(បាតដំបង)៖ លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូ របស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការរៀបចំផ្ដល់ឥណទានឡើងវិញនៅក្នុងកំឡុងពេលនៃការរងផលប់ពាល់ពីវីរុសកូវីដ១៩មានសារសំខាន់និងផ្ដល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់អតិថិជន។
ការលើកឡើងរបស់លោក ម៉ែន ភក្តី ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលរៀបចំធ្វើនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែតុលាឆ្នាំ២០២០នេះ។
លោក ម៉ែន ភក្តី បានឲ្យដឹងថា ដោយមើលឃើញពីអត្ថប្រយោជន៍នៃ ការផ្ដល់ឥណទានឡើងវិញ សម្រាប់អតិថិជននៅក្នុងកំឡុងពេលកូវីដ១៩នេះ នៅពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំមួយស្ដីពី ឥណទានរៀបចំឡើងវិញក្នុងគោលបំណង ដើម្បីសម្រាលបន្ទុកដល់អ្នកខ្ចី ដែលកំពុងប្រឈមនិងនឹងការធ្លាក់ចុះប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូរទាង់សង។ ជាមួយនេះក៏ដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងកំឡុពេលកូវីដនេះផងដែរ។
លោកបានពន្យល់ថា អ្វីដែលជាអត្ថប្រយោន៍ដែលអតិថិជនទទួលបានទៀតនោះ គឺការផ្ដល់ជូនអតិថិជននូវភាពអនុគ្រោះផ្សេងៗមួយចំនួនដូចជា ការពន្យាលពេល និងបញ្ចុះអាត្រាការប្រាក់, ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន, ការពន្យារឥណប្រតិទាន(ពេលសង) និងការបន្ថែមឬការផ្ដាស់ប្ដូរអ្នកខ្ចីនិងអ្នកធានាជាដើម។
លោកបន្ដថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២០ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានធ្វើការរៀបចំឥណទានឡើងវិញ ដល់អតិថិជនដែលកំពុងជួបប្រទះការលំបាកដោយសារវីរុសកូវីដ១៩បានចំនួនជាង ២៨ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់ចំនួន៤,៤៣៦,៥១ លានដុល្លារអាមេរិក (១១,៩២% នៃសមតុល្យឥណទានសរុប)។
លោក គា បូរាណ ប្រធាក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា នៅក្នុងកាលៈទេសៈដ៏លំបាកបណ្តាលមកពីជំងឺកូវីដ១៩ សមាគមបានធ្វើការងារនេះយ៉ាងសកម្មជាមួយសមាជិក និងដៃគូពាក់ព័ន្ធនានា ជាពិសេសធនាគារជាតិនៃកម្ពុជា ដើម្បី ជួយដល់អតិថិជនដែលរងផលប៉ះពាល់នេះ។
លោកបន្ដថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២០ អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចំនួនជាង២៧ម៉ឺន៦ពាន់នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញ។ ក្នុងនោះអតិថិជនជិត២៦ម៉ឺននាក់ស្នើជាង៩៤% នៃអតិថិជនដែលបានស្នើសុំ បានទទួលការអនុញ្ញាតរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានសរុបចំនួន១,២៦០ លានដុល្លារ។
ក្នុងឱកាសនោះលោក ម៉ែន ភក្តី បានស្នើសុំដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាន់ពន្ធ័ទាំងអស់ចាំបាច់ត្រូវតែមានការដឹងយល់ឲ្យបានច្បាស់អំពីការងារ និងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់គាំទ្រ និងជួយប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីកុំឲ្យពួកគាត់ជាប់បំណុលវ័ណ្ឌករ និងរងការកេងប្រវ័ញ្ចនានា ពីក្រុមឈ្មួញ ឬអ្នកឲ្យខ្ចីបុលក្រៅផ្លូវការ៕