(ភ្នំពេញ)៖ ទីបំផុត លោក ញឹក ប៊ុនឆៃ អនុប្រធានទី២ គណបក្សហ៊្វុនស៊ិនប៉ិច បានសម្រេចដើរចេញពីសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ហើយបង្កើតគណបក្សថ្មីមួយទៀតដែលមានឈ្មោះថា «គណបក្សរួបរួមជាតិ»។ នេះបើតាមសន្និសីទកាសែតមួយ ដែលធ្វើឡើងដោយ លោក ញឹក ប៊ុនឆៃ នៅគេហដ្ឋានរបស់លោកនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦នេះ។
គណបក្សហ៊្វុនស៊ិនប៉ិច កំពុងបែកបាក់ផ្ទៃក្នុងម្តងទៀត ក្រោយពីរួបរួមគ្នាបានរយៈពេលជាង១ឆ្នាំ បន្ទាប់ពីមានវាយប្រហារគ្នាទៅវិញទៅមក រវាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និង លោក ញឹក ប៊ុនឆៃ អនុប្រធានទី២ គណបក្សហ៊្វុនស៊ិនប៉ិច។
លោក ញឹក ប៊ុនឆៃ ពុំសូវពេញចិត្តទៅនឹងរចនាសម្ព័ន្ធថ្មីនៃគណបក្សហ៊្វុនស៊ិនប៉ិច និងការដឹកនាំដោយសម្តេចក្រុមព្រះនាថ្មីៗនេះនោះទេ ហើយចោទថា ក្រោមការដឹកនាំរបស់ សម្តេចក្រុមព្រះរយៈពេល១ឆ្នាំមកនេះ ហ៊្វុនស៊ិនប៉ិច មិនភាពរីកចំរើនអ្វីទាំងអស់ និងមានតែការអន់ថយទៅៗ។
សូមជំរាបថា នាថ្មីៗនេះ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានព្រមានបង្កើត ក្រុមប្រឹក្សាវិន័យ នៅក្នុងបក្ស ដើម្បីដាក់ទោសទៅលើ លោក ញឹក ប៊ុនឆៃ ដែលបានធ្វើសកម្មភាពមួយចំនួន ដែលមិនមានការអនុញ្ញាតពីព្រះអង្គ។ ជាមួយគ្នានេះ លោក ញឹក ប៊ុនឆៃ បានចេញលិខិតប្រតិកម្មទៅនឹងការបង្កើតក្រុមប្រឹក្សាវិន័យនេះ ដោយលោកស្នើឱ្យមានការចូលរួម ពីសមាជិកហ៊្វុនស៊ិនប៉ិចចាស់ដែរ ហើយមិនត្រូវដាក់តែបក្ខពួក សម្តេចក្រុមព្រះនោះទេ៕