(ភ្នំពេញ)៖ អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារចម្រុះ ចុះអនុវត្តការងារគ្រប់គ្រង​ ជនបរទេសអន្តោប្រវេសន៍ រាជធានីភ្នំពេញ លោក ឃួន សំបូរ បានស្នើអាជ្ញាធរ ខណ្ឌជំរុញដល់ចៅសង្កាត់ ស្មៀន មេភូមិ និងមន្ត្រីនគរបាល ពាក់ព័ន្ធត្រូវបញ្ឈប់ជាបន្ទាន់ លើការចេញលិខិតបញ្ជាក់ផ្សេងៗ ក្នុងន័យឲ្យជនបរទេសមានសិទ្ឋិរស់នៅ ក្នុងប្រទេសកម្ពុជាដោយស្របច្បាប់។

លោកថា បើយើងធ្វើខុសនីតិវិធីតែបន្តិចនឹងបន្សល់ទុកឲ្យ ក្មេងជំនាន់ក្រោយស្តីបន្ទោសថា "យើងជាមនុស្សក្បត់ជាតិ"។ ការថ្លែងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៦នេះ ក្នុងពិធីផ្សព្វផ្សាយសមាសភាព ក្រុមការងារចម្រុះ ចុះអនុវត្តផែនការលេខ០១០ និងសេចក្តីណែនាំលេខ១៦៧០ របស់ក្រសួងមហាផ្ទៃ ដល់ចៅសង្កាត់ មេប៉ុស្តិ៍ នគរបាលមណ្ឌល និងមេភូមិ ទូទាំងខណ្ឌច្បារអំពៅ ។

ពិធីផ្សព្វផ្សាយនេះក៏មានការចូលរួមពីលោក ឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ និងចៅសង្កាត់-ស្មៀនទាំង៨ អធិការខណ្ឌ នាយប៉ុស្តិ៍ និងមេភូមិទាំងអស់ ព្រមទាំងមន្ត្រីពាក់ព័ន្ឋនឹងការងារអន្តោប្រវេសន៍ នៃអធិការដ្ឋានខណ្ឌច្បារអំពៅ សរុប ចំនួន ១៣៥នាក់។

លោកឧត្តសេនីយ៍ឯក ឃួន សំបូរ បានថ្លែងថា អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ក្រុមការងារនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលជាសេនាធិការឲ្យក្រសួងមហាផ្ទៃ ក្នុងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ បាននិងកំពុងតែបំពេញភារកិច្ចតាមតួនាទី របស់ខ្លួន លើការងារជនបរទេស ជាអន្តោប្រវេសន៍ និងពលករបរទេស។ គិតចាប់តាំងពីបង្កើត អគ្គនាយកដ្ឋាន អន្តោប្រវេសន៍មកដល់ថ្ងៃ នេះក្រុមការងារអន្តោប្រវេសន៍ បានចុះស្រាវជ្រាវ និងឃាត់ខ្លួន ជនបរទេស អន្តោប្រវេសន៍ជាច្រើនជាតិសាសន៍ អ្នកខ្លះមាន ឯកសារ ត្រឹមត្រូវតាមច្បាប់អន្តោប្រវេសន៍ ចំណែកអ្នកខ្លះ ទៀត ដែលគ្មានឯកសារគ្រប់គ្រាន់ និងត្រូវបណ្តេញចេញពី ប្រទេសកម្ពុជាទៅប្រទេសដើមវិញ។

លោកអនុប្រធាននាយកដ្ឋានបានបន្តទៀតថា ការអនុវត្តនីតិវិធីកន្លងមក មិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយទេ... ការងារគ្រប់គ្រង ជនបរទេសអន្តោប្រវេសន៍ទាមទារឲ្យ មានកិច្ចសហការពីអាជ្ញាធរ-សមត្ថកិច្ចនៅមូលដ្ឋានទើបមានប្រសិទ្ធភាព ជាពិសេសលោក-លោកស្រី ជាចៅសង្កាត់ , នាយ-នាយរងនគរបាលប៉ុស្តិ៍រដ្ឋបាល និងនគរបាលមណ្ឌល ដែលគ្រប់គ្រងប្រជាពលរដ្ឋ ផ្ទាល់នៅតាមមូលដ្ឋាន។

កិច្ចការងារដែលត្រូវធ្វើបន្តលើការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ ឲ្យមានប្រសិទ្ធភាពនោះ សូមនគរបាលនៅតាមបណ្តាប៉ុស្តិ៍រដ្ឋបាលបញ្ឈប់ ការធ្វើឯកសារចុះបញ្ជី ឲ្យជនអន្តោប្រវេសន៍ តទៅទៀត ហើយត្រូវសហការជាមួយ អាជ្ញាធរសង្កាត់ និងខណ្ឌ ធ្វើការផ្សព្វផ្សាយសេចក្តីណែនាំ លេខ១៦៧០ របស់ក្រសួងមហាផ្ទៃ ក្នុងការចុះជំរឿនជនបរទេស អន្តោប្រវេសន៍ដែលចូលមកក្នុងប្រទេសកម្ពុជាឲ្យបានចប់សព្វគ្រប់ក្នុងឆ្នាំ២០១៦នេះ។ ចំពោះជនបរទេសអន្តោប្រវេសន៍ណា ដែលមិនបានជំរឿនត្រូវចាត់ទុកថា ខុសច្បាប់អន្តោប្រវេសន៍ ប្រឈប់មុខនិងការបណ្តេញចេញទៅប្រទេសដើមវិញ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ លោក ឃួង ស្រេង ថ្លែងថា ការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍នេះ មិនមែនជាការងារ ដាច់ដោយឡែក របស់សមត្ថកិច្ចជំនាញនោះទេ....គឺជាការងាររួមរបស់យើងទាំងអស់គ្នា ទាមទារឲ្យមានកិច្ចសហការរវាងអាជ្ញាធរសង្កាត់-ខណ្ឌ, នគរបាលប៉ុស្ត៍រដ្ឋបាល និងអធិការដ្ឋាន។ រឿងដែលសំខាន់សូមអស់លោកជាស្មៀនសង្កាត់មិនត្រូវបំពេញឯកសារ អត្រានុកូលដ្ឋាន ដល់ជន បរទេសអន្តោប្រវេសន៍នោះឡើយ ត្រូវមានការសួរនាំស៊ើប អង្កេតឲ្យច្បាស់ពីស្ថាប័នជំនាញ មុននិងចុះបញ្ជីអត្រានុកូលដ្ឋាន។

ដោយឡែកមន្ត្រីនគរបាលប៉ុស្តិ៍និងនគរបាលមណ្ឌល ដែលគ្រប់គ្រងប្រជាពលរដ្ឋ ផ្ទាល់ត្រូវពិនិត្យ ឲ្យបានដិតដល់ទៅលើឯកសារ ពាក់ព័ន្ធជាមួយជនបរ ទេសអន្តោប្រវេសន៍ មុននឹងដាក់ឲ្យនាយប៉ុស្តិ៍ចុះហត្ថលេខា កុំចេះតែបំពេញឯកសារ ផ្តេសផ្តាស់ប្រយ័ត្នច្បាប់ គឺជាច្បាប់មិនអាចយកមនោសញ្ចេតនា មកលាយឡំបានទេ អ្នកណាធ្វើអ្នកនោះត្រូវទទួលខុសត្រូវ និយាយរួមត្រូវធ្វើការងារដោយភាពទទួលខុសត្រូវ ប្រកបដោយឆន្ទះពិតប្រាកដ នៅពេលដែលយើងមានសំណាង ក្នុងការបំពេញភារៈកិច្ច ជូនជាតិមាតុភូមិ៕