(ភ្នំពេញ)៖ នៅពេលដែលគោលបំណង នៃកិច្ចសន្យាមិនអាចសម្រេចទៅដល់គោលដៅ ឬមានការរំលោភបំពានកិច្ចសន្យា ពីភាគីណាមួយនៃកិច្ចសន្យា នោះភាគីម្ខាងដែលទទួលរងគ្រោះ ដោយការមិនអនុវត្តកាតព្វកិច្ចរបស់ ភាគីម្ខាងទៀតនៃកិច្ចសន្យា អាចទាមទារឱ្យភាគីដែលរំលោភបំពានកិច្ចសន្យា អនុវត្តដោយបង្ខំ សងសំណងការខូចខាត ឬរំលាយកិច្ចសន្យា នេះបើយោងតាមមាត្រា ៣៩០ នៃក្រមរដ្ឋប្បវេណី ។
តើការរំលាយកិច្ចសន្យា អាចធ្វើទៅបានក្នុងករណីណាខ្លះ? តើសកម្មភាពបែបណា ជាការបំពានកិច្ចសន្យាធ្ងន់ធ្ងរ ? តើភាគីអាចអនុវត្តសិទ្ធិរំលាយកិច្ចសន្យាតាមវិធីណា ? ដើម្បីឲ្យកាន់តែច្បាស់ ស្ថាប័នសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីអំពី “ការរំលាយកិច្ចសន្យា” មកធ្វើការបកស្រាយជូនសាធារណៈជន។
ការរំលាយកិច្ចសន្យា គឺជាការរំលត់កាតព្វកិច្ចរវាងភាគី នៃកិច្ចសន្យាទៅវិញទៅមក ហើយការរំលាយកិច្ចសន្យានេះទៀតសោត អាចធ្វើបានតែចំពោះកិច្ចសន្យាអញ្ញមញ្ញ (ជាកិច្ចសន្យាដែលភាគី មានកាតព្វកិច្ចបំពេញចំពោះគ្នាទៅវិញទៅមក ដូចជា ភតិសន្យា កិច្ចសន្យាលក់ទិញ កិច្ចសន្យាជួល ជាអាទិ៍) តែប៉ុណ្ណោះ។ ការរំលាយកិច្ចសន្យាអាចធ្វើឡើង តាម៣រូបភាពដូចជា៖ ទី១ ការរំលាយកិច្ចស្យាតាមច្បាប់ ទី២ ការរំលាយកិច្ចសន្យាតាម ការកំណត់ក្នុងកិច្ចសន្យា និងទី៣ ការរំលាយកិច្ចសន្យាតាមការព្រមព្រៀងរបស់ភាគី។
១៖ ការរំលាយកិច្ចសន្យាតាមច្បាប់
សិទ្ធិរំលាយកិច្ចសន្យាតាមច្បាប់ អាចធ្វើទៅបានលុះត្រាតែកិច្ចសន្យានោះជាកិច្ចសន្យាអញ្ញមញ្ញ ហើយភាគីណាម្ខាងនៃកិច្ចសន្យានោះ មិនអនុវត្តកាតព្វកិច្ច ឬមិនអាចអនុវត្តកាតព្វកិច្ចបាន ឬបានរំលោភបំពានកិច្ចសន្យាយ៉ាងធ្ងន់ធ្ងរ ដូចនេះ ភាគីម្ខាងទៀតនៃកិច្ចសន្យាអាចយោងតាមមូលហេតុនេះ ដើម្បីធ្វើការរំលាយកិច្ចសន្យាបានភ្លាមៗ ។ ការបំពានកិច្ចសន្យាធ្ងន់ធ្ងរ សំដៅលើករណីដែលភាគីម្ខាងមិនអាចសម្រេចនូវគោលបំណង នៃកិច្ចសន្យាបាន ដោយសារការបំពានកិច្ចសន្យារបស់ភាគីម្ខាងទៀត ។ ត្រូវចាត់ទុកថាមានការបំពានកិច្ចសន្យាធ្ងន់ធ្ងរ ក្នុងករណីដូចខាងក្រោមនេះ៖
ក៖ ភាគីម្ខាងបានដាស់តឿនភាគីម្ខាងទៀតដែលមិនបានអនុវត្តកាតព្វកិច្ចតាមពេលកំណត់ ដោយអំឡុងពេលសមរម្យដើម្បីឲ្យអនុវត្តកាតព្វកិច្ច ហើយកាតព្វកិច្ចមិនត្រូវបានអនុវត្តក្នុងអំឡុងពេលនោះ។
ខ៖ ភាគីមិនអនុវត្តកាតព្វកិច្ចតាមពេលកំណត់ក្នុងកិច្ចសន្យា ក្នុងករណីដែលគោលបំណងនៃកិច្ចសន្យាមិនបានសម្រេចសោះ បើភាគីមិនអនុវត្តកាតព្វកិច្ចតាមពេលកំណត់នោះ។
គ៖ ភាគីមិនអាចអនុវត្តតាវកាលិកចម្បងរបស់ខ្លួនបានទេ ។
ឃ៖ ការបំពានកិច្ចសន្យាមានភាពហួសហេតុ ដែលធ្វើឲ្យបាត់បង់នូវទំនុកចិត្តរវាងគូភាគី ហើយមិនជឿជាក់ថា នឹងអនុវត្តកាតព្វកិច្ចនាអនាគតបាន។
យ៉ាងណាមិញ ភាគីដែលបំពានកិច្ចសន្យា មិនអាចរារាំងការរំលាយកិច្ចសន្យាដោយផ្អែកលើបញ្ញត្តិនៃកថាខណ្ឌទី១ ខាងលើនេះ ដោយយកមូលហេតុថាខ្លួនគ្មានកំហុសចំពោះការមិនអនុវត្តកាតព្វកិច្ចរបស់ខ្លួនបានឡើយ (មាត្រា៤០៧ ៤០៨ នៃក្រមរដ្ឋប្បវេណី)។
ភាគីដែលរងការខូចខាត ពីភាគីដែលបានបំពានកិច្ចសន្យាធ្ងន់ធ្ងរ អាចរំលាយកិច្ចសន្យា ដោយបង្ហាញឆន្ទៈរំលាយ ចំពោះភាគីម្ខាងទៀតបាន ស្របតាមគោលការណ៍ទូទៅនៃការបង្ហាញឆន្ទៈ ការបង្ហាញឆន្ទៈរំលាយនេះ ត្រូវមានអនុភាពនៅពេលដែល ការបង្ហាញឆន្ទៈនោះបានដល់ភាគីម្ខាងទៀត។ ការបង្ហាញឆន្ទៈរំលាយអាចធ្វើឡើងនៅក្រៅតុលាការបាន ពោលគឺភាគីដែលមានសិទ្ធិ រំលាយកិច្ចសន្យាអាចធ្វើការបង្ហាញ ឆន្ទៈរបស់ខ្លួនតាមរយៈការជូនដំណឹងទៅភាគីម្ខាងទៀតនៃកិច្ចសន្យា។ ការបង្ហាញឆន្ទៈក្នុងការរំលាយមិនអាចដកវិញបានទេ ប៉ុន្តែអាចដាក់លក្ខខណ្ឌបង្អង់បាន។
អាជ្ញាយុកាល(អំឡុងពេលដែលកំណត់ដោយច្បាប់) នៃការរំលត់សិទ្ធិរំលាយកិច្ចសន្យា ដោយមូលហេតុនៃការមិនអនុវត្តកាតព្វកិច្ច និងសិទ្ធិទាមទារឱ្យស្តារឡើងវិញនូវស្ថានភាពដើម ឬការប្រគល់ត្រឡប់ មានអំឡុងពេល ៥ ឆ្នាំ ក្រោយពីពេលដែលមានការមិនបានអនុវត្តកាតព្វកិច្ច នេះមានន័យថាបើផុតអំឡុងពេល ៥ ឆ្នាំនេះហើយ ភាគីដែលមានសិទ្ធិរំលាយលែងមានសិទ្ធិអនុវត្តសិទ្ធិរបស់ខ្លួនទៀតឡើយ។
២៖ ការរំលាយតាមការកំណត់ក្នុងកិច្ចសន្យា
សិទ្ធិរំលាយដែលកំណត់ក្នុងកិច្ចសន្យា ក្នុងករណីនេះជាសិទ្ធិរបស់ភាគី ប្រសិនបើកិច្ចសន្យាបានចែងពី «លក្ខខណ្ឌក្នុងការរំលាយកិច្ចសន្យា» នោះភាគីនៃកិច្ចសន្យា ត្រូវគោរព និងអនុវត្តតាមកិច្ចសន្យា ។
ប្រសិនបើភាគីណាមួយមានបំណងចង់រំលាយកិច្ចសន្យា ភាគីនោះត្រូវធ្វើការបង្ហាញឆន្ទៈក្នុងការរំលាយកិច្ចសន្យានោះ ដោយអានុភាពនៃការរំលាយកិច្ចសន្យានេះនាំឲ្យភាគីរួចផុតពីករណីកិច្ចក្នុងកិច្ចសន្យា លើកលែងតែករណីកិច្ចសំណងការខូចខាត (ប្រសិនបើការរំលាយកិច្ចសន្យានេះ នាំឲ្យខូចខាតផលប្រយោជន៍របស់ភាគីណាម្ខាង នោះភាគីប្រព្រឹត្តកំហុសត្រូវសងសំណងការខូចខាតដល់ភាគីរងគ្រោះនៃកិច្ចសន្យា) ។
មួយវិញទៀត ប្រសិនបើភាគីបានទទួលតាវកាលិកផ្សេងទៀតចំនួន មួយភាគ ឬទាំងអស់ នោះភាគីអ្នកទទួលត្រូវធ្វើបដិទានទៅភាគីម្ខាងទៀតវិញ(ប្រគល់ត្រឡប់) នៅពេលរំលាយកិច្ចសន្យា តែបើភាគីមានករណីកិច្ចសងជាប្រាក់ ភាគីនោះត្រូវសងជាប្រាក់ រួមទាំងការប្រាក់ដោយគិតចាប់ពីថ្ងៃដែលទទួលប្រាក់ដើមផងដែរ។ ផ្ទុយទៅវិញប្រសិនបើករណីកិច្ចនោះជាវត្ថុ នោះភាគីត្រូវបង្វិលសងទៅភាគីម្ខាងទៀតវិញ ជាវត្ថុ រួមទាំងផលដែលទទួលបានពីវត្ថុនោះ ។
៣៖ ការរំលាយកិច្ចសន្យាតាមការព្រមព្រៀងរបស់ភាគី
សិទ្ធិរំលាយកិច្ចសន្យាតាមការព្រមព្រៀង ករណីនេះមានលក្ខណៈងាយស្រួលជាងគេ ព្រោះថា បើទោះបីជាគ្មានការកំណត់សិទ្ធិក្នុងការរំលាយក៏ដោយ ក៏ភាគីម្ខាងមានសិទ្ធិរំលាយបានដែរ ប្រសិនបើមានការព្រមព្រៀងរបស់ភាគីម្ខាងទៀតនៃកិច្ចសន្យានោះ ។ ប៉ុន្ដែត្រង់ចំណុចនេះ ច្បាប់បានចែងការពារដល់ផលប្រយោជន៍របស់តតិយជន ដោយមិនអនុញ្ញាតឲ្យការរំលាយកិច្ចសន្យានេះ ជាហេតុធ្វើឲ្យមានការខូចខាត ដល់ផលប្រយោជន៍របស់តតិយជនឡើយ ។
សរុបមក ការរំលាយកិច្ចសន្យាអាចធ្វើទៅបាន លុះត្រាតែភាគីម្ខាងមានការបំពានកិច្ចសន្យាធ្ងន់ធ្ងរពីសំណាក់ភាគីម្ខាងទៀតនៃកិច្ចសន្យា ឬអាចធ្វើការរំលាយបានតាមរយៈកិច្ចសន្យារបស់ភាគី ឬអាចធ្វើការរំលាយ បានតាមការព្រមព្រៀងរបស់ភាគីនៃកិច្ចសន្យា ។ ប៉ុន្ដែដើម្បីជាភាពងាយស្រួលក្នុងការដោះស្រាយវិវាទ ក្នុងករណីមានការរំលាយកិច្ចសន្យា យើងគប្បីបង្កើតកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ពីព្រោះវាមានភាពងាយស្រួលដល់ភាគី ក្នុងការអនុវត្តកាតព្វកិច្ច រួមទាំងមានអំណះអំណាងច្បាស់លាស់ក្នុងការតវ៉ា តាមផ្លូវច្បាប់នៅពេលកើតមានវិវាទ។
រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងកញ្ញា ថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕