(ភ្នំពេញ)៖ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានចេញលិខិតបញ្ជាមួយឲ្យកម្មករនិយោជិតក្រុមហ៊ុន ស៉ីនទ្រី ផ្អាកការធ្វើកូដកម្មជាបន្ទាន់ រហូតដល់នីតិវិធីនៃអាជ្ញាកណ្ដាលត្រូវបញ្ចប់សព្វគ្រប់តាមផ្លូវច្បាប់។ នេះបើយោងតាមលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។
លិខិតដដែលនោះ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបញ្ជាឲ្យកម្មករក្រុមហ៊ុន ស៉ីនទ្រី ត្រូវចូលធ្វើការងារវិញ ចាប់ពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ស្អែកនេះ តាមវេនរៀងៗខ្លួន។
គួរជម្រាបថា រហូតមកដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ កម្មករក្រុមហ៊ុន ស៉ីនទ្រី បន្ដមិនចេញប្រមូលសំរាមតាមការព្រមព្រៀង ក្នុងកិច្ចប្រជុំរកដំណោះស្រាយ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។
រដ្ឋបាលរាជធានីភ្នំពេញ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់កម្មករនិយោជិតរបស់ ក្រុមហ៊ុន ស៉ីនទ្រី មួយចំនួនដែលមិនបានគោរពតាមការព្រមព្រៀង ដូចមានចែងក្នុងកំណត់ហេតុអង្គប្រជុំ ដែលបានធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
សូមរំលឹកថា ក្នុងអង្គប្រជុំរកដំណោះស្រាយ គ្រប់ភាគីទាំងអស់ ពិសេសកម្មករក្រុមហ៊ុន ស៉ីនទ្រី បានព្រមព្រៀងដូចខាងក្រោម៖
*ទី១៖ ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ
*ទី២៖ ចំពោះការងាររបស់កម្មករនិយោជិត ទោះបីថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទើបបីក្រុមហ៊ុនស៉ិនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ
*ទី៣៖ សូមឲ្យកម្មករនិយោជិតទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះតទៅ៕