(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ នៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។
លោក វ៉ាង យី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ព្រលានយន្តហោះប្រទេសកម្ពុជា នៅវេលាម៉ោង៥៖០០នាទីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។
អំឡុងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ប្រមុខការទូតចិនរូបនេះ បានចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ជួបពិភាក្សាជាមួយ លោក ហោ ណាំហុង និងជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។
ក្រោយជំនួបជាមួយសម្តេចតេជោហើយនោះ សម្តេចតេជោ ហ៊ុន សែន និង លោក វ៉ាង យី នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារចំនួន៤រួមមាន៖
១៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា
២៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសសម្រាប់ការផ្តល់ហិរញ្ញប្បទានឥតសំណង ទឹកប្រាក់ ៩៥០លានយ័ន
៣៖ លិខិតប្តូរឯកសារស្តីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
៤៖ លិខិតប្តូរសារស្តីពី ការសិក្សាសមិទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។
លោក វ៉ាង យី បានក្លាយជារដ្ឋមន្រ្តីការបរទេសនៃប្រទេសជាមិត្តទី២ហើយ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ក្នុងបរិបទនៃការយាយីដោយជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០។ ភ្ញៀវបរទេសទី១ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា គឺលោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន។ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែសីហា កន្លងទៅនេះ។
ក្រសួងការបរទេសកម្ពុជា បានបង្ហាញការកត់សម្គាល់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក វ៉ាង យី មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងចិន ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលនៃជំងឺកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន៕