(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ បានជួបសំណេះសំណាល និងប្រគល់ថវិកាឧបត្ថម្ភគោល នយោបាយ ជូនដល់មន្ត្រីនគររបាលចូលនិវត្តន៍ និងទទួលមរណភាពសរុប ៣៩នាក់។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរជាតិ ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ជានិច្ច អំពីសុខទុក្ខនិងការរស់នៅរបស់កងកម្លាំងនគររបាលជាតិរបស់យើង។
លោកឧត្តមសេនីយ៍ត្រីស្នងការ បានថ្លែងការកោតសរសើរចំពោះវិរះភាពដ៏អង់អាចក្លាហានរបស់មន្ត្រីនគរបាលចូលនិវត្តន៍ និងជាមន្ត្រីនគរបាលដែលទទួលមរណភាព ដែលកន្លងមកបានបូជាអស់ កម្លាំងកាយ កម្លាំងចិត្តចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងសង្គមជាតិ ស្របតាមទិសដៅរបស់អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលបានយ៉ាងល្អប្រសើរ។
ឆ្លើយតបនិងគុណបំណាច់ខាងលើដែលមិនអាចកាត់ថ្លៃបាននេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំប្រាក់ឧបត្ថម្ភគោលនយោបាយជាការលើកទឹកចិត្ត ដើម្បីឲ្យមន្ត្រីនគរបាលរបស់យើងដែល ចូលនិវត្តន៍ ពេលក្លាយជាប្រជាពលរដ្ឋធម្មតា មានឱកាសយកទៅប្រកបរបរផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើងថែមទៀត៕