(បន្ទាយមានជ័យ)៖ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរិសោភ័ណ បានចុះពិនិត្យមើលស្ថានភាពទឹក ក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ ខណៈដែលទឹកមានការ ជន់ឡើងនៅតំបន់មួយចំនួន នៅក្នុងខេត្ត នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។ ការចុះមើលពីស្ថានភាពទឹកនេះ លោកបានដឹកនាំក្រុមការងារ ចុះទៅសង្កាត់មួយចំនួន ដែលប្រឈមនឹងជំនន់ទឹកភ្លៀង ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា និងរកវិធីសាស្រ្តបញ្ចៀសការជន់លិច។
លោក ហ៊ឹល រ៉ាយ៉ា បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពទឹកនៅតំបន់មួយចំនួន នៅក្នុងក្រុង មានការជន់ឡើង តំបន់ខ្លះទឹកហូរលើផ្លូវពិតមែន ដោយសារតំបន់ខ្លះ មានលូមុខទឹកតូច ហូមិនទាន់។ ចំពោះដំណាំកសិកម្មវិញលោកបញ្ជាក់ថា មិនទាន់ទទួលរងផលប៉ះពាល់នោះទេ បើធៀបទៅនឹងឆ្នាំកន្លងទៅ ពោលគឺឆ្នាំ២០២០នេះតូច មិនទាន់ដល់កម្រិតដូចឆ្នាំមុននោះទេ។
លោកក៏បានសំណូមពរ ដល់បងប្អូនពលរដ្ឋដែលរស់នៅតំបន់ផ្លូវទឹក ឬតំបន់ទំនាបធ្លាប់ទទួលរងការជន់លិច ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះកូនចៅតូចៗ មិនត្រូវបណ្តែតបណ្តោយឡើយ ក្រែងកើតមានករណីលង់ទឹកជាយថាហេតុ ណាមួយកើតឡើង ពិសេសត្រូវប្រុងប្រយ័ត្ន សត្តអសិរពិសជាដើម បើមានករណីសត្វទិច ឬខាំ ត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល ឲ្យបានទាន់ពេលវេលា។
ម្យ៉ាងវិញទៀតលោកអភិបាលក្រុង បានឲ្យដឹងទៀតថា ក្រុងត្រៀមរួចជាស្រេចនូវឧបករណ៍ ឬសម្ភារសម្រាប់សង្គ្រោះបន្ទាន់ ក្នុងករណីជំនន់ទឹកភ្លៀងកើនឡើង ដើម្បីជួយសង្គ្រាះបងប្អូនពលរដ្ឋ នៅមូលដ្ឋានឲ្យបានទាន់ពេលវេលា។ ខណៈដែលជន់ទឹកភ្លៀង បានធ្លាក់មកបណ្តើរនេះ អភិបាលក្រុងណែនាំដល់សង្កាត់នីមួយៗ ត្រូវចុះពិនិត្យតាមដាន ឲ្យបានជាប្រចាំអំពីស្ថានភាពទឹក។
ជាវិធានការទៅពេលខាងមុខ លោក ហ៊ឹល រ៉ាយ៉ា បានជំរុញដល់គ្រប់សង្កាត់ទាំងអស់នៅក្នុងក្រុង ត្រូវរិះរកគ្រប់មធ្យោបាយ សម្រាប់រក្សាទឹកទុកប្រើប្រាស់ នៅរដូវប្រាំងពេលខាងមុខ ដោយឆ្នាំនេះសង្កេតឃើញថា ទឹកជន់ឆ្នាំនេះតិចជាបណ្តាឆ្នាំមុនៗ ដែលតម្រូវឲ្យយើងជាអាជ្ញាធរធ្វើយ៉ាងរក្សាទឹកទុកប្រើប្រាស់ នៅរដូវប្រាំងខាងមុខ កុំឲ្យមានការខ្វះខាត។
នៅល្ងាចថ្ងៃដដែល លោក ហ៊ឹល រ៉ាយ៉ា ក៏បានប្រើវិធានការក្តៅចំពោះម្ចាស់ផ្សារ រាត្រី TM ដែលបានដាក់លូបិទមុខទឹក ដែលបណ្តាលឲ្យទឹកលិចសាលារៀនព្រះពន្លា ដោយលោកបាននាំយកគ្រឿងចក្រ កាយបើកមុខទឹកនៅបញ្ចៀសទឹកកុំឲ្យលិចសាលារៀន ដែលជាហេតុប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សផងដែរ៕