(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានច្រានចោលនូវព័ត៌មាន មិនត្រឹមត្រូវរបស់ Facebook ឈ្មោះ Moha Share ដែលបានបង្ហោះវីដេអូ ពីការព្យាបាលជំងឺឈាមសស៊ីឈាមក្រហម ដោយប្រើម្ជុលចាក់ម្រាមបាតដៃច្របាច់យកឈាមចេញ។

ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុង នូវការចុះផ្សាយព័ត៌មានមិនពិត មិនត្រឹមត្រូវលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានគណនេយ្យឈ្មោះ Moha Share មានអាសយដ្ឋាននៅភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលបានផ្សាយព័ត៌មាន អំពីការព្យាបាលជំងឺឈាម សស៊ីឈាមក្រហមជាសះស្បើយ១០០% ដោយគ្រាន់តែយកម្ជុលចាក់ទៅលើម្រាមបាតដៃ ហើយច្របាច់យកឈាមចេញ»។

ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក និងជម្រាបជូនប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ថា ការព្យាបាលជំងឺឈាមសស៊ីឈាមក្រហម គឺតម្រូវឱ្យមានការព្យាបាល មួយតាមបែបវិទ្យាសាស្ត្រ បច្ចេកទេសពេទ្យ ដោយគ្រូពេទ្យដែលមានជំនាញត្រឹមត្រូវ មិនតម្រូវឱ្យធ្វើការព្យាបាល តាមបែបបុរាណណាមួយដែលមិនត្រឹមត្រូវ ដោយពុំមានការទទួលស្គាល់ពីក្រសួង សុខាភិបាលឡើយ។

នៅក្នុងសេចក្តីជូនដំណឹងនេះ បានឱ្យដឹងទៀតថា ក្រសួងសុខាភិបាលសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការព្យាបាល ជំងឺឈាមសស៊ីឈាម ក្រហមនេះ និងសូមឱ្យប្រជាពលរដ្ឋកុំជឿតាមការឃោសនា ភូតភរ កុហក បោកប្រាស់របស់គ្រូបុរាណដែលជាម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Moha Share បែបនេះ ព្រោះវាធ្វើឱ្យមានការចម្លង រោគយ៉ាងសាហាវបំផុត ដូចជាជំងឺអេដស៍ ជំងឺរលាកថ្លើមប្រភេទ B និងរលាកថ្លើម ប្រភេទ C ជាដើមពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតដោយមិនដឹងខ្លួនចូលទៅ ក្នុងរាង្គកាយរបស់មនុស្សយើង និងអាចធ្វើឱ្យបាត់បង់ទៅដល់អាយុជីវិតរបស់បងប្អូនតាមរយៈការចម្លងរោគនេះ។

ក្រសួងសុខាភិបាល សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចខេត្តស្វាយរៀង ចាត់វិធានការយ៉ាងតឹងរឹង និងម៉ឺងម៉ាត់បំផុតចំពោះគ្រូបុរាណដែលជាម្ចាស់គណនេយ្យ ហ្វេសប៊ុកឈ្មោះ Moha Share ទៅតាមផ្លូវច្បាប់ជាធរមាន៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖