(កំពង់ធំ)៖ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ បានជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបក្នុងស្រុកទៅពិនិត្យមើលឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើឡើងចាប់ពីថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២០ និងបញ្ចប់ទៅវិញនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
ការជំរុញ និងអំពាវនាវរបស់ លោក លេង ផាលី ដល់ប្រជាពលរដ្ឋទៅចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតនេះ បានធ្វើឡើងក្នុងវេទិកា «សាធារណៈដើម្បីជួយដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់» នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់, មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរ និងឃុំទាំង៩ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ សរុបចំនួន៥៩នាក់។
ក្រៅពីជំរុញឲ្យប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះ និងពិនិត្យឈ្មោះ លោក លេង ផាលី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុគ្រប់, បាត់ ឬរហែកអត្តសញ្ញាណបណ្ណ អញ្ជើញទៅធ្វើឡើងវិញនៅតាមមូលដ្ឋានរៀងៗខ្លួន។
សូមបញ្ជាក់ថា វេទិកាសាធារណៈនេះ ធ្វើឡើងដើម្បីជួយដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ ជូនប្រជាពលរដ្ឋអោយបានល្អ ជាពិសេសគឺសេវាសាធារណ:ជូនប្រជាពលរដ្ឋ អោយមានប្រសិទ្ធិភាពថែមទៀត សំដៅអោយប្រជាពលរដ្ឋមានការជឿទុកចិត្ត និងគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។
បន្ទាប់ពីបញ្ចប់នៃវេទិកាសាធារណៈនេះ លោក លេង ផាលី ក៏បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ទាំងអស់ ចុះទៅពិនិត្យមើលការជួសជុលផ្លូវលំប្រវែង២៣គីឡូម៉ែត្រ ពីឃុំសុចិត្រទៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ជាការសំណូមពររបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានក្នុងការជួសជុល ដែលត្រូវចំណាយទឹកប្រាក់បណ្តោះអាសន្នប្រមាណ២៦លានរៀល។
ជាងនេះទៅទៀតនោះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ក៏មានគម្រោងទិញដីសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រមួយខ្នង ដែលត្រូវចំណាយទឹកប្រាក់៣០លានរៀល។
សូមជម្រាបថា លោក លេង ផាលី នាថ្ងៃដដែរក៏បានដឹកនាំកិច្ចប្រជុំស្តីពី «ការតាមដានគាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩» ព្រមទាំងចុះសួសុខទុក្ខ ចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ នៅឃុំមានរិទ្ធ ចំនួន៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករសែនក្រអូប១០០% ១ការ៉ុង ស្មើ ២៥គីឡូក្រាម, មី១កេសស្មើ ៣៦កញ្ចប់, ទឹកស៊ីអ៉ីវ ១យួរស្មើ៦ដប, ទឹកត្រី ១យួរស្មើ ៦ដប, ប៊ីចេង ១កញ្ចប់ ស្មើ ១គីឡូក្រាម, សាប៊ូ ២ដុំ ពូជសម្រាប់ដាំដំណាំចំនួន៥មុខ (ត្រឡាច,ត្រសក់ស្រូវ, ននោង, ស្ពៃ និង ល្ហុង) ថវិកាចំនួន ២ម៉ឺនរៀល និងមានការចែកថ្នាំពេទ្យផ្នែកជំងឺផ្លូវចិត្តចំនួន១៥០នាក់ ដែលបានចំណាយថវិកាសរុបចំនួន៣០លានរៀល៕