(កណ្តាល)៖ មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ សំ តុលា បានបើកកិច្ចប្រជុំជាមួយកងកម្លាំងរបស់ខ្លួនដើម្បីពង្រឹង បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់តាមមូលដ្ឋាន កាន់តែល្អប្រសើរ ក្រោយមានករណីបាញ់ប្លន់ជាបន្តបន្ទាប់ នៅទឹកដីខេត្តមួយនេះ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ព្រមទាំងបាត់បងទ្រព្យសម្បត្តិជាច្រើនផងដែរ ។
មន្រ្តីអាវុធហត្ថខេត្តកណ្តាលបានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៦នេះ កិច្ចប្រជុំដែលធ្វើឡើងនៅល្ងាច ម្សិលមិញ នៅទីបញ្ជាការ អហខេត្ត ក្រោមវត្តមានលោកឧត្តមសេនីយ៍មេបញ្ជាការ គោលបំណង ត្រួតពិនិត្យការងារ ដកបទពិសោធន៍ និងពង្រឹងការងារ បង្ការ និងបង្ក្រាបបទល្មើស ពិសេសគ្រឿងញៀន ល្បែងសីុសងខុសច្បាប់ ព្រមទាំងប្លន់ ក្នុងមូលដ្ឋានខេត្តកណ្តាល។
កិច្ចប្រជុំដែលមានការចូលរួមពីមេបញ្ជាការរង ប្រធានមន្ទីរ និងមេបញ្ជាការអាវុធហត្ថតាមបណ្តា ក្រុងស្រុកជាច្រើននាក់ លោកមេបញ្ជាការ បានប្រជុំផ្តោតសំខាន់ត្រួតពិនិត្យ និង សង្កត់ធ្ងន់លើការងារចុះអង្កេតស្រាវជ្រាវ បង្ការ បង្រា្កប បទល្មើស ពិសេសបទឧក្រិដ្ឋ របស់ជំនាញនិងក្រុងស្រុកពាក់ព័ន្ធ សំខាន់លើករណីប្លន់ប្រដាប់អាវុធ កន្លងទៅ និងត្រួតពិនិត្យចំណាត់ការជំនាញ ដើម្បីតាមវែកមុខសញ្ញាឲ្យបានទាន់ពេលវេលានិងទាន់ហេតុការណ៍។
លោកឧត្តមសេនីយ៍ សំ តុលា បានប្រាប់ទៅកងកម្លាំងទាំងអស់ ត្រូវរួមគ្នាដកបទពិសោធន៍ជំនាញនិងក្រុងស្រុកពាក់ព័ន្ធលើការងារ បង្ការបង្ក្រាប បទល្មើសកើតឡើងកន្លងទៅ ពិសេសបទល្មើសប្លន់ប្រដាប់អាវុធ ដើម្បីពង្រឹងបន្ថែមលើការងារ បង្ការ បង្រ្កាប ដែលបានកំពុងអនុវត្តន៍ ពិសេសលើករណីប្លន់ គោរពតាមបទបញ្ជានាយឧត្តមសេនីយ៍ សៅ សុខា មិនអនុញ្ញាតទុកឲ្យប្រជាពលរដ្ឋ ភ័យខ្លាចនោះទេ។
លោកមេបញ្ជាការក៏បានដាក់បទបញ្ជាបន្ថែមអោយមន្ទីរ ការិយាល័យជំនាញ និងមេបញ្ជាការមូលដ្ឋានក្រុងស្រុក១១ សហការជាមួយ ស្ថាប័នផ្សេងៗ ពិសេសជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងសន្យាផ្តល់រង្វាន់ដល់អ្នកផ្តល់ព័ត៌មាន ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យ ក្នុងករណីប្លន់មកផ្តន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថា មួយរយ:ពេលចុងក្រោយនេះ នៅទឹកដីខេត្តកណ្តាល មានករណីប្លន់ប្រដាប់អាវុធហត្ថកើតឡើង ជាបន្តបន្ទាប់ រហូតធ្វើឲ្យជនរងគ្រោះស្លាប់ និងរបួស ព្រមទាំងបាត់បង់ទ្រព្យសម្បត្តិអស់ជាច្រើនផងដែរ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ហើយជនល្មើសទាំងនោះភាគច្រើននៅមិនទាន់បានបង្ក្រាបនៅឡើយទេ៕