(ភ្នំពេញ)៖ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ប៊ន សំអាត បានបញ្ជាក់នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា នៅយប់មិញ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលតាមមូលដ្ឋាន បានបើកប្រតិបត្តិការ បង្ក្រាបករណីគ្រឿងញៀន ជាបន្តបន្ទាប់រហូតឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យ២៥នាក់ ដកហូតថ្នាំជាង៥០កញ្ចប់ និងម៉ូតូ១០គ្រឿង ក្នុងនោះភាគច្រើនត្រូវបានបង្ក្រាបនៅខណ្ឌជ្រោយចង្វារ ។

លោក ប៊ន សំអាត បានបញ្ជាក់ថា ជនសង្ស័យទាំងនេះស្ថិតក្រោមការសាកសួរមុនបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី ។

សម្រាប់ខណ្ឌជ្រោយចង្វារ យុវជន៩នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន សួរនាំជាបន្តបន្ទាប់ក្រោយរកឃើញគ្រឿងញៀន ចំនួន៥កញ្ចប់ និងម៉ូតូចំនួន៤គ្រឿង នៅវេលាម៉ោង០៤៖០០នាទីល្ងាចថ្ងៃទី០២ ខែ កុម្ភ: ឆ្នាំ២០១៦ រួចសមត្ថកិច្ចបានបន្តដាក់គោលដៅ ត្រួតពិនិត្យបទល្មើសចរាចរបន្ថែមរហូតដល់ម៉ោង ​២៖០០នាទីយប់រំលោងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៦ បានឃាត់ខ្លួន យុវជនចំនួន១២នាក់បន្ថែមទៀតដោយដកហូតគ្រឿងញៀន ចំនួន៥កញ្ចប់និងម៉ូតូចំនួន៥គ្រឿង សរុបមុនក្រោយឃាត់ខ្លួន យុវជនចំនួន២១នាក់ដកហូតសារធាតុញៀន១០កញ្ចប់រួម និងម៉ូតូចំនួន១០គ្រឿង នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៦ ទល់មុខវត្តគៀនឃ្លាំង ក្រុម៣ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

អធិការងខណ្ឌជ្រោយចង្វារទទួលផែនព្រហ្មទណ្ឌលោក ឯក សេរីវុធ បានឲ្យដឹងថា បន្ទាប់ពីរ ទទួលបានផែនការពីរអធិការនគរបាល ខណ្ឌជ្រោយចង្វារ លោក សៀម សុត្ថាវុធ បានដាក់គោលដៅត្រួតពិនិត្យចរាចរ និងដើម្បីរក្សាសន្តិសុខសុវត្ថិភាពផ្សេងៗក្នុងមូលដ្ឋាន តាមបណ្ដោយផ្លូវជាតិលេខ៦នោះ កម្លាំងនគរបាលក៏ប្រទះឃើញយុវជនជិះម៉ូតូ៤គ្រឿងមានបក្ខពួក៩នាក់ និងឆែកឆេររកឃើញ ក្រាមសថ្លា ជាប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់ថង់តូចដែលក្រុមយុវជនទាំងនោះបានរក្សាទុបម្រុងធ្វើ សកម្មភាពប្រើប្រាស់ជាមួយគ្នា។

លុះមកដល់វេលាម៉ោង០២និង០០នាទីយប់រំលោងអាធ្រាតឈានចូលថ្ងៃទី០៣ ខែ កុម្ភៈ ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារបានដាក់គោលដៅ ត្រួតពិនិត្យបទល្មើសផ្សេងៗបានឈានដល់ឃាត់ខ្លួនយុវជន បន្ថែម១២នាក់ទៀតដោយ រកឃើញគ្រឿងញៀន ៥កញ្ចប់រួមនិងម៉ូតូចំនួន៥គ្រឿងផងដែរ។

បច្ចុប្បន្នក្រុមយុវជនទាំង២១នាក់រួមនិងវត្ថុតាងគ្រឿងញៀន១០កញ្ចប់ព្រមទាំងម៉ូតូចំនួន ៩គ្រឿងកំពុងស្ថិតក្រោម ការសួរនាំនិងឃុំខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីរៀបចំចាត់ការតាមនិតិវិធីច្បាប់៕

 

Posted by Sheet on Tuesday, February 2, 2016