(កំពង់ធំ)៖ អភិបាលស្រុកតាំងគោក លោក ហាក់ ម៉ុងហួត នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនពីព្រះតេជគុណ ថៃ ប៊ុនថេន ព្រះគ្រូចៅអធិការវត្តក្តីតាចិន (ស្ថិតក្នុងឃុំទ្រៀល) ទុកសម្រាប់ចែកជូនប្រជាពលរដ្ឋជួបការលំបាក និងត្រូវការការជួយទំនុកបម្រុងពីសំណាក់អាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា។
អំណោយរបស់ព្រះគុណម្ចាស់ ថៃ ប៊ុនថេន ខាងលើនេះ រួមមាន៖ អង្ករ ៤៥០ គីឡូក្រាម មី ២០ កេស ទឹកត្រី ៥ យួរ ទឹកស៉ីអ៉ីវ ៣ យួរ អំបិល ២០ កញ្ចប់ និងថវិកា ១,០០០,០០០ រៀលទៀតផងដែរ។
ទឹកព្រះទ័យដ៏ឧត្តុង្គឧត្តម និងការចូលរួមចំណែករបស់ព្រះអង្គ បានបង្ហាញពីការជួយទំនុកបម្រុងដល់ផ្នែកអាណាចក្រពីសំណាក់ពុទ្ធចក្រ ញ៉ាំងឱ្យមូលដ្ឋានស្រុកតាំងគោក ក៏ដូចជាមាតុភូមិកម្ពុជាទាំងមូលពោរពេញដោយសុខដុមនីយកម្ម ប្រកបដោយភាពជិតស្និទ្ធគាប់ប្រសើរ។
លោកអភិបាលស្រុក ហាក់ ម៉ុងហួត បានបញ្ជាក់ថា កន្លងមក ព្រះគ្រូចៅអធិការ ថៃ ប៊ុនថេន ក៏តែងតែនិមន្តចូលរួមជាមួយក្រុមការងាររដ្ឋបាលស្រុកតាំងគោក ក្នុងដំណេីរចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះជាច្រេីនលេីក ហេីយក៏បានឧបត្ថម្ភអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាជាច្រេីនមកដែរ។ ចំពោះព្រះគុណម្ចាស់អង្គនេះ ប្រជាពុទ្ធបរិស័ទចំណុះជេីងវត្ត ក៏ដូចជាប្រជាពលរដ្ឋទូទៅ និងមន្រ្តីរាជការផងដែរនោះ ក៏តែងតែគោរពស្រលាញ់ជារឿយៗ។
លោកអភិបាលស្រុកតាំងគោកក៏បានបញ្ជាក់ដែរថា ចំពោះគ្រឿងឧបភោគបរិភោគ និងថវិកាទាំងនេះ លោកនឹងចាត់ចែងបន្តការចែកជូនដល់គ្រួសារប្រជាពលរដ្ឋដែលមានការខ្វះខាតជាបន្តបន្ទាប់ទៀត។
ពិសេសជាងនេះ រដ្ឋបាលស្រុកតាំងគោកពិតជាមានភាពរីករាយចំពោះការឧបត្ថម្ភរបស់សប្បុរសជន ទៅដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតទាំងឡាយ ខណៈសកម្មភាពចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ក៏នៅតែបន្តជាហូរហែឥតដាច់នោះដែរ៕