(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានរៀបចំកម្មវិធីពិសាភោជនាអាហារ សម្រាប់ក្រុមអតីតនិស្សិតកម្មវិធីអាហារូបករណ៍ MTCP ដែលធ្លាប់បានទៅសិក្សានៅឯប្រទេសម៉ាឡេស៉ីកាលពីចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០១៩។
កម្មវិធីនេះ ប្រព្រឹត្តធ្វើឡើងក្រោមវត្តមានលោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៉ី ប្រចាំកម្ពុជា និងមានភ្ញៀវចូលរួមសរុបត្រឹម៣០នាក់ប៉ុណ្ណោះ ចំពោះមុខបញ្ហាជំងឺកូវីដ-១៩ នៅសណ្ឋាគារ Rosewood Phnom Penh។
នេះគឺជាកម្មវិធីលើកទី៣ហើយ ដែលត្រូវបានរៀបចំដោយស្ថានទូតម៉ាឡេស៉ី សម្រាប់អតីតនិស្សិត MTCP នៅក្នុងឆ្នាំ២០២០នេះ ដោយពីរលើកដំបូង បានប្រារព្ធឡើងកាលពីខែមិថុនា ដោយមានវត្តមានទេសរដ្ឋមន្រ្តី លី ធុច និងទេសរដ្ឋមន្រ្តី អូស្មាន ហាសាន់ ជាភ្ញៀវកិត្តិយស។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីលើកកម្ពស់ឱ្យមានការចូលរួមពាក់ព័ន្ធឥតឈប់ឈរជាបន្តបន្ទាប់ទៀត និងកសាងនូវចំណងមិត្តរឹងមាំយូរអង្វែងជាមួយអតីតនិស្សិត MTCP។ មិនតែប៉ុណ្ណោះ វាក៏ដើម្បីបង្កើនទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ ក៏ដូចជាពង្រឹងបណ្តាញទាក់ទងរវាងស្ថានទូតម៉ាឡេស៉ី ប្រជាពលរដ្ឋម៉ាឡេស៉ីដែលរស់នៅប្រទេសកម្ពុជា និងអតីតនិស្សិត MTCP របស់កម្ពុជា។
ជារៀងរាល់ឆ្នាំ បណ្តាគ្រឹះស្ថានបណ្តុះបណ្តាលនាំមុខគេរបស់ម៉ាឡេស៉ី ផ្តល់នូវវគ្គសិក្សាឯកទេសរយៈពេលខ្លីច្រើនជាង៥០ ក្នុងជំនាញជាច្រើនដូចជា៖ កសិកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម អប់រំ បរិស្ថាន បណ្តុះបណ្តាលបច្ចេកទេសឧស្សាហកម្ម ការទូត គ្រប់គ្រងនិងរដ្ឋបាលសាធារណៈ សង្គម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងបច្ចេកវិទ្យាព័ត៌មានគមនាគមន៍ (ICT) ជាដើម។
កម្ពុជា បានក្លាយជាប្រទេសដែលបានទទួលបានកម្មវិធីអាហារូបករណ៍ MTCP កាលពីឆ្នាំ១៩៩១ ហើយមកទល់បច្ចុប្បន្ន ពលរដ្ឋកម្ពុជាសរុបច្រើនជាង១,៦០០នាក់ បានចូលរួមក្នុងវគ្គសិក្សានៃកម្មវិធីនេះ។
គួជម្រាបថា រាជរដ្ឋាភិបាលម៉ាឡេស៊ី បានចំណាយថវិកាចំនួន ១៨៧លានដុល្លារ សម្រាប់វគ្គបណ្តុះបណ្តាលនិស្សិតកម្មវិធីអាហារូបករណ៍ MTCP នៅប្រទេសម៉ាឡេស៉ី ដល់បណ្តាប្រទេសចំនួន១៤៤ ចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២០នេះ៕