(ប៉ៃលិន)៖ ដោយទទួលបានការឧបត្ថម្ភស្បៀងអាហារពីលោក អ៉ី ឈាន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តប៉ៃលិន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាតំណាងរាស្រ្តបានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និងក្រុមការងារយុវជន ស.ស.យ.ក. ខេត្ត និងមូលដ្ឋាន ព្រមទាំងមានការចូលរួមពីកងកម្លាំងតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ចុះជួយសង្គ្រោះ និង ចែក ស្បៀងអាហារជូនប្រជាពលរដ្ឋជាបណ្តោះអាសន្ននៅលើទីទួលសុវត្ថិភាពចំនួន ២៥៣គ្រួសារ ស្ថិតនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សូមជម្រាបថា ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ខេត្តប៉ៃលិន តាំងពីព្រឹកព្រលឹម ថ្ងៃទី១០ ខែតុលានេះ បានជួយជម្លៀសពុកម៉ែបងប្អូនប្រជាពលរដ្ឋឱ្យមករកទីទួលសុវត្ថិភាព ដោយសារអាកាសធាតុមានភ្លៀងធ្លាក់បន្តជាប់គ្នាច្រើនម៉ោងតាំងពីថ្ងៃទី៩ ខែតុលា មកដល់ពេលនេះបានបង្កឱ្យមានការលិចលង់ផ្ទះសម្បែងរាប់រយខ្នង ភោគផលដំណាំរាប់ហិកតា និងសត្វពាហនៈរបស់ប្រជាពលរដ្ឋនៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕