(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើនការយកចិត្តទុកដាក់ និងដឹកនាំកម្លាំងត្រៀមចេញជួយសង្គ្រោះប្រជាពលរដ្ឋតាមភូមិសាស្ដ្រ ដែលទទួលខុសត្រូវឱ្យបានទាន់ពេលវេលា ពីគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងវាយប្រហារតាមបណ្តាខេត្តមួយចំនួន។
ការដាក់បទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៩ ខែតុលានេះ បានឱ្យដឹងយ៉ាងដូច្នេះថា «សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះទឹកជំនន់ ដែលបាននិងកំពុងកើតមាន នាពេលបច្ចុប្បន្ន ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដោយចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋតាមភូមិសាស្ត្រ ដែលទទួលខុសត្រូវឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ»។
គួរជម្រាបថា ដោយសារតែឥទ្ធិពលវិសម្ពាធទាប ដែលគ្របដណ្តប់លើប្រទេសកម្ពុជា កំពុងនាំឱ្យមានទឹកភ្លៀងវាយប្រហារធ្ងន់ធ្ងរ ដល់បណ្តាខេត្តភាគពាយព្យប្រទេស។ ទឹកដែលហូរធ្លាក់ពីជួរក្រវាញ បាននាំឱ្យជន់លិចធ្ងន់ធ្ងរនៅក្នុងតាមបណ្តាស្រុក និងក្រុងពោធិ៍សាត់ នៅល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ។
ក្នុងនាមជាកម្លាំងជួរមុខលើសមរភូមិគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម តែងតែតម្កល់ការសង្គ្រោះពលរដ្ឋពីគ្រោះមហន្តរាយនានា ជារឿងសំខាន់បំផុត។ នៅថ្ងៃទី០៩ ខែតុលានេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីភ្លាម លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រហោះទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យ និងដឹកនាំកម្លាំងប្រតិបត្តិការចម្រុះដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចក្រុងយ៉ាងធ្ងន់ធ្ងរ។
លោកទេសរដ្ឋមន្ត្រី គន់ គីម អមដំណើរដោយលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ដែលកំពុងដឹកនាំកម្លាំងពិនិត្យការជន់លិច ក្នុងក្រុងពោធិ៍សាត់ បានប្រាប់ Fresh News ថា តាមការព្យាករណ៍ទឹកក្រុងពោធិ៍សាត់អាចនឹងកន្លះម៉ែត្រថែមទៀត សម្រាប់យប់នេះ និងថ្ងៃស្អែក។ ការជន់នេះនឹងនាំ ឱ្យការលិចលង់កាន់តែខ្លាំង។
លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា កម្លាំងចម្រុះទាំងកម្លាំងប្រដាប់អាវុធ និងស៊ីវិលនៅក្នុងខេត្ត បាននិងកំពុងស្រាក់ដៃគ្នាធ្វើប្រតិបត្តិការរៀបចំខ្សាច់ទប់ទឹកពីស្ទឹងពោធិ៍សាត់ បញ្ចៀសការជន់លិចកាន់តែខ្លាំងក្នុងពោធិ៍សាត់។ បន្ថែមពីលើនោះ រូបលោកក៏បានណែនាំអាជ្ញាធរឱ្យរកទីទួលសុវត្ថិភាព ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋពេលទឹកជន់លិចខ្លាំងនៅយប់នេះផងដែរ។
បើតាមលោកទេសរដ្ឋមន្ត្រី មិនត្រឹមតែក្រុងពោធិ៍សាត់នោះទេ នៅស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងបណ្តាតំបន់មួយចំនួនទៀត ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ក៏បានរងការជន់លិចផងដែរ។
លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋកម្លាំងកងទ័ពគ្រប់កងពល និងមន្ត្រីរាជការស៊ីវិលនៅតាមតំបន់រងការជន់លិច បានចេញប្រតិបត្តិការព្រមៗគ្នាជម្លៀសប្រជាពលរដ្ឋ។ បន្ថែមពីលើនោះ ប្រព័ន្ធផ្តល់ដំណឹងពីគ្រោះមហន្តរាយ ១២៩៤ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជូនដំណឹងទៅកាន់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ដើម្បីត្រៀមខ្លួនទប់ទល់ជាមួយគ្រោះទឹកជំនន់។
បើតាមលោកទេសរដ្ឋមន្ត្រី គន់ គីម មកដល់ពេលនេះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមិនទាន់អាចវាយតម្លៃពីទំហំប៉ះពាល់នៃជំនន់ទឹកភ្លៀងនេះឡើយទេ៕