(ពោធិ៍សាត់)៖ នៅវេលាម៉ោង ៩យប់ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយថ្នាក់ដឹកនាំក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពទឹកដែលបានជន់លិចក្រុងពោធិ៍សាត់។
សូមជម្រាបជូនថា បន្ទាប់ពីទទួលបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើពីតំបន់ជួរភ្នំក្រវាញ ក្នុងកំឡុងពេលព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលព្យុះ និងវិសម្ពាធទាបនាប៉ុន្មានសប្តាហ៍កន្លងមកនេះ បានបណ្តាលឲ្យទឹកស្ទឹងពោធិ៍សាត់ បានឡើងដល់កម្ពស់ ៥,៥២ម៉ែត្រ លើកកម្ពស់ទឹកប្រុងប្រយ័ត្ន ៥,០០ម៉ែត្រ ធ្វើឲ្យជន់លិចក្រុងពោធិ៍សាត់អស់មួយផ្នែក។
ដើម្បីដោះស្រាយ និងបន្ធូរសភាពទឹកស្ទឹងពោធិ៍សាត់ជន់លិចក្រុង លោករដ្ឋមន្រ្តីធានធានទឹក បានចាត់ឲ្យក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយបុគ្គលិកជំនាញក្រុមហ៊ុន Guangdong Foreign Construction Co.Ltd បើកទ្វារទឹក៤ នៅសំណង់ស្ទាក់ទឹកដំណាក់អំពិលទាំងយប់ ដើម្បីបន្ថយបរិមាណទឹកស្ទឹងពោធិ៍សាត់ ដោយបើកបង្ហូរទឹកទៅផ្នែកខាងក្រោមតាមស្ទឹងស្វាយដូនកែវ ហើយទម្លាក់ចូលទៅបឹងទន្លេសាប។
បើតាមស្ថានភាពបន្ថយបរិមាណទឹកស្ទឹងពោធិ៍សាត់ទៅផ្នែកខាងក្រោម និងអាកាសធាតុមិនមានភ្លៀងបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ ទឹកស្ទឹងពោធិ៍សាត់នឹងឆាប់ស្រក ហើយវិលត្រលប់មកធម្មតាដូចមុនវិញ៕