(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចុះជួបជួបសំណេះសំណាល និងចែកអំណោយដល់នារី ដែលមានជីវភាពខ្វះខាត ចំនួន១២០គ្រួសារ នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំខណ្ឌប្ញស្សីកែវ។
លោកស្រីបានថ្លែងថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថិរភាពនយោបាយល្អ និងមានភាពរីកចម្រើនលើគ្រប់វិស័យ ជាពិសេសបានធ្វើឲ្យកាន់តែប្រសើរឡើងនូវ មនុស្ស ផ្លូវ ទឹក ភ្លើង ដោយប្រកាន់ខ្ជាប់នូវបាវចនាកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ។
លោកស្រីបានកោតសសើរដល់នារីគ្រប់លំដាប់ថ្នាក់ ក៏ដូចជាថ្នាក់ដឹកនាំខណ្ឌឬស្សីកែវ បានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ និងបានផ្លាស់ប្តូរសម្រស់ក្នុងខណ្ឌ ដែលជាផ្នែកមួយក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី ម៉ែន សំអន បានបន្តទៀតថា បើទោះបីជាក្នុងដំណាក់កាល ដែលពិភពលោកកំពុងតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ រដ្ឋាភិបាលមានចំណាត់ការ និងវិធានការណ៍យ៉ាងតឹងរឹង ក្នុងការទប់ស្កាត់បានទាន់ពេលវេលា ក្នុងការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។
ជាពិសេស ការជួបជុំថ្ងៃនេះ ក៏បានបង្ហាញអំពីប្រទេសជាតិមានសុខសន្តិភាព និងការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល តាមរយៈសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អនុសាខាសមានគមន៍នារីគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី និងក្រុមការងារចុះជួយសង្កាត់ ដែលតែងចុះជួបសំណេះសំណាល និងនាំយកនូវអំណោយមកឧបត្ថម្ភដល់គ្រួសារ ដែលជួបការលំបាកក្នុងអំឡុងពេលកូវីដ១៩ នេះផងដែរ។
លោកស្រី បានផ្តល់អានុសាសន៍ដល់អង្គពិធី មានដូចតទៅ៖
ទី១៖ ប្រជាពលរដ្ឋត្រូវរក្សាគម្លាតសង្គម និងថែរក្សាអនាម័យ ស្របតាមវិធានការណ៍របស់រាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់នូវជំងឺកូវីដ១៩
ទី២៖ អាជ្ញារធរគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមប្រព្រឹត្តតែអំពើល្អ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងខណ្ឌប្ញស្សីកែវ ឲ្យបានកាន់តែប្រសើរឡើង ការពង្រឹងនូវ ភូមិ ឃុំ មានសុវត្ថិភាព និងជំរុញដល់ការធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងជំរុញដល់ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ស្របតាមការណែនាំរបស់គណៈកម្មាធិការជាតរៀបចំការបោះឆ្នោត
ទី៣៖ អាជ្ញាធរខណ្ឌត្រូវសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងមន្ទីរផែនការរាជធានីភ្នំពេញ ក្នុងពន្លឿន ជំរុញបន្ថែមទៀត ក្នុងការពិនិត្យ និងធ្វើឲ្យកាត់តែមានសុក្រិតភាព ក្នុងការកំណត់ អត្តសញ្ញាណគ្រួសារកីក្រ កម្រិត១ និងកម្រិត២ ដើម្បីទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល
ទី៤៖ ស្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីមានលទ្ធភាព ដឹកនាំ និងទទួលខុសត្រូវ លើការងារនិងតួនាទីរបស់ខ្លួន។
អំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម ទឹកស៉ីអ៉ីវ ២យួរ ត្រីខកំប៉ុង ១យួរ ទឹកសុទ្ធ ១កេស អាល់កុល ១ដប និងថវិកាមួយចំនួន៕