(កំពត)៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឧបត្ថម្ភថវិកាចំនួន៤០ម៉ឺនរៀល ជូនដល់គ្រួសាររងគ្រោះ ដែលផ្ទះត្រូវភ្លើងឆេះហ្មត់ និងបណ្តាលឲ្យប្រពន្ធស្លាប់ ក្នុងភ្នក់ភ្លើងគួរឲ្យអាណោចអាធ័មនៅយប់មិញ។ ហេតុការណ៍នេះ បានកើតឡើងនៅភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
លោក ឡុង គីម តំណាងឲ្យលោកស្នងការ បានថវិកាទៅប្រគល់ជូនគ្រួសារពស និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រសាររងគ្រោះ។
ផ្ទះដែលផ្ទះត្រូវភ្លើងឆេះនោះមានទំហ៊ំ ៤×៥ម៉ែត្រដំបូលប្រកស្បូវ ជញ្ជាំងក្តាមួយចំហៀង ស្លឹកមួយចំហៀងបណ្តាលឲ្យស្ត្រីជាម្ចាស់ផ្ទះម្នាក់ ឈ្មោះ អ៊ុយ ង៉ែម អាយុ៦៣ឆ្នាំ ស្លាប់ក្នុងភ្នក់ភ្លើង ដោយគ្មានសេសសល់សាច់ឬឆ្អឹង អ្វីឡើយ ខណៈជនរងគ្រោះនៅផ្ទះម្នាក់ឯង ហើយប្តី និងកូនស្រី បានចេញពីផ្ទះទៅ ស៊ីការគេក្នុងភូមិចម្ងាយ៨គីឡូម៉ែត្រពីផ្ទះ។ មូលហេតុដែលនាំឲ្យឆេះនេះ ត្រូវសមត្ថកិច្ចសន្និដ្ឋានថា អាចមកពីឆាបភ្លើងចង្កៀងក្នុងផ្ទះ។
គួរបញ្ជាក់ផងថា នៅចន្លោះម៉ោង៨៖០០ ទៅម៉ោង៩៖៣០នាទីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ មានករណីភ្លើងឆេះផ្ទះមួយខ្នងនៅតំបន់ដាច់ស្រយាលមួយក្បែជើងភ្នំកំចាយ ស្ថិតស្រុកទឹកឈូ។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់បន្ថែមថា លោកនឹងបញ្ជូនកម្លាំងនគរបាលចុះទៅជួយសាងសង់ផ្ទះឡើងវិញជូនជនរងគ្រោះវិញផងដែរ៕