(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្សព្វផ្សាយពីកិច្ចសម្ភាស លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ក្រោយកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីដំណើរប្រព្រឹត្តទៅ និងលទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ និងបញ្ហាប្រឈមក្នុងដំណើរការចុះឈ្មោះបោះឆ្នោត។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។

រយៈពេល ៧ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានអ្នកចុះឈ្មោះបោះឆ្នោតថ្មី សរុបចំនួន ១០៤.៦៩១នាក់ ស្មើនឹង ៣៤.៨៥% អ្នកលុបចេញពីបញ្ជី មានចំនួន ៣៥.៧១០ នាក់ អ្នកកែតម្រូវទិន្នន័យ មានចំនួន ៣០.៣៦៣ នាក់ និងអ្នកផ្ទេរចូល មានចំនួន ២៩.៣៧៩នាក់។ នេះបើតាម គ.ជ.ប។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នេះ គឺជាលើកទី៥ នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ដែលជាប្រព័ន្ធទំនើប បើគិតចាប់តាំងពីឆ្នាំ២០១៦មក។

កម្មវិធីនេះ ទទួលបានតម្លាភាព ប្រសិទ្ធភាព និងមានផលវិជ្ជមាន ដូចខាងក្រោម៖

* ការធានានូវការដៅសម្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត ដែលមានតែមួយគត់ក្នុងបញ្ជីបោះឆ្នោត តាមរយៈការរក្សាទុកខ្ចៅដៃ រូបថត លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងអត្តលេខរបស់សាមីខ្លួន ក្នុងប្រព័ន្ធកុំព្យូទ័រ និងបញ្ជីបោះឆ្នោត
* ធានាថា អ្នកបោះឆ្នោតម្នាក់ៗមានឈ្មោះតែមួយគត់នៅក្នុងបញ្ជីបោះឆ្នោត
* ធានាថា គុណភាពនៃបញ្ជីបោះឆ្នោតមានសុក្រឹត្យភាព ភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព
* ងាយស្រួលក្នុងការស្វែងរកឈ្មោះ ទិន្នន័យ និងទីតាំងការិយាល័យរបស់អ្នកបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ គេហទំព័រ គ.ជ.ប ឬកម្មវិធីទូរស័ព្ទដៃ (Mobile App)
* ធ្វើឱ្យកាន់តែមានជំនឿទុកចិត្តលើប្រព័ន្ធបោះឆ្នោត និងលើ គ.ជ.ប៕

សូមទស្សនាកិច្ចសម្ភាសខាងក្រោម៖