដល់ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិនោះទេ ជាក់ស្តែងគ្មានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធណាដែលផ្អាកសកម្មភាព ឬលុបចោលនោះទេ ហើយពិធីប្រគល់ទទួលថ្ងៃនេះ ក៏ជាតឹកតាង នៃសកម្មភាពការងារ ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន ដែលផ្ដល់ឱកាសឱ្យបន្តនូវបេសកកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទៀត។
ការទទួលបានម៉ាស៊ីន Stabilizerនេះ នឹងយកទៅប្រើប្រាស់ក្នុងគម្រោងសាងសង់ផ្លូវអាទិភាពនានា ផ្លូវដែលទទួលរងនូវការ ខូចខាតខ្លាំង ដោយកត្តាផ្សេងៗ រួមមានការដឹកលើសទម្ងន់កំណត់ និងប្រើប្រាស់ឱ្យសម្រេចបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់លោក MIKAMI Masahiro ប្រជាពលរដ្ឋ និងរដ្ឋាភិបាលជប៉ុនដែលជា និច្ចកាលបានជួយឧបត្ថម្ភគាំទ្រជាស្មារតី បច្ចេកទេស ឥណទានកម្ចីសម្បទាន និងបានផ្តល់នូវជំនួយឥតសំណងជាបន្តបន្ទាប់សម្រាប់ការសាងសង់ ស្ពារ និងអភិវឌ្ឍន៍ នូវហេដ្ឋា រចនាសម្ព័ន្ធ ផ្លូវ-ស្ពាន សំខាន់ៗ ជាច្រើន កន្លែង និងកំពង់ផែអន្តរជាតិសម្រាប់ជួយសម្រួលដល់ចរាចរដឹកជញ្ជូននៅទូទាំងប្រទេសកម្ពុជា សំដៅរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាl៕