(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដីស្រុកឃុំភូមិ ទៅប្រគល់ផ្ទះថ្មីដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈលោកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនកំពតផត ជូនអតីតយុទ្ធជនសោធននិវត្តន៍នៅភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាល្ងាចថ្ងៃសុក្រទី៩ ខែតុលា ឆ្នាំ២០២០។

អតីតយុទ្ធជនដែលបានទទួលផ្ទះថ្មីនេះមានឈ្មោះ ម៉ន ធឿន អាយុ៥៧ឆ្នាំ បានចូលបម្រើក្នុងជួរកងទ័ពនៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៩០ និងបានចូលនិវត្តន៍នៅឆ្នាំ២០០០ មានភរិយាឈ្មោះ សាន អិត អាយុ៥៤ឆ្នាំ មានកូនចំនួន៧នាក់ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន៥នាក់ បច្ចុប្បន្នប្រកបមុខរបរធ្វើស្រែ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង និងបានលើកឡើងថា ទាំងនេះជាការដឹងគុណដ៏ធំធេងដល់អតីតយុទ្ធជនក្នុងការបូជាសាច់ស្រស់ ឈាមស្រស់របស់បងប្អូន ចូលរួមចំណែកជាមួយសម្តេចតេជោ ក្នុងបុព្វហេតុធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

លោកបានបន្តទៀតថា ផ្ទះថ្មីដែលប្រគល់ជូននាពេលនេះមានទំហំ ៤មx៦ម ធ្វើអំពីឆ្អឹងដែក ដំបូងប្រក់ស័ង្កសីកិនភ្លឺ ជញ្ជាំងស្មាតប៊ត និងរនាបក្តារ ជណ្តើរកាច់។ ក្នុងឱកាសប្រគល់ផ្ទះថ្មីនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំនូវអំណោយគ្រឿងឧបភោគបរិភោគរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ផ្តល់ជូនគាត់បន្ថែមនៅពេលនេះរួមមាន៖ អង្ករ ៥០ គ.ក្រ មីម៉ាម៉ា ០២កេស ទឹកត្រី ទឹកស៊ីអ៉ីវ ០២ យួរ មុងជ្រលក់ថ្នាំចំនួនមួយ និងថវិកាមួយចំនួន។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរ និងផ្តាំផ្ញើដល់អតីតយុទ្ធជន និងក្រុមគ្រួសារព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវនៅគ្នាទៅពិនិត្យឈ្មោះបោះឆ្នោត និងជាពិសេសបើមានក្មួយៗ នៅក្នុងសមាជិកគ្រួសារទើបគ្រប់អាយុ១៨ឆ្នាំ ត្រូវនាំគាត់ទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីឲ្យបានគ្រប់ៗគ្នា និងសូមចូលរួមក្នុងការការពារឆ្លងរីករាលដាលកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបច្ចុប្បន្នកំពុងរីករាលដាលនៅទូទាំងពិភពលោក។

ចុងក្រោយគ្រួសារអតីតយុទ្ធជន រួមជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋពិតជាមានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង ដែលបានទទួលផ្ទះថ្មី និងបានទទួលព័ត៌មានថា នៅឆ្នាំ២០២១ខាងមុខនេះ សម្តេចនឹងតម្លើងប្រាក់បៀវត្សបន្ថែមជូនដល់អតីតយុទ្ធជន ដែលចូលនិវត្តន៍មុនៗ ឲ្យបានទទួលប្រាក់ខែប្រហាក់ប្រហែលនឹងអតីតយុទ្ធជន ដែលទើបចូលនិវត្តន៍ដែលមានប្រាក់បៀវត្សច្រើន ដោយមិនឲ្យគម្លាតប្រាក់ឆ្ងាយគ្នាពេក និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃរដ្ឋាភិបាល ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាជន។

គួរបញ្ជា្កក់ថា ផ្ទះថ្មីនេះជាខ្នងផ្ទះទី១៧២ ដែលសម្តេចតេជោ ប្រគល់ជូនគ្រួសារអតីតយុទ្ធជនខេត្តកំពង់ធំ៕