(កំពង់ស្ពឺ)៖ លោក ណុប រ័ត្ននិមល និងលោកស្រី តំណាងកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធអគារយុវជនគណបក្ស និងសំណេះសំណាលជាមួយមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ យុវជនសិក្សានុសិស្ស ប្រជាពលរដ្ឋ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

លោក ណុប រ័ត្ននិមល បានលើកឡើងថា គណបក្សប្រឆាំងនៅប្រទេសគេ នៅពេលឃោសនាស្វែងរកសម្លេងការគាំទ្រពីប្រជាជន គេមិនបានអំពាវនាវឱ្យអន្តជាតិដាក់ទណ្ឌកម្ម មកលើជាតិ និងប្រទេសរបស់គេឡើយ។ គណបក្សប្រឆាំងគេមានតែស្នើបន្តសុំជំនួយ និងសូមអំពាវនាវកុំឱ្យសហគមន៍អន្តរជាតិផ្ដាច់ជំនួយពីប្រទេសខ្លួន និងអំពាវនាវដល់អ្នកវិនិយោគិន បរទេសមកដាក់ទុនវិនិយោគឱ្យបានច្រើនថែមទៀតផង។

លោកបន្តថា ផ្ទុយស្រឡះពីគណបក្សប្រឆាំងនៅកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ ខិតខំរិះរកល្បិចវិធីគ្រប់បែបយ៉ាង ដើម្បីឱ្យបរទេសដាក់ទណ្ឌកម្ម និងផ្ដាច់ជំនួយអភិវឌ្ឍន៍នានាពីប្រទេសខ្លួនឯង ថែមទាំងធ្វើសកម្មភាពញុះញង់ប្រជាពលរដ្ឋ ឥតឈប់ឈរចេតនាបំផ្លាញសន្តិភាព បង្អាក់ដំណើរការអភិវឌ្ឍ និងរំខានអ្នកវិនិយោគិនបរទេសនៅកម្ពុជា។

លោកបញ្ជាក់ថា «ជាក់ស្ដែងនៅក្នុងសភាពការណ៍ថ្មីកន្លងមកនេះ ដែលមានការរៀបចំរបៀបវារៈកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំពោះកម្ពុជាពីសំណាក់សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក គឺជាទិដ្ឋភាពនយោបាយ ដែលពួកប្រឆាំងយកមកប្រើប្រាស់ នឹងធ្វើជាអាយ៉ងរបស់បរទេស។ ទន្ទឹមនឹងនេះការពូតដុំនៅគ្រប់ធាតុផ្សំនៃឧបាយកលគ្រប់យ៉ាង ក្នុងការប៉ុនប៉ងនាំមកនូវ បដិវត្តពណ៌នៅកម្ពុជា ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នាពេលបច្ចុប្បន្ន។ សម្ដេចតេជោ បានមានប្រសាសន៍ដាច់ខាតមិនអោនក្បាល ឬយកអធិបតេយ្យភាពជាតិកម្ពុជាទៅដូរនឹង ជំនួយណាមួយនោះឡើយ»

លោក ណុប រត្ន័និមល បានបញ្ជាក់ថា កម្ពុជាគ្មានគណបក្សប្រឆាំង ពួកប្រឆាំងបែបបំផ្លាញបំផ្លាញសន្តិភាព ផលប្រយោជន៍ជាតិ និងប្រជាជនក៍កម្ពុជានៅតែបន្តការអភិវឌ្ឍជាបន្តបន្ទាប់ ក្រោមម្លប់សន្តិភាពរបស់សម្ដេចតេជោ ហ៊ុន សែន។

លោកបានលើកឡើងថា យុវជនជាសរសទ្រូងជាទំពាំងស្នងឬស្សី នៃប្រទេសជាតិដូចនេះយុវជនបន្តចូលរួមធ្វើសកម្មភាពការងារសង្គម សហការជាមួយអាជ្ញាធរចុះជួយប្រជាពលរដ្ឋ រងគ្រោះដោយសារធម្មជាតិផ្សេងៗ ដូចជា ទឹកជំនន់ខ្យល់ព្យុះជាដើម និងចូលរួមថែរក្សាការពារសន្តិភាពចូលរួមអភិវឌ្ឍប្រទេសជាមួយរាជរដ្ឋាភិបាល។

លោកបានអំពាវនាវដល់យុវជនប្រជាពលរដ្ឋ គ្រប់អាយុមកចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះក្នុងបញ្ជីគជបឱ្យបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធិពេញលេញក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំឆ្នាំ២០២២ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០២៣ ខាងមុខនេះ។

លោកអភិបាលស្រុកគងពិសី បានឲ្យដឹងថា អគារយុវជន ស្រុកគងពិសី ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ក្នុងឱកាសនេះ ចំនួន ១ខ្នង ធ្វើអំពីថ្ម ប្រក់ក្បឿង មានទំហំ ៨ x ១២ ម៉ែត្រ និងរៀបចំបំពាក់សម្ភារប្រើប្រាស់មួយចំនួន ដែលចំណាយថវិកាចំនួន ២១,១០០ដុល្លារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំកសាងដោយនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី។

ជាមួយនេះ បាននឹងកំពុងកសាងអាគារគណបក្សប្រជាជនកម្ពុជា ១ខ្នងបន្ថែមទៀត ដែលមានទំហំ ទទឹង ១២ម៉ែត្រ បណ្តោយ ២៨ម៉ែត្រ កម្ពស់ ១០ម៉ែត្រ គម្រោងចំណាយប្រមាណ ១០ម៉ឺនដុល្លារ បច្ចុប្បន្នបានប្រមាណ ៧០% នេះក៏ជាការបន្តជួយឧបត្ថម្ភរបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី។

នៅក្នុងឱកាសនោះ លោក ណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាភ ក៏បាននាំមកនូវអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភសាលាស្រុកគងពិសី ថវិកា២លានរៀល និងចែកជូនយាយជីតាជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស គ្រូពេទ្យ ក្រុមយុវជន ប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ ស្រុក គណៈកម្មការអាចារ្យវត្ត និងកងកម្លាំងមានសមត្ថកិច្ច មានក្រណាត់ស ក្រមា និងថវិការមួយចំនួនទៀត។

លោក ណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាភ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី បានដង្ហែរអង្គកឋិនទានវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា វត្តភ្នំតាមោក្ខ ភ្នំស្រង់ផងដែរ។

លោកក៏បានវេរប្រគេនបច្ច័យសង្កត់ត្រៃយ៍ អង្គកឋិនទាន សម្រាប់កសាងសមិទ្ធផលនានា នៅក្នុងវត្តភ្នំតាមោគ្ខ សរុបចំនួន ៦១លាន៩០ម៉ឹនរៀល ក្នុងនោះបច្ច័យរបស់កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី មានចំនួន ៥០លានរៀល ព្រមទាំងបានប្រគេនបច្ច័យដល់វត្តចំនួន២ផ្សេងទៀត ដែលក្នុង១វត្តៗ បច្ច័យ២លារៀល៕