Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ វេណេស៊ុយអេឡា និង រុស្ស៊ី ពិភាក្សាគ្នារកវិធី ដំឡើងថ្លៃប្រេង

03-02-2016 11:46

(វេណេស៊ុយអេឡា)៖ រដ្ឋមន្ត្រីធនធានប្រេង និង រ៉ែ របស់ប្រទេសវេណេស៊ុយអេឡា លោក អឺឡូជីអូ ឌែល ភីណូ (Eulogio Del Pino) នៅថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ ២០១៦ បានជួប ជាមួយនឹងលោក អ៊ីហ្គ័រ សេជីន (Igor Sechin) ប្រធានក្រុមហ៊ុនប្រេងរដ្ឋ Rosneft របស់រុស្ស៊ី ដើម្បីពិភាក្សាគ្នាស្វែងរកដំណោះស្រាយ ធ្វើឲ្យតម្លៃប្រេងដែលកំពុងដាំក្បាលចុះ នោះ វិលមករកស្ថិរភាពឡើងវិញ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ នេះទៀតថា កិច្ចប្រជុំខាងលើនេះ ធ្វើឡើងជាផ្នែកមួយនៃដំណើរទស្សនកិច្ច របស់លោក ឌែល ភីណូ មកកាន់បណ្តាប្រទេស ដែលជាសមាជិក នៃអង្គការនាំចេញប្រេងសកល (OPEC)។ នេះបើតាមការចេញផ្សាយក្នុង វែបសាយ ក្រុមហ៊ុនប្រេងរដ្ឋ វេណេស៊ុយអេឡា PDVSA។

គួរបញ្ជាក់ថា ក្នុងនាមជាប្រធានរបស់ PDVSA លោក ឌែល ភីណូ មានគម្រោងបន្ថែមទៀត ក្នុងរៀបចំដំណើរទស្សនកិច្ច ទៅកាន់ប្រទេស កាតា, អ៊ីរ៉ង់, និង អារ៉ាប៊ី សាអូឌីត ស្ថិតក្នុង គោលដៅ បង្កើតឲ្យបាននូវកិច្ចព្រមព្រៀងរួមគ្នាមួយ ដើម្បីកាត់បន្ថយការផលិតប្រេង ហើយនិង ទាញតម្លៃប្រេង ដែលធ្លាក់ចុះនោះ ឲ្យត្រឡប់មករកសភាពធម្មតាវិញ។

រហូតមកដល់ដើមសប្តាហ៍នេះ តម្លៃប្រេងឆៅរបស់ OPEC ត្រូវបានគេមើលឃើញថា បានធ្លាក់ ចុះក្នុងចំនួន ៧០ ភាគរយទៅហើយ មកនៅត្រឹម ២៩,៦៩ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល៕