អូស្រ្តាលី ត្រូវបានគេរាយការណ៍ថា មានករណីវីរ៉ុស Zika ២ករណីកើតឡើង
03-02-2016 12:44
(ស៊ីដនី)៖ យោងតាមព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ជនជាតិអូស្ត្រាលី ២នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានផ្ទុកវីរ៉ុស Zika បន្ទាប់ពីត្រឡប់មកពីតំបន់ Caribbean នាទ្វីបអាមេរិកខាងជើង ដោយសេវាកម្មសុខាភិបាលរដ្ឋរបស់អូស្ត្រាលីបញ្ជាក់ថា នេះគឺជាករណីដំបូងនៃវីរ៉ុស ដែលកើតចេញពីសត្វមូស និងកើតឡើងនៅក្នុងប្រទេសក្នុងឆ្នាំ២០១៦នេះ។
ប្រភពខាងលើបន្តថា សត្វមូសជាច្រើនផ្ទុកដោយវីរ៉ុស ត្រូវបានរកឃើញនៅអាកាសយាន្តដ្ឋាន Sydney International Airport ប៉ុន្តែវាមិនទំនងថាវីរ៉ុសនេះ អាចចម្លងនៅក្នុងតំបន់បាននោះទេ ដោយសារតែចំនួនសត្វមូស ប្រភេទ Aedes Aegypti មានចំនួនតិចតួច។
ការបញ្ជាក់ថា មានករណីវីរ៉ុស Zika កើតឡើងនៅក្នុងប្រទេសអូស្រ្តាលីនេះ បានកើតឡើងក្រោយមួយថ្ងៃ អង្គការសុខភាពពិភពលោកប្រកាសថា វីរ៉ុស Zika គឺជាគ្រោះអាសន្នសុខភាព សាធារណៈអន្តរជាតិ ដោយសារតែវាមានការពាក់ព័ន្ធនឹងខួរក្បាលរបស់ទារកមួយចំនួន។
គួរជម្រាបថា រហូតមកដល់ពេលនេះ មិនទាន់មានវាក់សុំាងណាមួយ អាចប្រឆាំងនឹងវីរ៉ុសកើតឡើងដោយសត្វមូសនេះ បាននៅឡើយទេ៕