(បន្ទាយមានជ័យ)៖ ឃ្លាំងស្តុកទំនិញ២ នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាល ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការ សម្របសម្រួលពីតំណាងអយ្យការ នៅយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ ចុះឆែកត្រួតពិនិត្យ សង្ស័យឃ្លាំងទំនិញទាំងនេះគេចពន្ធនាំចូលពីថៃ។
លោក ឆេង សុវត្ថិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានប្រាប់ Fresh Newsថា ឃ្លាំងទាំង២ខាងលើនេះមានផ្ទុកទំនិញគេចពន្ធមកពីប្រទេសថៃ តែរឿងជំនាញពន្ធនេះ លោកគ្មានជំនាញទេ គឺទុកឲ្យព្រះរាជអាជ្ញាចាត់ចែងជំនាញ ណាមួយមកត្រួតពិនិត្យបន្តទៀត។
លោកបន្តទៀតថា ទំនិញទាំងអស់នោះមិនដកហូតឡើយ យើងគ្រាន់តែរាប់ចំនួនតួរលេខទំនិញ ហើយរៀបចំគណ:កម្មការចូលរួមធ្វើលិខិតបិតសោឃ្លាំងខាងលើនេះ។ ឃ្លាំងខាងលើនេះរួមមាន សារុង សំបកម៉ូតូ មី មីសួរ នំ ទឹកដោះគោក្រហម និងទំនិញផ្សេងៗទៀត។ ម្ចាស់ឃ្លាំងទាំងនោះត្រូវបានគេស្គាល់ថា ស្តង់ទី១ម្ចាស់ឈ្មោះ មុំ សុខុម (យាយម៉ាប់) អាយុ៥៨ឆ្នាំ មិនព្រមចូលរួមសហការ និងស្តង់ទី២ម្ចាស់ឈ្មោះ ជា ទី ភេទប្រុស អាយុ៥៣ឆ្នាំ មិនព្រមប្រគលសោឃ្លាំង មានទីតាំក្បែរគ្នា ក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត៕