(ភ្នំពេញ)៖ បណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្ដ្រ អេស៊ីលីដា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ឲ្យដឹងថា តម្រូវការទីផ្សារការងារ ផ្នែកធនាគារ និងហិរញ្ញវត្ថុ នៅតែមានការពេញនិយម ដោយសារភាពរីកចម្រើន នៃវិស័យហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។
ការគូសបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិត ផុន ណារិន អញ្ជើញចូលរួមក្នុងពិធី ការពារនិក្ខេបបទកម្រិតថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១ ឆ្នាំ២០១៦-២០២០ នៅវិទ្យាស្ថាន ពាណិជ្ជសាស្ដ្រ អេស៊ីលីដា នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ។
បណ្ឌិត ផុន ណារិន បានបញ្ជាក់យ៉ាងដូច្នេះថា «តម្រូវការទីផ្សារការងារ លើមុខជំនាញផ្នែកធនាគារ និងហិរញ្ញវត្ថុ សម្រាប់បច្ចុប្បន្ន និងថ្ងៃអនាគត នៅតែពេញនិយម ដោយសារភាពរីកចម្រើន ក៏ដូចការលូតលាស់ នៃវិស័យហិរញ្ញវត្ថុ នៅក្នុងប្រទេស»។
បណ្ឌិត ផុន ណារិន បានឲ្យដឹងថា សម្រាប់នវានុវត្តន៍ថ្មី និងស្របពេលដែលប្រទេស ស្ថិតក្នុងបរិបទថ្មីនៃឧស្សាហកម្ម៤.០ ដែលជាការអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ បច្ចេកវិទ្យារូបវ័ន្ត និងបច្ចេកវិទ្យាឌីជីថលជាដើម ចំពោះនិស្សិតដែលសិក្សាជំនាញទាំងនេះ គឺអាចទៅបម្រើការងារនៅតាមអង្គភាព ឬមុខនាទីនៅក្នុងជួររដ្ឋាភិបាល -ល-។
ដើម្បីឆ្លើយតបនឹងតំរូវការកើនឡើង ក្នុងមុខជំនាញធនាគារ និងហិរញ្ញវត្ថុនេះ នាយកវិទ្យាស្ថានពាណិជ្ជសាស្ដ្រ អេស៊ីលីដា បានបញ្ជាក់ថា វិទ្យាស្ថាន អេស៊ីលីដា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្រៀនទាំងចំណេះដឹង និងចំណេះធ្វើ ដែលផ្តោតលើគុណភាព ជាចម្បងក្នុងការអប់រំ។
ជាមួយគ្នានេះ ក្រុមនិស្សិត ដែលទើបបញ្ចប់ការសិក្សា ក្នុងមុខជំនាញខាងលើនេះ បានលើកឡើងស្រដៀងគ្នាថា មូលហេតុដែលសិក្សាលើមុខវិជ្ជានេះ ដោយសារចំណង់ចំណូលចិត្ត ជាពិសេសមើលឃើញពីតម្រូវការទីផ្សារការងារ ខណៈដែលកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ផងនោះ។
ដោយមើលឃើញ ពីតម្រូវការធនធានមនុស្ស ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា នៅឆ្នាំ២០២១ ខាងមុខ គ្រោងពង្រីកការបង្រៀន បន្ថែមទៀតទៅដល់កម្រិតថ្នាក់អនុបណ្ឌិត ខណៈបច្ចុប្បន្នកំណើនអាជីវកម្ម និងក្រុមហ៊ុនមានកាន់តែច្រើនឡើង។
បើតាមបណ្ឌិត ផុន ណារិន បានបញ្ជាក់ថា ជាមធ្យមក្នុង១ឆ្នាំ វិទ្យាស្ថាន មាននិស្សិតកើនពី៤០០ ទៅ៥០០នាក់ ហើយរំពឹងថា រយៈពេល៥ឆ្នាំ ខាងមុខ វិទ្យាស្ថាន នឹងមានកំណើននិស្សិត ពី៨ពាន់ ទៅ១ម៉ឺននាក់ ខណៈបច្ចុប្បន្នវិទ្យាស្ថាន មាននិស្សិតសរុប១៣០០នាក់ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង៕